គ្រឿងញៀនកើនឡើង គ្រប់ប្រទេស ក្នុងពិភពលោក មិនមែនមាន តែកម្ពុជាទេ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា បញ្ហាគ្រឿងញៀនមានការកើន ឡើង នៅគ្រប់ប្រទេសក្នុង ពិភពលោកមិនមែនមានតែ នៅកម្ពុជានោះទេ។

លោក កែ គឹមយ៉ាន បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យ គ្រឿងញៀន ឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១ ខែកម្ភៈ ឆ្នាំ២០១៦ ថា “គ្រឿងញៀន មិនមែនតែកម្ពុជាទេ ទូទាំងពិភពលោក កន្លែងផលិតគ្រឿងញៀនក៏អត់ថយ។  អ្នកប្រើប្រាស់និយាយរួមក៏អត់ថយ អ្នកផលិតក៏អត់ថយ នេះជាចំណុចមួយ ការផលិតនិងឆ្លងកាត់ស្រុកយើង ពាក់ព័ន្ធតំបន់ត្រីកោណ ដែលនៅក្បែរយើង មានការហូរចូល ជាពិសេសតំបន់ស្ទឹងត្រែង  ព្រះវិហារ សំខាន់គឺភូមិសាស្ដ្រពីរកន្លែងហ្នឹង”។

លោកបន្តថា ចំណុច២កន្លែងនេះ ឃើញថា ការបង្ក្រោបមានបញ្ហា មួយចំនួនដែលជាចំណុចខ្វះខាត។ លោកបន្តថា ចំណែកកត្តា១ទៀត គឺជាបញ្ហាចំណាក់ស្រុក ដែលជាបញ្ហាមួយ នាំឲ្យមានការនាំចេញពីក្រៅប្រទេសចូលមកក្នុងស្រុក។

លោកបន្ថែមថា ការផ្សព្វផ្សាយហាមឃាត់ មិនឲ្យប្រើប្រាស់គ្រឿងញៀន មិនមែនធ្វើឡើងតែនៅកម្ពុជានោះទេ គឺនៅទូទាំងពិភពលោក ក៏ផ្សព្វផ្សាយផងដែរ។

សូមបញ្ចាក់ថា ឆ្នាំ ២០១៥ សមត្ថកិច្ចបានអនុវត្តន៍ ការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៣ ០៦១ករណី លើ១៣៣៧ករណី ធៀបឆ្នាំ២០១៤ កើនឡើង ១២៨,៩៤% , ក្នុងនោះឃាត់ខ្លួនមនុស្ស៧០០៨នាក់  ស្រី៨៥៣នាក់ លើ៣១៤២នាក់ នៃឆ្នាំ ២០១៤ កើនឡើង១២៣ ,០៤%៕

គ្រឿងញៀនកើនឡើង គ្រប់ប្រទេស ក្នុងពិភពលោក មិនមែនមាន តែកម្ពុជាទេ