ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អង្គការ​សុខភាព​ពិភពលោក WHO កាលពី​ថ្ងៃ​ទី​១ កុម្ភៈ បាន​កោះ​ប្រជុំ​គណៈកម្មាធិការ​របស់​ខ្លួន​ជា​បន្ទាន់ ដើម្បី​កំណត់​ថា​តើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស ZIKA សង្ស័យ​បណ្តាល​ឱ្យ​ខួរក្បាល​កុមារ​រួម​តូច ឬ​មានការ​អភិវឌ្ឍន៍​ខ្សោយ​ជា​បញ្ហា​សុខភាព​សាធារណៈ​ពិភពលោក​បន្ទាន់​មួយ ឬ​យ៉ាងណា ។

កាលពី​ស​ប្តា​ហ៍​មុន WHO បាន​ព្រមាន​ថា វីរុស ZIKA ដែល​ឆ្លង​ដោយសារ​មូស​ខ្លាខាំ​ឆ្លង​រាលដាល​យ៉ាង​ឆាប់​ក្នុង​តំបន់​ទ្វីប​អា​េ​ម​រិ​ក ជាមួយ​មនុស្ស​ពី​៣​ទៅ​៤​លាន​នាក់​អាច​ឆ្លង​វីរុស​នោះ​ក្នុង​ឆ្នាំ​២០១៦ ។

នាយិកា WHO លោកស្រី​ម៉ា​ហ្គា​រេ​ត ចាន់ គូសបញ្ជាក់​ថា មាន​ទំនាក់ទំនង​រវាង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ និង​ការ​កើនឡើង​គួរ​ឱ្យ​សង្ស័យ​នៃ​កូនង៉ែត​ដែល​កើត​ជំងឺរលាកស្រោមខួរ​ក្បាល​ធ្វើ​ឱ្យ​ខួរក្បាល​រួម​តូច ទោះ​ពុំ​ទាន់​មានការ​បង្ហាញ​ជា​ស្ថាពរ​ក្តី ។

ប្រេ​ស៊ី​ល​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយ​វីរុស ZIKA ដែល​ចំនួន​អ្នក​ឆ្លង​មាន​ខ្ពស់​នៅ​ភាគ​ឦសាន​ប្រទេស ។ នៅ​ប្រទេស​កូ​ឡុំ​ប៊ី សាល់​វ៉ា​ឌ័​រ អេក្វាទ័រ ប្រេ​ស៊ី​ល ហ្សា​ម៉ា​អុ​ិ​ច និង​ព័រ​តូ​រី​កូ គេ​បាន​ណែនាំ​រួច​ហើយ​ដល់​បណ្តា​នារី​ចៀសវាង​កុំឱ្យ​មាន​ផ្ទៃពោះ បើ​ដរាបណា​ការ​ឆ្លង​រាលដាល​វីរុស ZIKA ពុំ​ទាន់​អាច​ត្រួតត្រា​បាន​ទេ​នោះ ។

នៅ​អឺរ៉ុប និង​នៅ​អា​េ​ម​រិ​ក​ខាងជើង​មាន​សេចក្តីរាយការណ៍​ពី​អ្នក​ឆ្លង​វីរុស ZIKA ជា​ច្រើន​សិប​នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​មក​ពី​សម្រាក​វិស្សមកាល ឬ​ត្រឡប់​មក​ពី​ធ្វើ​ដំណើរ​ជំនួញ​ក្នុង​បណ្តា​ប្រទេស​រង​ការ​ប៉ះពាល់ ។

នាយិកា WHO បាន​កោះ​ប្រជុំ​បន្ទាន់​នោះ​ជា​សម្ងាត់ ដើម្បី​សម្រេច​ថា​តើ​ការ​ឆ្លង​រាលដាល​ត្រូវ​ចាត់​ទុក​ថា​ជា​បញ្ហា​សុខភាព​សាធារណៈ បន្ទាន់​កម្រិត​អន្តរជាតិ ឬ​យ៉ាងណា ។ កិច្ចប្រជុំ​នេះ​មាន​រូបភាព​ជា​សន្និសីទ​តាម​ទូរស័ព្ទ​រវាង​បណ្តា​អ្នក​ទទួលខុសត្រូវ​របស់ WHO តំណាង​នៃ​បណ្តា​ប្រទេស​រង​ការ​ប៉ះពាល់ និង​បណ្តា​អ្នក​ជំនាញការ ។ បណ្តា​អ្នកចូលរួម​មិន​ត្រូវ​ប្រកាស​ពី​ឱ្យ​គេ​ដឹង​ពី​ការ​សម្រេចចិត្ត​យ៉ាង​ឆាប់​បំផុត​មុន​ថ្ងៃ​ទី​២ កុម្ភៈ ឡើយ ។ ការ​ប្រជុំ​ប្រភេទ​នោះ​កម្រ​មាន​ណាស់ ដែល​បែប​នេះ​ជា​ការ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់ WHO ចំពោះ​លទ្ធភាព​នៃ​ការ​ឆ្លង​រាលដាល​វីរុស​ក្នុង​កម្រិត​ពិភពលោក ៕