កើត​មកជា​អ្នក​ក្រខុស​មែន​ទេ?


កើត​មកជា​អ្នក​ក្រខុស​មែន​ទេ?

ស្ថិត​ក្នុង​ជីវិត​ដែល​ធ្លាប់​មាន​ឪពុក​ជា​គ្រូពេទ្យ​ ដើរ​តួ​នាទី​ជា​សសរទ្រូង​យ៉ាង​សំខាន់​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ដល់​ទៅ៨នាក់​ខ្ញុំ​ជា​កូន​ទី៥ ពេលនោះ​ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី៣ធ្លាប់តែ​ចេញពី​រៀន​ប៉ា​ចូល​យក ប្រែ​មក​ជា ពេល​ចេញពី​រៀន​ត្រូវ​ដើរមក​ផ្ទះ​ចំងាយ២គីឡូម៉ែត្រ​ដោយ​ខ្លួន​ឯង។

 

កើត​មកជា​អ្នក​ក្រខុស​មែន​ទេ?

រូបតំណាង

ចាប់​តាំង​ពី​ពេល​ប៉ា​ចាក​ចេញ​ទៅជា​រាង​រហូត​ពី​ពួក​យើង​ទៅ​វា​ហាក់បីដូចជា​រដូវ​ក្ដៅ​ប្រែ​​មក​ជា​រដូវ​រងា ពេល​ថ្ងៃ​ប្រែ​​មក​ជា​ពេលយប់ ដែល​នៅសល់​សមាជិក​គ្រូ​សារ​ទាំង៧នាក់​សុទ្ធតែ​គ្មាន​ការងារ​ធ្វើ។ពូក​យើង​មានការ​រស់នៅ​ប៉ែ​ប​នេះ រាល់ថ្ងៃ​ម៉ែ​អោយ​បងប្រុស​ទៅ​បង់សំណាញ់​យក​ត្រី​មក​ស្ល។

 

ចំណែក​ពួក​ខ្ញុំ​គឺ​ខ្ជិល​ណាស់​ តែងតែ​ត្រូវ​រំពាត់​ពី​ពួកគាត់​ជា​រៀងរាល់​ថ្ងៃ យើង​តែងតែ​ទៅ​បេះ​ត្រកួន​ដែល​ដុះ​ក្នុង​ស្រះ​ក្រោយ​ផ្ទះ​យក​មក​ធ្វើ​ម្ហូប។ សឹង​តែ​រាល់ថ្ងៃ ថ្ងៃ​ណា​ក៏​ត្រកួន​គ្រប់​ពេល ឆា ស្ងោរ ជ្រក់ ត្រឡប់​ខ្លាញ់ ព្រោះ​អី​វា​បាន​មក​ដោយ​មិនបាច់​ចំណាយ​លុយ កម្រ​ណាស់​ដែល​បាន​ម្ហូប​ឆ្ងាញ់។

 

ពួក​យើង​តស៊ូ​ទាំង​អស់​គ្នា មិន​ដឺ​ង​ថា​ញើស​និង​ទឹក​ភ្នែក​ហូរ​អស់​ប៉ុន្មាន​​រយ​លីត្រ​ទេ ពួក​ខ្ញុំ​តូច​ៗ​ដើរ​ឃ្វាល​គោ​និង​ដើរ​ទូល​បន្លែ​លក់ មាន​មិត្តភ័ក្ដិ​ខ្លះ​មើលងាយ​ដៀល​ថា ពួក​ខ្ញុំ​ដឹក​គោ​អោយ​រហាម​តាម​ផ្លូវ។

 

ពួក​ខ្ញុំ​គិត​ថា​វា​ឡប់សតិ​ហើយ ដែល​វា​និយាយ​បែប​នេះ វា​ជា​ការងារ​របស់ខ្ញុំ ហើយ​មានតែ​ការងារ​សុចរិត​ហ្នឹង​ទេ​ដែល​ចិញ្ចឹម​ពួក​ខ្ញុំ​អោយ​រស់។ បងស្រី​កញ្ញា​គាត់​ស្លូត​ជាងគេ គាត់​មិនសូវ​ដែល​បាន​វាយ​ពួក​កម្ជិល​ខ្ញុំ​ទេ។

 

