គណៈកម្មាធិការជាតិ រៀបចំកិច្ចការព្រំដែន ឲ្យលោក សុខ ទូច ទទួលខុសត្រូវ ពាក្យសំដីខ្លួន ជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំកិច្ចការព្រំដែនកម្ពុជាបានឲ្យលោកបណ្ឌិត សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែន នៃរាជ្យបណ្ឌិតសភា ទទួលខុសត្រូវចំពោះករណីស្រាវជ្រាវរកឃើញថា វៀតណាមបានបោះបង្គោលព្រំដែន ចូលមកក្នុងទឹកដីកម្ពុជា ប្រមាណ ៥ម៉ែត្រ ទៅ៥០ម៉ែត្រ។

ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការជាតិ រៀបចំកិច្ចការព្រំដែនកម្ពុជា បានមានប្រសាសន៍ថា "ការលើកឡើងថា បោះចូលប៉ុន្មានម៉ែត្រ ទៅវៀតណាម មិនដឹងថា លោក សុខ ទូច យោងលើឯកសារ និងភស្តុតាងអ្វីនោះទេ ព្រោះខាងគណៈកម្មាធិការជាតិ រៀបចំកិច្ចការព្រំដែនកម្ពុជា ធ្វើការងារ យោងតាមផែនទីជាក់ស្តែង"។

លោកស្រីបានបន្តថា “ការងាររបស់លោកបណ្ឌិត សុខ ទូចផ្សេង ការងាររបស់ខ្ញុំផ្សេង អីចឹងបើលោកសុខ ទូច និយាយរឿងអី គាត់ត្រូវទទួលខុសត្រូវ អ្វីដែលគាត់និយាយ ខ្ញុំអត់ពាក់ព័ន្ធ នឹងមតិយោបល់របស់គាត់ ចង់អ្នកណា និយាយអីចេះតែនិយាយបានហើយ ប៉ុន្តែអ្នកហ្នឹងទទួលខុសត្រូវ លើអ្វីដែលយើងនិយាយ។ ចំពោះខ្ញុំ អត់ធ្វើការបកស្រាយ លើមតិយោបល់របស់លោក សុខ ទូចទេ ព្រោះខ្ញុំអត់ដឹង គាត់យោងលើអី វាស់អីរបៀបម៉េច? បានឃើញអីចឹងនោះ”។

លោកស្រី កុយ ពិសី បានបញ្ជាក់ថា បើអ្វីៗ ដែលក្រុមការងារគណៈកម្មាធិការជាតិ រៀបចំកិច្ចការព្រំដែនកម្ពុជា បាននិយាយនោះ គឺស្ថាប័នហ្នឹងជាទទួលខុសត្រូវ នូវអ្វីដែលនិយាយទាំងអស់នោះ។

យោងតាមការចេញផ្សាយពីវិទ្យុបារាំង បានដកស្រង់សម្តីរបស់ លោកបណ្ឌិត សុខ ទូច ដែលបានលើកឡើងថា ដោយផ្អែកលើផែនទីបោនខ្នាត ១/១០០.០០០ ជាគោល ក្រុមរបស់លោក បានរកឃើញបង្គោលព្រំដែនខ្មែរ ជាង ១ពាន់បង្គោល។ បង្គោលទាំងនោះចែកចេញជា ៣ប្រភេទ គឺបង្គោលសម័យបារាំង បង្គោលសម័យសាធារណរដ្ឋ ប្រជាមានិតកម្ពុជា និងបង្គោលដែលទើប នឹងបោះក្នុងសម័យបច្ចុប្បន្ន។ តាមរយៈបង្គោល សម័យសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ក្នុងឆ្នាំ ១៩៨៥-១៩៨៧ ក្រុមរបស់ក្រុមស្រាវជ្រាវបានរកឃើញថា វៀតណាមបានបោះបង្គោលព្រំដែន ចូលក្នុងទឹកដីកម្ពុជាចន្លោះពី ៥ម៉ែត្រ ទៅ៥០ម៉ែត្រ ចំណែកឯការបោះបង្គោល ក្នុងសម័យបច្ចុប្បន្ន ពុំមានចូលក្នុងទឹកដីខ្មែរនោះទេ៕

គណៈកម្មាធិការជាតិ រៀបចំកិច្ចការព្រំដែន ឲ្យលោក សុខ ទូច ទទួលខុសត្រូវ ពាក្យសំដីខ្លួន ជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម

គណៈកម្មាធិការជាតិ រៀបចំកិច្ចការព្រំដែន ឲ្យលោក សុខ ទូច ទទួលខុសត្រូវ ពាក្យសំដីខ្លួន ជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម