ក្រសួងយុត្តិធម៌​គ្រោង​រៀបចំ​សវនាការ​ចល័ត​តាម​ទីសាធារណៈ​ក្នុង​សំណុំរឿង​រសើប​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម

Doliprane TVC

​​ភ្នំពេញៈ​នា​ថ្ងៃ​ខាងមុខ​ក្រសួងយុត្តិធម៌​គ្រោង​នឹងមាន​ការរៀបចំ​ឱ្យមាន​ការបើក​សវនាកា​រ​ចល័ត​តាម​ទីសាធារណៈ​ឱ្យ​ពលរដ្ឋ​បានឃើញ និង ចូល​ទស្សនា​ដោយផ្ទាល់​នូវ​សំណុំរឿង​រសើប​ដែល​សាធារណៈជន​មានការ​ចាប់អារម្មណ៍​ក៏ដូចជា​មានការ​តាមដាន​ផងដែរ ។

បញ្ជាក់ប្រាប់​អ្នក​សារពត៌មាន​នៅ​ទីស្តីការក្រសួង​យុត្តិធម៌​នា​រសៀល​ថ្ងៃទី ២៨ ខែមករា កន្លងមក លោក​ជិន​ម៉ា​លីន​បាន​មានប្រសាសន៍ថា​ដើម្បី​ធ្វើការ​កែទម្រង់​នៃ​ប្រព័ន្ធយុត្តិធម៌​ឱ្យ​ពលរដ្ឋ​បានឃើញ​ច្បាស់​ហើយ​បាន​សិក្សា​ស្វែងយល់​ផង​នោះ​ទើប​ក្រសួងយុត្តិធម៌​គ្រោង​នឹង​បើក​ឱ្យមាន​ការធ្វើ​សវនាការ​ចល័ត​តាម​ទីសាធារណៈ​ឡើង​តែម្តង​។ លោក​បាន​បន្ថែមថា​ចំពោះ​រឿង​រាវ​ដែល​គេ​ត្រូវ​លើកយក​មក​ធ្វើការ​កាត់ក្តី​នៅ​ទីសាធារណៈ​នេះ​ចាំបាច់​ត្រូវតែ​ជា​រឿង​​ធំៗ និង រសើប​ដើម្បីឱ្យ​សាធារណៈជន​បានឃើញ និង យល់​ពី​ការ​ដំណើរការ​កាត់ក្តី ក៏ដូចជា​បាន​ស្វែងយល់​បញ្ហា​ប្រព័ន្ធយុត្តិធម៌​កម្ពុជា ។

ការធ្វើ​បែបនេះ​ដើម្បី​បង្ហាញ​ពី​ភាពជាក់ស្តែង និង ពលរដ្ឋ​អាច​ទទួលយកបាន​ទាំងអស់គ្នា ។ លោក​បាន​បញ្ជាក់ដែរថា​”​តាម​ធម្មតា​សវនាការ​គេ​តែង​ធ្វើ​នៅក្នុង​តុលាការ ប៉ុន្តែ​នៅក្នុង​តុលាកា​នីមួយៗ​មិន​អាចឱ្យ​សាធារណៈជន​យើង​ចូល​មើល​គ្រប់គ្នា​បានទេ​ពីព្រោះថា​បន្ទប់​វា​តូច អញ្ចឹងទេ​យើង​(​ក្រសួងយុត្តិធម៌​)​នឹង​រើស​ក្តី​ណាមួយ ដែល​រសើប​ហើយ​សាធារណៈជន​មានការ​ចាប់អារម្មណ៍ បន្ទាប់​យើង​នឹង​រក​ទីតាំង​កន្លែង​ណាមួយ​ដែលមាន​បន្ទប់​ធំ​ផ្ទុក​មនុស្ស​បាន​ច្រើន ដើម្បី​ធ្វើការ​សម្រេច​ក្តី​រឿង​ហ្នឹង​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ចូលមក​មើល​បាន​ទាំងអស់គ្នា ។

