របប​សឹក​ថៃ​បន្ត​រឹតបន្តឹង​ការប្រើប្រាស់ Facebook និង Line

​របប​សឹក​ថៃ​បាន​ចាត់វិធានការ​រឹតបន្តឹង​ការប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ជាពិសេស​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព Facebook និង Line ដោយបាន​បញ្ជា​ក្រុមហ៊ុន​ទាំងពីរ​លុបចោល​មាតិកា (Content) ដែល​ប៉ះពាល់​ដល់​ប្រទេស​ថៃ​។ រដ្ឋាភិបាល​ថៃ​បាន​ក៏​ហៅ​តំណាង​ក្រុមហ៊ុន​ទាំងពីរ ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ថៃ Bangkok Post​។​

​របប​យោធា​ថៃ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​បន្ត​រឹតបន្តឹង​ការប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ជាពិសេស​បណ្ដាញ​សង្គម​ដែល​កំពុងមាន​ប្រជាប្រិយភាព​នៅ​ថៃ​។ រដ្ឋាភិបាលយោធា​ថៃ ​នឹង​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន Facebook និង Line ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​នេះ​ អនុវត្តន៍តាម​ការសម្រេច​របស់​តុលាការ ដែល​បញ្ជា​ឲ្យ​លុបចោល​មាតិកា (Content) ដែល​ប៉ះពាល់​ដល់​សន្តិសុខ ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ 

​ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ​ថៃ (NRSA) ដែល​ត្រូវបានតែងតាំង​ដោយ​យោធា​ថៃ នឹង​ជួប​តំណាង​ក្រុមហ៊ុន​ទាំងពីរ នៅ​បី​ខែ​ខាងមុខ​។ ពោលគឺ​ក្រោយ​រដ្ឋាភិបាលយោធា​បានទទួល​បញ្ជា​ពី​តុលាការ​ ដើម្បី​លុបចោល​មាតិកា​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ប្រទេសជាតិ​ និង​របបរាជានិយម​ថៃ ក៏ដូចជា​សន្តិភាព ​និង​សណ្ដាប់ធ្នាប់​ផងដែរ​។

​យ៉ាងណាក្ដី នេះ​មិនមែនជា​លើកទីមួយ​នោះទេ​ ដែល​ក្រុម​យោធា​កាន់អំណាច ចេញ​វិធានការ​ទប់ស្កាត់​ និង​រឹតបន្តឹង​សេរីភាព​អ៊ី​ន​ធឺ​ណែ​ត​។ រដ្ឋាភិបាល​ថៃ​របស់​នាយករដ្ឋមន្ត្រី ច័ន្ទ​អូ​ចា តែងតែ​ចាត់វិធានការ​ទាំងឡាយ​ណា​ ប្រឆាំង​រាល់​សកម្មភាព​ដែល​ខ្លួន​ចាត់ទុកថា ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ និង​ស្ថាប័ន​ព្រះមហាក្សត្រ ​ដ៏​មាន​ឥទ្ធិពល​។ ​នៅ​ថ្ងៃទី​២២ ខែមករា​កន្លងមក ក្រុម​យោធា​ក៏បាន​ស្នើ​ទៅកាន់​ក្រុមហ៊ុន Google ឲ្យ​លុប​មាតិកា​ដែល​ចាត់​ថា​មិន​ត្រឹមត្រូវ​ និង​ត្រូវបាន​បង្ហោះ​លើ YouTube ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​ផង​។  

​ចាប់តាំងពី​ឡើងកាន់​អំណាច ​តាមរយៈ​រដ្ឋប្រហារ​កាល​ពី​ចុង ខែ​ឧសភា ឆ្នាំ​២០១៤ ក្រុម​យោធា​ថៃ​ បាន​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​យ៉ាងខ្លាំង ជាពិសេស​ប្រព័ន្ធ​អន​ឡាញ ដោយ​ប្រើ​លេស​ការពារ​សន្តិសុខ​ និង​ការការពារ​មុខមាត់​ស្ថាប័ន​ព្រះមហាក្សត្រ​។ ក្នុងនោះគេហទំព័រជាច្រើន​ ត្រូវបាន​បិទ​ដោយ​ចោទថា​ខុសច្បាប់​ ឬ​មាន​អត្ថន័យ​ប៉ះពាល់​ដល់​កិត្តិនាម​ស្ដេច​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​