ដើមឆ្នាំ២០១៦ សមត្ថកិច្ចត្រួតពិនិត្យ យានយន្តជិត ១០សែនគ្រឿង រកឃើញល្មើសច្បាប់ជាង ២សែនគ្រឿង

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០១៦ កម្លាំងនគរបាលចរាចរណ៍ ផ្លូវគោកបានចុះត្រួតពិនិត្យ យានយន្តសរុបចំនួន ៩៧២ ០៦៩គ្រឿង ក្នុងនោះមានម៉ូតូ ៦០% ហើយរកឃើញ យានយន្តល្មើសចំនួន ២១១ ២៥៧គ្រឿង ស្មើនឹង២១,៧% នៃយានយន្តត្រួតពិនិត្យសរុប។

យោងតាមរបាយការណ៍ បូកសរុបលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី ប្រចាំខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា "ក្នុងប្រតិបត្តិការត្រួតពិនិត្យ ការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី ក្នុងខែមករា ឆ្នាំ ២០១៦ អគ្គស្នងការដ្ឋាននគរបាលជាតិ បានខិតខំដឹកនាំកងកម្លាំង នគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសដោយធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ៩៧២ ០៦៩គ្រឿង (ម៉ូតូ៦០%) រកឃើញយានយន្ត ល្មើសចំនួន ២១១ ២៥៧គ្រឿង ស្មើ២១,៧% នៃយានយន្តត្រួតពិនិត្យ សរុបបានធ្វើការអប់រំចំនួន ១០១ ៥៣០គ្រឿង ស្មើនឹង ៤៨% បានធ្វើការផាក ពិន័យចំនួន ១០៩ ៧២៧គ្រឿង (រថយន្ត ៣៥% និងម៉ូតូ ៦៥%)ដោយអនុវត្តការបង់ប្រាក់ ពិន័យតាមស្នាក់ការ ដែលបានកំណត់ទទួលបាន ប្រាក់ពិន័យចំនួន ២ ០០៨ ៨៧៦ ០០០រៀល ស្មើនឹង ៧៣%"។

ក្នុងនោះផងដែរ សមត្ថកិច្ចបានឃាត់ទុក យានយន្តគ្មានស្លាកលេខ ចំនួន ៨០០គ្រឿង ក្នុងនោះមានរថយន្តចំនួន ១៣គ្រឿង និងម៉ូតូ ៧៨៧គ្រឿង នៅខេត្តចំនួន ១៤ ហើយបានប្រគល់ ជូនម្ចាស់ដើមវិញ និងបានណែនាំឲ្យ ចូលទៅបង់ពន្ធ និងធ្វើស្លាកលេខ ។

គួរកត់សម្គាល់ថា ក្នុងខែមករា ឆ្នាំ ២០១៦ ប្រជាពលរដ្ឋមានការ ភ្ញាក់រលឹកដោយបានយក យានយន្តទៅធ្វើស្លាក លេខសរុប ៥៩ ២៣១គ្រឿង (រថយន្ត៤៩០៧គ្រឿង និងម៉ូតូ៥៤ ៣២៧គ្រឿង ធ្វើប័ណ្ណបើកបរ ១៦ ៤៥៧នាក់ ,ឆៀកចំនួន ៣៦ ១៥១គ្រឿង ,ធ្វើប័ណ្ណអាជីវកម្ម ៧៣២៩គ្រឿង និងបានបង់ពន្ធ នាំចូលប្រមាណ ២៦៩៦គ្រឿង (រថយន្ត ១៨៤គ្រឿង និងម៉ូតូ ២៥១២គ្រឿង )។

បានជំរុញការត្រួតពិនិត្យ ល្បឿនរកឃើញល្មើសចំនួន ១០៦១គ្រឿង និងត្រួតពិនិត្យជាតិស្រវឹង រកឃើញល្មើសមានចំនួន ១៨៤៧នាក់ ស្មើ១៩% ក្នុងនោះបានបញ្ជូនទៅ តុលាការចំនួន៥៨នាក់ (រថយន្ត២០នាក់ ស្រី១នាក់ និងម៉ូតូ៣៨នាក់) ព្រមទាំងត្រៀមធ្វើការ ត្រួតពិនិត្យលិខិតស្នាម ចាប់ពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៦តទៅ៕

ដើមឆ្នាំ២០១៦ សមត្ថកិច្ចត្រួតពិនិត្យ យានយន្តជិត ១០សែនគ្រឿង រកឃើញល្មើសច្បាប់ជាង ២សែនគ្រឿង

ដើមឆ្នាំ២០១៦ សមត្ថកិច្ចត្រួតពិនិត្យ យានយន្តជិត ១០សែនគ្រឿង រកឃើញល្មើសច្បាប់ជាង ២សែនគ្រឿង