ជប៉ុនគាំទ្រអាម៉េរិក ដែលបញ្ជូន នាវាពិជឃាត ទៅកោះទ្រីតុន សមុទ្រចិនខាងត្បូង

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានបង្ហាញពីការគាំទ្រ ចំពោះសេចក្ដីសម្រេច របស់អាមេរិក ដែលបញ្ជូននាវាពិជឃាត ឆ្លងកាត់សមុទ្រចិនខាងត្បូង ក្រោមការកាន់កាប់ ដោយចលនាលេបយកទឹកដី របស់ចិន នេះហៅថា “សេរីភាពនៃការធ្វើនាវាចរណ៍”។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីរបស់ អគ្គលេខាធិការ គណៈរដ្ឋមន្រ្តីជប៉ុនលោក យូស៊ីហ៊ីឌេ ស៊ូហ្គា ថ្លែងប្រាប់ក្រុមអ្នកសារ ព័ត៌មានបន្ដទៀតថា “វាពិតជាមាន សារៈសំខាន់ខ្លាំងណាស់ សម្រាប់សហគមន៍អន្ដរជាតិ ក្នុងការសហការគ្នា ដូចដែលកិច្ចការពារ ត្រូវបានចាប់ផ្ដើម” នេះជាការគាំទ្រយ៉ាងពេញទំហឹង របស់ជប៉ុនចំពោះ សកម្មភាពរបស់អាមេរិក ដែលបានបញ្ជូននាវា ទៅកាន់តំបន់នោះ។

យោងតាមអ្នកនាំពាក្យជាន់ខ្ពស់ របស់រដ្ឋាភិបាលជប៉ុន បានឲ្យដឹងទៀតថា កិច្ចគាំទ្រនេះបានធ្វើឡើង បន្ទាប់ពីនាវាពិជឃាតអាមេរិក ប្រភេទ Aegis បានធ្វើដំណើរទៅដល់ ដែនទឹកនៃកោះ ទ្រីតុន ចម្ងាយ ២២គីឡូម៉ែត ក្នុងតំបន់ប្រជុំ កោះប៉ារ៉ាសែល កាលពីថ្ងៃសៅរិ៍សប្ដាហ៍មុននេះ។

គួរបញ្ជាក់ថា កោះទ្រីតុន ជាកោះដែលប្រទេសចិន វៀតណាម និងតៃវ៉ាន់ ចង់បានបំផុត ហើយប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា កោះនេះ ត្រូវចិនគ្រប់គ្រងស្ទើតែទាំងស្រុងទៅហើយ នៅដើមឆ្នាំ២០១៦។ អាមេរិកបន្ថែមថា ចិនទំនងជាពង្រីក ការសាងសង់ កោះសិប្បនិម្មិត នៅតំបន់មានជម្លោះនេះបន្ថែមទៀត៕

ជប៉ុនគាំទ្រអាម៉េរិក ដែលបញ្ជូន នាវាពិជឃាត ទៅកោះទ្រីតុន សមុទ្រចិនខាងត្បូង