១ខែ ដើមឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្ស ជិត២00នាក់ស្លាប់ និងរបួសជាង ៣00នាក់

ភ្នំពេញ៖ ត្រឹមរយៈពេល ១ខែ ដើមឆ្នាំ២០១៦ប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បានសម្លាប់ ប្រជាពលរដ្ឋខ្មែរ យ៉ាងហោចណាស់ក៏ជិត២រយនាក់ និងជាង ៣រយនាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

 យោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន ៣២៤លើក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥កន្លងទៅ ថយចុះ ៣០លើក ស្មើនឹង ៨ភាគរយ, ស្លាប់ចំនួន ១៨៨នាក់ កើនឡើង ៣៥នាក់ ស្មើនឹង ២៣ភាគរយ, របួសធ្ងន់ចំនួន ៣៣៨នាក់ ថយចុះ ១៣នាក់ ស្មើនឹង ៤ភាគរយ និងរបួសស្រាលចំនួន ២៩៩នាក់ កើនឡើង ៥៩នាក់ ស្មើនឹង ២៥ភាគរយ។

 មូលហេតុ ដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរក្នុងល្បឿងលឿនចំនួន ១៤៦លើក, បើកបរក្នុងស្ថានភាពស្រវឹង ៣៤លើក, ប្រជែងគ្រោះថ្នាក់ ៤៤លើក, មិនគោរពសិទ្ធិ ៣៦លើក, មិនប្រកាន់ស្តាំ ២៦លើក, បត់គ្រោះថ្នាក់ ២៦លើក និងកត្តាយានយន្តចំនួន ៧លើក។

 ខេត្តគ្រោះថ្នាក់ និងរងគ្រោះច្រើន រួមមាន ទី១. រាជធានីភ្នំពេញ កើតឡើងចំនួន ២៦លើក, ស្លាប់ ១៨នាក់, របួសសរុប ៣០នាក់, ទី២. ខេត្តបន្ទាយមានជ័យ ២២លើក, ស្លាប់ ១៥នាក់ និងរបួស ៥៣នាក់, ទី៣. ខេត្តកំពង់ស្ពឺ ២២លើក, ស្លាប់ ២១នាក់ និងរបួស ៩២នាក់, ទី៤. ខេត្តពោធិ៍សាត់ ២១លើក, ស្លាប់ ១៩នាក់ និងរបួស៥១នាក់, ទី៥. ខេត្តកំពង់ធំ ១៩លើក, ស្លាប់ ១១នាក់ និងរបួស ២០នាក់, ទី៦. ខេត្តកណ្តាល ១៦លើក, ស្លាប់ ១៣នាក់ របួស ១២នាក់ និងរបួស១២នាក់, និងទី៧. ខេត្តព្រៃវែង ១៥លើក, ស្លាប់ ១៥នាក់ និងរបួស ២០នាក់។

 លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ឆ្នាំនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ជាក្រុមៗ កើតឡើង ច្រើន ដូច្នេះ ចំនួនអ្នកស្លាប់ និងរបួសមានការកើនឡើង។ បញ្ហាមួយទៀត ការអនុវត្តច្បាប់ចរាចរណ៍ នៅកម្ពុជាមិន ទាន់បានទូលំទូលាយ ពេញលេញនៅឡើយទេ គឺថានៅកន្លែងខ្លះអនុវត្តន៍បានខ្លាំង និងកន្លែងខ្លះទៀតអនុវត្តន៍មិនទាន់ខ្លាំងទេ។

 លោកបានបន្តថា “ការអនុវត្តរឿងស្រវឹង រឿងល្បឿនអី គឺយើងឃើញថាត្រឹមតែចាប់ផ្តើមអនុវត្តន៍ នឹងប្រហែល ជាង ១សប្តាហ៍មុន ហើយនេះក៏ជាបញ្ហានាំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ដែរ...។ កត្តាអនុវត្តន៍ច្បាប់ទៅលើពាក់មួកសុវត្ថិភាពនេះ យើងឃើញថានៅមិនទាន់បាន ១រយភាគរយដែរ ទោះបីជាយើង មានការអនុវត្តនៅតាមផ្លូវសំខាន់ៗមួយចំនួន ប៉ុន្តែបើយើងពិនិត្យមើលនៅក្នុងរាជធានីភ្នំពេញ កម្រិតនៃការពាក់ មួកទាំង អ្នកបើកបរ និងអ្នករួមដំណើរគឺមានកម្រិតមែនទែន ហើយពេលយប់មានស្ថានភាពកម្រិត នៃការពាក់មួយកាន់តែតិចមែនទែន”។

 ក្នុងនាមអង្គការសង្គមស៊ីវិលធ្វើការងារទាក់ទងនឹងច្បាប់ចរាចរណ៍ លោក គឹម បញ្ញា បានអំពាវនាវ និងជំរុញ បន្ថែមទៅកាន់នគរបាលចរាចរណ៍ ក៏ដូចជាមន្ត្រីអនុវត្តន៍ចរាចរណ៍ ពង្រឹងការអនុវត្តច្បាប់ឲ្យបានខ្លាំងក្លា ជាពិសេសកត្តាហានិភ័យដែលបង្កឲ្យមានការស្លាប់ និងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។

ដោយឡែក ការងារត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងខែមករា បានមធ្យោបាយចូលគោលដៅចំនួន ៩៨៨.២៥៧គ្រឿង (ម៉ូតូ ៦០ភាគរយ), យានយន្តល្មើសចំនួន ២១៥.១៥២គ្រឿង (ម៉ូតូ ៦២ភាគរយ), ធ្វើការអប់រំ ១០៣.៣៥៩គ្រឿង ស្មើនឹង ៤៨ភាគរយ និងធ្វើការផាកពិន័យចំនួន ១១១.៧៩៣គ្រឿង (បង់ប្រាក់ ៧៤ភាគរយ)៕

១ខែ ដើមឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្ស ជិត២00នាក់ស្លាប់ និងរបួសជាង ៣00នាក់