ការធ្វើ​បែបនេះ​ដើម្បីឱ្យ​ពលរដ្ឋ​គាត់​បានដឹងថា​តុលា​ការធ្វើការងារ​បែបយ៉ាង​ម៉េច​ឬ​សម្រេច​ក្តី​យ៉ាងម៉េច​ជាដើម​” ។ ទោះបីយ៉ាងណា​លោក​ជិន​ម៉ា​លីន​បានលើកឡើង​ឱ្យដឹង​ដែរ​ថា​ការរៀបចំ​នៃ​ការធ្វើ​សវនាកា​ចល័ត​នេះ​គេ​មិនដឹងថា ​នឹង​ចេញ​ជា​រូបរាង​នៅពេលណា​នៅឡើយ​ទេ ។ ចំពោះ​ការរៀបចំ​កាត់ក្តី​ដែរ​គឺ​ធ្វើ​ដូចគ្នា​ក្នុង​ទី​សវនាការ​នៅតាម​តុលាការ​នីមួយៗ​ទាំងអស់​គ្រាន់តែ​ផ្លាស់ប្តូរ​មក​កន្លែង​ទីសាធារណៈ​ដើម្បីឱ្យ​ពលរដ្ឋ​ជាច្រើន​បាន​ចូល​មើល​ដោយផ្ទាល់​តែប៉ុណ្ណោះ ។​ ​លោក​ថា​”​តុលាកា​ចល័ត​នេះ​គេ​នឹងធ្វើ​នៅតាម​ដំបន់​ណាមួយ​ហើយ​ប្រកាស​ឱ្យ​សាធារណៈជន​បានដឹង​ដើម្បី​គាត់​បាន​​ចូល​ទស្សនា ។

ការធ្វើ​នេះដែរ​គេ​នឹង​ផ្លាស់ប្តូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ដើម្បី​ពលរដ្ឋ​គ្រប់កន្លែង​បាន​ចូល​មើល និង ក៏ដូចជា​សិក្សា​ស្វែងយល់​” ។ អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​បន្ថែមថា ក្រៅពី​មានការ​បើកសវនាការ​ចល័ត​នេះ​ក្រសួងយុត្តិធម៌​នឹង​រៀបចំ​ក្រុមអ្នកច្បាប់​សម្រាប់​ឆ្លើយតប​ចំពោះ​ចម្ងល់​សាធារណៈ​ជុំវិញ​បញ្ហា​ច្បាប់​ក៏ដូចជា​ចម្ងល់​ការ​កាត់​ក្តៅ​របស់​តុលាកា​ផងដែរ​ក្នុងនេះ​មានដូចជា​ការកាត់ក្តី​ដូចជា​ហេតុអ្វី​ភាគី​មួយ​ឈ្នះ ឯ​ភាគី​ណាមួយ​ចាញ់​ជាដើម ។

ចំពោះ​ការធ្វើ​បែបនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​ប្រជាពលរដ្ឋ​រិះគន់​ដល់​ប្រព័ន្ធយុត្តិធម៌​នា​កន្លងមកហើយ​ក្នុងនេះ ដោយ​ឱ្យ​ក្រុមអ្នកច្បាប់​ធ្វើការ​ពន្យល់​សំដៅ​យ៉ាងណា​ឱ្យ​ពួកគាត់​បាន​យល់​ពី​ប្រព័ន្ធ​ច្បាប់​ក្នុងការ​កាត់ក្តី​របស់​តុលាការ ។​ ​លោក​បានលើកឡើង​ផង​ថា ចំពោះ​ការឆ្លើយតប​ចម្ងល់​នេះ​ក្រសួង​នឹងធ្វើ​តាម​គ្រប់​ប្រព័ន្ធ​ទាំងអស់​ក្នុងនេះ​មានដូចជា
​តាមរយៈ​សារ​ប្រព័ន្ធ​អេឡិចត្រូនិក ហ្វេ​ស​ហ៊ុ​ក ឬក៏​វេ​ប​សាយ​ជាដើម ។

មិន​ដូច្នេះ​ទេ​ពួកគាត់​អាច​មកជួប​ដោយផ្ទាល់​ជាមួយ​ក្រុមការងារ​ដើម្បីឱ្យ​អ្នកច្បាប់​ធ្វើការ​ឆ្លើយបំភ្លឺ និង ពន្យល់​ទៅវិញ ។ ក្រៅពីនេះ​ប្រជាពលរដ្ឋ​មិន​ត្រឹម​អាច​ប្រឹក្សា​ផ្នែក​កាត់ក្តី​ទេ​សូម្បីតែ​បញ្ហា​ច្បាប់​ដូចជា បញ្ហា​អាពាហ៍ពិពាហ៍​,​បញ្ហា​បទល្មើស​ជាដើម​ក៏​អាច​សាកសួរ ហើយ​ក្រុមអ្នកច្បាប់​នឹងធ្វើ​ការឆ្លើយតប​តាម​ប្រព័ន្ធ​ខាងលើនេះ​ដូចគ្នា ៕​ដេប៉ូ​