អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ត្រៀម​បង្ហាញ​លទ្ធផល​រក​ឃើញ​ដំបូង

លោក សុខ ទូច អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ដែល​កាលពី​ឆ្នាំ​មុន​ទទួល​ភារកិច្ច​សិក្សា​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ជាប់​ប្រទេស​វៀតណាម បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​បាន​បញ្ចប់​ដំណាក់កាល​ដំបូង​នៃ​ការ​ចុះ​ទៅ​ពិនិត្យ​របស់​លោក និង​មាន​គម្រោង​​​​បង្ហាញ​លទ្ធផល​រក​ឃើញ​របស់​លោក​ដល់​សាធារណជន​នៅ​សប្តាហ៍​នេះ។

កាលពី​ខែ​កក្កដា អ្នក​ស្រាវជ្រាវ​រូប​នេះ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ដែល​មាន​សមាជិក​៩​នាក់​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ដែល​ការ​សិក្សា​ផែនទី​និង​បង្គោល​ព្រំដែន​របស់​ក្រុម​នេះ គឺ​​​សំដៅ​បញ្ចប់​ភាព​ចម្រូង​ចម្រាស​ផ្នែក​​​នយោបាយ​ដែល​ឡើង​កម្ដៅ​​​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន។

កាលពី​ថ្ងៃ​អាទិត្យ លោក សុខ ទូច បាន​មាន​ប្រសាសន៍​ថា ក្រុម​ស្រាវជ្រាវ​នេះ​បាន​បញ្ចប់​ការ​ស្រាវជ្រាវ​ឯកសារ​ព្រំដែន នៅ​ខេត្ត​កំពត ស្វាយរៀង កណ្តាល និង​ខេត្ត​ត្បូងឃ្មុំ។

នៅ​ពេល​ដែល​លោក​បដិសេធ​មិន​លម្អិត​ឲ្យ​ដឹង​លទ្ធផល​រក​ឃើញ លោក​បាន​មាន​ប្រសាសន៍​ថា បង្គោល​ព្រំដែន​ភាគច្រើន​ត្រូវ​បាន​បោះ​ចូល​បី​ម៉ែត្រ​ទៅ​ប្រាំ​ម៉ែត្រ​នៃ​ទីតាំង​ត្រឹមត្រូវ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​មើល​ឃើញ​ភាគច្រើន​នៃ​បង្គោល​ព្រំដែន​ដែល​ត្រូវ​បាន​បោះ​នៅ​ឆ្នាំ​១៩៨៥​និង​១៩៨៧ ស្ថិត​នៅ​ក្នុង​ទឹកដី​ខ្មែរ​យើង ហើយ​បង្គោល​ព្រំដែន​ដែល​ត្រូវ​បាន​បោះ​ក្នុង​[សម័យ]​អាណានិគម​បារាំង ត្រូវ​បាន​បោះ​ក្នុង​ដីខ្មែរ ហើយ​បង្គោល​មួយ​ចំនួន​ស្ថិត​ក្នុង​ទឹក​ដី​វៀតណាម មិន​ឆ្ងាយ​ណាស់​ណា​ទេ គឺ​​​​៣ម៉ែត្រ​ទៅ​៥ម៉ែត្រ​ប៉ុណ្ណោះ”។

ក្រុម​នេះ​បាន​រក​ឃើញ​បង្គោល​ព្រំដែន​តែ​មួយ​ប៉ុណ្ណោះ គឺ​បង្គោល​លេខ​៣១៤ ដែល​ស្ថិត​ក្នុង​ខេត្ត​កំពត ត្រូវ​បាន​បោះ​ក្នុង​ចម្ងាយ​ឆ្ងាយ​គួរសម​ពី​ព្រំដែន​ដែល​គេ​ស្គាល់ ស្ថិត​នៅ​ចម្ងាយ​៩៣​ម៉ែត្រ​ក្នុង​ទឹកដី​វៀតណាម។

លោក សុខ ទូច បាន​មាន​ប្រសាសន៍​ថា សន្និសីទ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​​​នេះ មាន​បំណង​បញ្ចប់​កំហឹង​ជុំវិញ​បញ្ហា​ព្រំដែន ដែល​បាន​ក្លាយ​ជា​ចំណុច​ក្តៅ​គគុក​​​ផ្នែក​​​នយោបាយ​កាលពី​ឆ្នាំមុន។ កាលពី​ខែ​កញ្ញា បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ព្រោះ​បាន​គំរាម​សម្លាប់​លោក សុខ ទូច តាម​សារ​ហ្វេសប៊ុក។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ប្រជាជន​បាន​ចោទ​ខ្ញុំ​ថា​​​ជា​អ្នក​ស្រាវជ្រាវ​លក់​ក្បាល​ឲ្យ ហ៊ុន សែន។ យើង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ​ដើម្បី​ពន្យល់​សាធារណជន​ឲ្យ​យល់​ច្បាស់​អំពី​ការពិត”។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជួយ​ក្នុង​កិច្ចការ​សិក្សា​ស្រាវជ្រាវ​នេះ បាន​បដិសេធ​មិន​និយាយ​ថា ខ្លួន​នឹង​ទទួល​យក​លទ្ធផល​រក​ឃើញ​នេះ​ទេ។ លោក យ៉ែម បញ្ញារិទ្ធ អ្នកនាំ​ពាក្យ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​សង្ឃឹម​ថា សន្និសីទ​នេះ​នឹង​បំភ្លឺ​អំពី​បញ្ហា​នានា​ទាក់ទិន​នឹង​ព្រំដែន។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ការ​បក​ស្រាយ​របស់​លោក សុខ ទូច គឺ​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​​​អ្នក​ផ្សេង​ទៀត​ក៏​មាន​សិទ្ធិ​និយាយ​អំពី​ព្រំដែន​ដែរ”៕និត

 

The post អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ត្រៀម​បង្ហាញ​លទ្ធផល​រក​ឃើញ​ដំបូង appeared first on ខេមបូឌា ដេលី.