ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ អ្នក​ភូមិ​រាប់​សិប​នាក់ ព្រមទាំង​អាជ្ញាធរ​ឃុំ​អ្នក​លឿង​ផង កាលពី​ព្រឹក​ថ្ងៃ​ទី​០១ កុម្ភៈ ២០១៦ បាន​លើកគ្នា​ទៅ​ធ្វើការ​រារាំង និង​ហាមឃាត់​ម្ចាស់ផ្ទះ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​អ្នក​លឿង ដែល​កំពុង​តែ​ធ្វើ​របង​បេតុង​បិទ​យក​ដី​ព្រែក ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់
ខ្លួន​។

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ដី​ព្រែក​នេះ មាន​ទទឹង​៤​ម៉ែត្រ និង​ចំណី​ព្រែក​សងខាង​២​ម៉ែត្រ​ទៀត សរុប​ទំហំ​៦​ម៉ែត្រ ហើយ​ត​ភ្ជាប់​ពី​ទន្លេមេគង្គ ចាក់​ចូល​ទៅ​ក្នុង​វាលទំនាប​ស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​អ្នក​លឿង​ប្រវែង​ជិត​៥០០​ម៉ែត្រ ប៉ុន្តែ​ពេល​នេះ ត្រូវ​ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ​មឿ​ន មិ​នា បាន​ធ្វើ​របង​បេតុង​បិទ​ជិត​ព្រែក​នេះ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​សុខចិត្ត ហើយ​នាំ​គ្នា​ប្តឹង​អាជ្ញាធ​ជួយ​អន្តរា​គម​បើក​ព្រែក​នេះ​វិញ ។

ប្រភព​ពី​អាជ្ញាធរ​ឃុំ​អ្នក​លឿង​ក៏​បានឱ្យ​ដឹង​ថា ទីតាំង​នេះ ពិតជា​មាន​ព្រែក​មែន ហើយ​ខាង​អាជ្ញាធរ​ធ្លាប់​បាន​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​នោះ​ហើយ ថា​កុំ​ធ្វើ​របង​បិទ​យក​ព្រែក ត្រូវ​រក្សា​ព្រែក​ទុកជា​សម្បត្តិ​សាធារណៈ ប៉ុន្តែ​ម្ចាស់ផ្ទះ​នោះ មិន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ ហើយ នៅ​តែ​ធ្វើ​បំពាន​ទៀត ទើប​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ចុះ​ទៅ​ហាមឃាត់​បែប​នេះ ។