អាជ្ញាធរខេត្តផ្តល់ ប្រេងម៉ាស៊ូត ២ពាន់លីត្រ ដល់មេឃុំកោះពងសត្វ សម្រាប់បូមទឹកសង្គ្រោះ ស្រូវរាប់ពាន់ហិកតា ដែលប្រឈមស្កកស្វិត

បន្ទាយមានជ័យ៖ ស្រូវប្រាំងជាង ២ពាន់ហិកតា របស់ប្រជាពលរដ្ឋ នៅឃុំកោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងប្រឈម ស្កកស្វិត ដោយសារខ្វះទឹកស្រោចស្រប់ ដោយសារតែគ្មានភ្លៀង ស្រូវទាំងនោះអាច ប្រឈមការ ខូចខាតទាំងស្រុង បើគ្មានការអន្តរាគមន៍ ទាន់ពេលវេលាទេនោះ។ ឆ្លើយតបនិងបញ្ហានេះ នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦នេះ អាជ្ញាធរខេត្តបានផ្តល់ ប្រេងម៉ាស៊ូត ចំនួន២ពាន់លីត្រ ដើម្បីជួយស្រោចស្រប់ស្រូវ។

បើតាមសេចក្តីរាយការ នៅថ្ងៃទី១ ខែកុម្ភៈ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុម ការងារចុះជួយអន្តរាគមន៍ ជាបន្ទាន់ ដោយមានលោក សរ ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្ត លោកស្រី ចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ពន្ធ័មួយចំនួន បាននាំយកនូវប្រេងម៉ាស៊ូតចំនួន២០០០លីត្រ ទៅចែកជូនដល់លោកមេឃុំកោះពងសត្វ ដើម្បីទៅបូមទឹកដាក់ស្រែ ជូនដល់ពលរដ្ឋ ក្នុងសហគមន៍សង្គ្រោះស្រូវប្រាំង របស់ពួកគាត់ឲ្យបានទាន់ពេលវេលា។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការនាំយកប្រេងទៅចែកជូន ដើម្បីឲ្យពលរដ្ឋបូមទឹកដាក់ស្រែនេះ ប្រយោជន៍ គឺអាជ្ញាធរធ្វើឡើង ដើម្បីជួយសង្គ្រោះស្រូវពលរដ្ឋកុំឲ្យខូចខាត កាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ បើកាលណាពួកគាត់គ្មានអ្វីហូប ពលរដ្ឋប្រឈមការលំបាក អាចទៅស៊ីឈ្មួញស្រុកគេ ទាំងប្រថុយប្រថាន សកម្មភាពនេះ ក៏ជាការទប់ស្កាត់ចំណាកស្រុកឆ្លងដែនខុសច្បាប់មួយចំនួនធំផងដែរ។

លោកបានបញ្ជាក់ថា រយៈពេល ២ខែ កន្លងទៅនេះស្ទឹង បឹងបួរ ប្រឡាយតូចធំ ត្រូវបានរីងស្ងួតជាបន្ត បន្ទាប់ ធ្វើឲ្យពលរដ្ឋ ដែលធ្វើស្រែវស្សាមិនសូវបានផល ងាកធ្វើស្រូវប្រាំង បែជាប្រឈម ការគ្មានទឹកធ្វើស្រែទៅវិញ ។ មិនត្រឹមតែខ្វះទឹកស្រោចស្រប់ ការដាំដុះនោះទេ ពលរដ្ឋនៅតំបន់មួយចំនួន បាននឹងកំពុងប្រឈមខ្វះទឹកផឹក និងទឹកប្រើប្រាស់ ប្រចាំថ្ងៃផងដែរ ហើយបញ្ហានេះ គឺជាចំនុចកង្វង់ដ៏ធំ ដែលអាជ្ញាធរ កំពុងយកចិត្តទុកដាក់ ដោះស្រាយជូនពលរដ្ឋ៕

]

អាជ្ញាធរខេត្តផ្តល់ ប្រេងម៉ាស៊ូត ២ពាន់លីត្រ ដល់មេឃុំកោះពងសត្វ សម្រាប់បូមទឹកសង្គ្រោះ ស្រូវរាប់ពាន់ហិកតា ដែលប្រឈមស្កកស្វិត