មាន​ពេល​មួយ​អ្នកភូមិ​គេ​យក​ខោអាវ​មក​លក់ បងស្រី​គាត់​ចង់បាន​សំលៀកបំពាក់​ថ្មី​ក៏​ទៅ​មើល ពេល​គាត់​លើក​អាវ​មើល​មិន​ទាន់​បាន​ស្រួលបួល​ផង ស្រាប់តែ មីង​ម្នាក់​ក៏​បញ្ចេញ​សំដី​មក​ថា «លើក​អាវ​គេ​មើល​មាន​លុយ​ទិញ​អត់?»។ ស្ដាប់​ហើយ​គាត់​ដាក់​អាវ​នោះ​ចុះ​ភ្លាម ហើយ​ដើរ​ត្រលប់​មក​ផ្ទះ​ជាមួយ​អារម្មណ៍​​ស្ងាត់​ស្រពោន ព្រោះ​គាត់​ស្លូត​ណាស់ គាត់​អន់ចិត្ត​នឹង​ពាក្យសំដី​ដែល​មីង​ម្នាក់​នោះ​និយាយ​មកកាន់​គាត់​ណាស់ តែ​ពាក្យសំដី​ទាំងនោះ​បាន​ធ្វើ​អោយ​ពួក​យើង​មានការ ប្ដេជ្ញា​ចិត្ត​ថា​ខ្លួន​នឹង​ខិតខំ​តស៊ូ​ដើម្បី​ជីវិត​ថ្លៃថ្លា​និង​ជៀស​ផុត​ពី​ការ​មើល​ងាយ។

 

ពេល​បងស្រី​រៀន​ថ្នាក់​ទី១២ ឆ្នាំ២០០១-២០០២ សម័យ​ប្រលង​គឺ​តឹង​ខ្លាំង​ណាស់។ នៅ​ពេល​ណា​ខ្ញុំ​មាន​ជម្លោះ​ជាមួយ​គាត់​ខ្ញុំ​តែងតែ​រក​ចំណុច​ខ្សោយ​គាត់ ដោយ​និយាយ​ដោយ​​កំហឹង​ ​មិនបាន​គិត ​នៃ​សញ្ជាតិ​ជា​ក្មេង​របស់ខ្ញុំ​ថា «សូម​អោយ​វា​ប្រលង​ធ្លាក់​ទៅ» ដែល​ធ្វើ​អោយ​គាត់​រឹតតែ​ខឹង​បន្ថែម។នៅ​ពេល​គាត់​ប្រលង បន្ទប់​គាត់​មានរឿង​កើតឡើង ហើយ​បន្ទប់​គាត់​ត្រូវ​បាន​គេ​ដាក់​អោយ​កែ​ពិសេស​ទៀត។ ក្រោយពេល​គាត់​លទ្ធផល​ហើយ គាត់​មិន​ហ៊ាន​ចូល​ផ្ទះ គាត់​ចូល​ផ្ទះ​ម៉ា គាត់​យំ​ខ្លាំង​ណាស់ ហើយ​និយាយ​មកកាន់​ពួក​យើង​ថា «តើ​វា​សម​នឹង​ចិត្ត​របស់​ពួក​ឯង​នៅ?»។

 

ពេលនោះ​អាណិត​បងស្រី​ណាស់​ពួក​យើង​ក៏​យំ​ទាំង​អស់​គ្នា។ តែ​ពេលនេះ​គាត់​បាន​ប្រលងស្វៃរិន​ជាប់​ហើយ​បាន​ក្លាយទៅជា​អ្នកគ្រូ​ម្នាក់​ផង​ដែរ។ ខ្ញុំ​ចូល​ថ្នាក់​ទី១២ ហើយ​មានការ​ប្រលង​ជ្រើសរើស​សិស្ស​ពូក​កែ ចិត្ត​ចង់​ណាស់​តែ​អត់​លុយ​ដាក់ពាក្យ ដោយ​មួយ​មុខ​ថ្លៃ៥០០០រៀល។

 

ពេល​មក​ដល់​ផ្ទះ​សួ​របង​កញ្ញា ព្រោះ​គាត់​ចិត្ត​ទូលាយ​ជាងគេ ប្រាប់​គាត់​ថា​ប្រលង៣មុខ គាត់​អោយមក ១៧ ០០០រៀល តែ​ដល់​ដាក់ពាក្យ​ខ្ញុំ​ដាក់​តែ២មុខ​ទេ ព្រោះ​កិប​លុយ​ដើម្បី​រៀន​សូត្រ​តែ​ប៉ុណ្ណោះ។លទ្ធផល​ចេញ​មក រូបវិទ្យា​ចំណាត់ថ្នាក់​លេខ​មួយ ខ្មែរ​ចំណាត់ថ្នាក់​លេខ​ពីរ បងស្រី​សួរ​ «ចុះ​គណិតវិទ្យា?»។ ពេលនោះ​ប្រាប់​គាត់​តាម​ត្រង់ ថា​អត់​ដាក់ពាក្យ​គណិត​ផង។គាត់​ខឹង​ហើយ​ទារក​លុយ​ឲ្យ​យក​មក​សង​គាត់​វិញ​ខ្ញុំ​ថា ព្រោះ​គណិតវិទ្យា​ខ្ញុំ​មិនដែល​បាន​រៀន​គួរ​ដូច​គេ​សិស្ស​ពូកែ​ផង គាត់​តប «ចុះ​អា​មុខ​វិទ្យា​ពីរ​ជាប់​ហ្នឹង​​ហ្អែង​ដែល​រៀន​គួរ​ម៉ោង​ពិសេស​ដូច​គេ​អត់ បើ​ហែង​ដឹង​ពី​លទ្ធផល​មុន​ចឹង គេ​ចាំបាច់​ធ្វើការ​ប្រលង​ធ្វើ​អី?»។

