ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រទេស​ភូមា​ថ្ងៃ​ទី​១ កុម្ភៈ ឆ្លង​ចូល​សករាជ​ថ្មី​មួយ​ជាមួយ​ការ​ចូល​កាន់​តំណែង​របស់​សភា​គ្របដណ្តប់​ដោយ​គណបក្ស​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដែល​នឹង​បង្កើត​រដ្ឋាភិបាល​ដំបូង​ចេញពី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ក្នុង​ប្រទេស​មួយ​កំណត់​ដោយ​ការ​ត្រួតត្រា​នៃ​របប​យោធា​រយៈពេល​ជា​ច្រើន​ទស​វត្ស ។

សុទ្ធតែ​ស្លៀកពាក់​ពណ៌​ទឹកក្រូច សមាជិក​សភា​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី លទ្ធិប្រជាធិបតេយ្យ NLD ទាំង​៣៩០​រូប បាន​មក​កាន់​សភា​ទាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១ កុម្ភៈ ដើម្បី​ចុះហត្ថលេខា​លើ​បញ្ជី​វត្តមាន​លើក​ដំបូង​របស់​ខ្លួន ។

បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ដាច់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សេរី​លើក​ដំបូង គណបក្ស NLD ទីបំផុត​បាន​ឡើង​កាន់​អំណាច ។

លោក WIN MYINT សមាជិក​សភា​គណបក្ស NLD បន្ទាប់​ពី​ត្រូវ​ជ្រើសតាំង​នា​ថ្ងៃ​ទី​១ កុម្ភៈ ជា​ប្រធាន​សភា​ថ្លែង​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​នយោបាយ​របស់​ភូមា​ដែល​យើង​មាន​មោទនភាព ។

ប្រទេស​ភូមា​ដែល​មាន​ប្រជាជន​៥១​លាន​នាក់ នៅ​តែ​ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​ក្នុង​តំបន់ ហើយ​កំពុង​មាន​ជម្លោះ​ជា​ច្រើន​នៅ​តាម​តំបន់​ព្រំដែន​របស់​ខ្លួន ។ ការ​អប់រំ​ក៏​ដូច​ជា​ខាង​សុខាភិបាល​សុទ្ធតែ​ជា​វិស័យ​យ៉ាប់យ៉ឺន ហើយ​៣០%​ប៉ុណ្ណោះ​នៃ​ប្រជាជន​របស់​ប្រទេស​មាន​អគ្គិសនី​ប្រើប្រាស់ ។

លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ពុំ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ណាមួយ​នា​ថ្ងៃ​ទី​១ កុម្ភៈ នោះ ក្នុង​សភា​ឡើយ ។ ភារកិច្ច​ដំបូង​របស់​សភា​នឹង​ជា​ការ​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស ។ ក្នុង​ស្ថានភាព​បច្ចុប្បន្ន លោកស្រី​ស៊ូ​ជី ពុំ​អាច​ឈរឈ្មោះ​ជា​ប្រធានាធិបតី​បាន​ទេ មក​ពី​មាត្រា​មួយ​នៃ​រដ្ឋធម្មនុញ្ញ​រារាំង​ចំពោះ​បណ្តា​អ្នក​ដែល​មានកូន​សញ្ជាតិ​បរទេស រួច​កូនប្រុស​ទាំង​២​នាក់​របស់​លោកស្រី​មាន​សញ្ជាតិ​អង់គ្លេស ។ សម្រាប់​ពេល​នេះ NLD នៅ​ពុំ​ទាន់​បញ្ជាក់​ថា​តើ​នរណា​ជា​បេក្ខជន​នៅឡើយ ។ ទោះបី​យ៉ាងណា លោកស្រី​ស៊ូ​ជី អាយុ​៧០​ឆ្នាំ តាំងពី​មុន​ពេល​បោះ​ឆ្នោត​បញ្ជាក់​ថា លោកស្រី​នឹង​មាន​អំណាច​លើ​ប្រធានាធិបតី ។

យោង​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ សម្រាប់​ការ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​សភា​ត្រូវ​ចែក​ជា​៣​ក្រុម គឺ​បណ្តា​សមាជិក​សភា​ជាន់ខ្ពស់ ឬ​ព្រឹទ្ធសភា បណ្តា​សមាជិក​សភា​ជាន់​ទាប និង​ក្រុម​សមាជិក​សភា​ជា​យោធា​ដែល​តែងតាំង​ពុំ​បាច់​ឆ្លងកាត់​ការ​បោះ​ឆ្នោត ។ ក្រុម​នីមួយ​ៗ​ស្នើ​បេក្ខជន​របស់​ខ្លួន រួច បន្ទាប់​មក​មានការ​បោះ​ឆ្នោត​ក្នុង​សម័យប្រជុំ​រួម៕