ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ​៖ ​អគ្គិភ័យ​បាន​​លេប​ត្របាក់​ផ្ទះ​ឈើ​១​ខ្នង​ប្រក់​ក្បឿង មាន​ទំហំ​៨ម៉ែត្រ ​គុណ​១០​ម៉ែត្រ​ ស្ថិត​នៅភូមិ​វ៉ា​រិ​ន្ទ​ទី​៣ ឃុំ​ខ្ចៅ ស្រុក​​កងមាស ​ដែល​ហេតុ​ការ​ណ៍​​នេះកើតឡើង​ កាលពី​​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី០​១ កុម្ភៈ ២០១៦ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់អ្នក​ភូមិ​ផង​​របង​​រាប់​សិប​នាក់​នាំ​គ្នា​ជួយ​ដងទឹក​​ពន្លត់ មិន​អាច​ទប់ទល់​បាន​នោះ​ ​​បណ្តាល​ឱ្យ​​ឆេះ​ខ្ទេច​​សល់​តែ​គ្រោង​ឆ្អឹង​ប៉ុណ្ណោះ ។

​ប្រភពឱ្យ​ដឹង​ថា នៅ​ពេល​មុន​​កើត​ហេតុ​ ស្ត្រី​មេម៉ាយ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ភា​ង ស៊ី​ម អាយុ​៦២​ឆ្នាំ បាន​ដាំបាយ​នឹង​​ចង្ក្រានហ្គាស​ ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ ជា​ហេតុ​បណ្តាល​ឱ្យ​​ផ្ទុះ​​​​​ឆាបឆេះ បង្ក​ជាអគ្គិ​​ភ័យ​យ៉ាង​សន្ធោ​​សន្ធៅ​ ស្របពេល​ដែល​អាកាសធាតុ​​ខែប្រាំង កំពុង​តែ​​ក្តៅ​នោះ ។

លោក​​វរ​សេនី​យ៍​ទោ សូ សា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កងមាស​​ឱ្យដឹង​ថា នៅ​ពេល​ដែល​ភ្លើង​​​ឆេះ​នោះ​ អ្នក​ភូមិ​ជា​ច្រើន​នាក់​ បាន​នាំ​គ្នា​ជួយ​ដឹង​ទឹក​ពាង​ទៅ​ជះ​ពន្លត់ និង​ខ្លះ​ទៀត​បាន​​បូមទឹកមក​បាញ់​ស្រោច​ទៅ​លើ​ផ្ទះ​នោះ  តែ​មិន​អាច​​ធ្វើ​ឱ្យ​​អំណាច​​ភ្លើង​​ថម​ថយ​ឡើយ ។ ​មិនតែប៉ុណ្ណោះ ស្ត្រី​មេម៉ាយ​​ជា​​ម្ចាស់ផ្ទះ​មាន​ស្មារតី​មិនសូវ​គ្រប់​ថែម​ទាំង ​បាន​យក​ព្រនង់​ដេញ​វាយ​លើ​អ្នក​​ដែល​ទៅជួយ​​​ពន្លត់ភ្លើង ។ ​ទោះជា​យ៉ាងណា​ក្តី  ត្រូវ​បាន​អ្នក​ភូមិ​រួម​នឹងសមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​ជួយ​អន្តរាគម​ន៍ ​មិនឱ្យ​​ស្ត្រី​រូប​នោះ​ បង្ក​ការ​​រំខាន​ដល់​អ្នក​ចូល​ទៅ​ជួយ​​ទេ  ។