បទ”ស្នេហ៍​ឆ្លង​វេហា ”​មេឡូឌី​ថ្មី ​បង្ហាញ​ពី​សម្រស់​ខេត្ត​កំពត

បទ”ស្នេហ៍​ឆ្លង​វេហា ”​មេឡូឌី​ថ្មី ​បង្ហាញ​ពី​សម្រស់​ខេត្ត​កំពត

ចម្រៀង​មួយ​បទ​របស់​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត ជាមួយ​អ្នកស្រី ឌី សាវ៉េត “ស្នេហ៍​ឆ្លង​វេហា ” កាលពី​​អំឡុង​ឆ្នាំ ១៩៧០ ឥឡូវ​នេះ​ត្រូវ​ក្រុម​អ្នក​ស្រលាញ់​ចម្រៀង​សម័យ​មុន​លោក ប៊ុត ជំនិត បាន​យក​មក​ច្រៀង  Cover និង​សម្រួល​តន្ត្រី​ឡើង​វិញ។ នេះ​បើ​តាម​ការ​រៀបរាប់​ផ្ទាល់​ពី ប៊ុត ជំនិត ប្រាប់ Sabay ។

 

 

ប៊ុត ជំនិត គ្រាន់តែ​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​ស្ថានីយ​ទូរទស្សន៍​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ធម្មតា​មួយ​រូប​ប៉ុណ្ណោះ​ តែ​ព្រោះ​តែ​សេចក្ដី​ស្រលាញ់​ចម្រៀង​សម័យ​មុន​ដូចជា​របស់​លោកតា ស៊ិន ស៊ីសាមុត  និង​មើល​ឃើញ​ថា ​ខេត្ត​កំពត​ គឺជា​ទិសដៅ​ទេសចរណ៍​ពេញ​និយម​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទើប​លោក​​សរសេរ​ចេញ​ជា​សាច់រឿង​ទាក់ទង​នឹង​ទឹកដី​ល្បី​ធូរេន​ឆ្ងាញ់​នេះ​ឡើង ​ដើម្បី​ជា​ការ​ផ្សព្វផ្សាយ​ពី​ខេត្ត​ដ៏​ស្រស់​បំព្រង​មួយ​នេះ។

 

បទ”ស្នេហ៍​ឆ្លង​វេហា ”​មេឡូឌី​ថ្មី ​បង្ហាញ​ពី​សម្រស់​ខេត្ត​កំពត

 

​លោក​បន្ត​ថា​ ចម្រៀង​មួយ​បទ​នេះ ​មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​ល្អ​ឆើតឆាយ​នៃ​ខេត្ត​កំពត​ប៉ុណ្ណោះ​ទេ តែ​ទាំង​ជា​ការ​បង្ហាញ​ពី​អត្តចរិត ​ចិត្ត​ល្អ​ប្រពៃ​របស់​ជា​ប្រជាជន​ខ្មែរ​ដែល​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ​ទៀត​ផង។

 

ជំនិត ប្រាប់​ថា​ អ្នក​សម្រួល​តន្ត្រី​បទ ​”ស្នេហ៍​ឆ្លង​វេហា ” គឺ​លោក ថុល វឌ្ឍនៈ  ទើប​នឹង​បាន​បង្ហោះ​លើ Facebook ក៏​ដូចជា Channel Youtube ផ្ទាល់​ខ្លួន​របស់​លោក ហើយ​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ។

 

បុរស​ឈ្មោះ​ក្រៅ ណាធូ រូប​នេះ​ បាន​បន្ថែម​ទៀត​ថា ​លោក​នៅ​មាន​គម្រោង​ធ្វើ​ចម្រៀង​ជា​ប្រភេទ​សាច់​រឿង​នេះ​បន្ត និង​លើក​យក​ខេត្ត​មួយ​ចំនួន​ទៀត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ទេសភាព និង​កន្លែង​រមណីយដ្ឋាន​ស្អាត​ៗ​មក​បង្ហាញ​ជូន​បងប្អូន​ជន​រួម​ជាតិ​ទាំងអស់៕

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព និង​វីដេអូ៖ផ្ដល់ឲ្យ