 

គាត់​និយាយ​ត្រូវ មនុស្ស​កុំ​មើលងាយ​នូវ​សមត្ថ​ភាព​របស់​ខ្លួន​ដែល​មាន បើ​មាន​ឱកាស​ត្រូវ​ក្ដោប​វា​អោយ​ជាប់​សម្រាប់​ជា​ធន​កសាង​ទៅ​ថ្ងៃមុខ។
ចប់​ទី១២ ខ្ញុំ​ជាប់​អាហារូបករណ៍​នៅ​សាលា​ភូមិន្ទ​ភ្នំពេញ ជីវិត​កម្សត់​រស់នៅ​ម្នាក់​ឯង​។ ជីវភាព​ក្រ​ខ្សត់​ទិញ​បាយ​ម្ហូប​នៅមុខ​រោងចក្រ ដូច​នេះ​ហើយ​គឺ​វា​ជំរុញ​អោយ​ខ្ញុំ​ត្រូវតែ ប្រលង​យក​អាហារូបករណ៍​ទៅ​បរទេស​អោយ​បាន ។

 

ពេល​ជាប់​ហើយ ក្រសួង​ត្រូវ​ការ​លុយ ៦០ដុល្លារ​យក​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន ត្រូវ​ទិញ​សំបុត្រ​​យន្តហោះ​ដោយ​ខ្លួន​ឯង។ បងស្រី​ចំណាយ​លុយ​ដែល​បាន​មកពី​ចំណងដៃ​ការ​គាត់​មក​ឧបត្ថម្ភ​ខ្ញុំ​ទាំងអស់ ព្រោះតែ​រឿង​នេះ​ធ្វើ​អោយ​គ្រួសារ​គាត់​មាន​បញ្ហា​ក៏​ព្រោះតែ​ខ្ញុំ តែ​គាត់​លាក់​ទុក​រឿង​នេះ។
ពេលនេះ​រដូវ​រងា​ត្រជាក់​ខ្លាំង​ណាស់​នៅ​ទីនេះ ខ្ញុំ​កំពុង​ចុះ​ស្តារ​នៅ​មន្ទីរពេទ្យ​មួយ ឆ្នាំក្រោយ​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ។

 

ខ្ញុំ​នឹង​កាន់​សញ្ញាប័ត្រ​ពេទ្យ​បង្ហាញ​អោយ​បងប្អូន​ខ្ញុំ​មើល។ បង​ប្អូន​ទោះ​បី​ជា​មាន​រឿង​អ្វី គឺ​យើង​ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា ស្រលាញ់​រាប់អាន​គ្នា។ ហើយ​ពេល​នេះ​បង​ៗ​និង​ប្អូនស្រី​ខ្ញុំ​ក្លាយ​ជា​គ្រូបង្រៀន លើកលែងតែ​បងស្រី​ម្នាក់​ជា​កង​រាជ​អាវុធ​ហត្ថ។ ម៉ែ​គឺជា​​វីរនារី​ដ៏​អស្ចារ្យ​បាន​ប្រៀនប្រដៅ​និង​ចិញ្ចឹម​​កូន​ទាំង​អស់​អោយ​ដើរ​តាម​គន្លង​ធម៌។សូម​អោយ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ជួយ​តាម​ថែរក្សា​ម្ដាយ​ និង​ពួក​គាត់​ផង។ ត្រូវ​តស៊ូ​ព្យាយាម​ដើម្បី​សម្រេច​គោលដៅ កុំ​ទាន់​បោះបង់​វា​ចោល បើ​សិន​អ្នក​មិនទាន់​បាន​សម្រេច​នូវ​គោលដៅ​របស់​អ្នក៕

 

អត្ថបទ៖ ដារ៉ា

 

មាន​រឿងរ៉ាវ​ចង់ចែករំលែក សូមផ្ញើមកកាន់ e-mail: [email protected]

[email protected]សព្ទមក​កាន់​លេខ ០១០ ៧០០ ៧២៧