មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​ដែល​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥត​គិត​ថ្លៃ​ប្រារព្ធ​ខួប​១៧​ឆ្នាំ

មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខេត្ត​សៀមរាប បាន​ជួយ​វះ​កាត់​បេះដូង និង​ព្យាបាល​ជំងឺ​កុមារ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​ប្រមាណ​ពី ៥០០​នាក់​ទៅ ៦០០​នាក់​ក្នុង​មួយ​ថ្ងៃៗ។ មន្ទីរពេទ្យ​នេះ បាន​សាងសង់​ដោយ​អ្នក​ថត​រូប​ជនជាតិ​ជប៉ុន ម្នាក់ ដោយសារ​លោក​បាន​មើល​ឃើញ​ពី​ភាព​វេទនា​របស់​កុមារ​កម្ពុជា នៅ​ខណៈ​លោក​បាន​មក​ថត​រូប​ប្រាសាទ​អង្គរវត្ត កាល​ពី​ជាង ២០​ឆ្នាំ​មុន។

ក្រុម​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចម្រុះ​ជាតិ​សាសន៍ រួម​នឹង​គ្រូពេទ្យ​ខ្មែរ​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​ប្រារព្ធ​ខួប ១៧​ឆ្នាំ នៃ​ការ​បង្កើត​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ក្នុង​បំណង​បង្ហាញ​ពី​ការ​ប្រឹងប្រែង​រួម​គ្នា​លើ​បេសកកម្ម​ជួយ​ព្យាបាល និង​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត។

កម្មវិធី​ដែល​ប្រារព្ធ​នៅ​ឯ​អគារ​ឯកជន​មួយ​ឈ្មោះ អាប៉ូឡូ ផ្លាហ្សា (APOLO PLAZZA) ចាប់​តាំង​ពី​ពេល​ល្ងាច​រហូត​ដល់​យប់​ថ្ងៃ​ទី​៣០ ខែ​មករា គឺ​មាន​ម្ចាស់​ជំនួយ​បរទេស និង​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ខ្លះ បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ផង​ដែរ។

នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ គឺ​លោក ងួន ច័ន្ទភ័ក្ត្រា។ លោក​ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​ខួប ១៧​ឆ្នាំ​នៃ​ការ​បង្កើត​មន្ទីរពេទ្យ​នោះ​ថា មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប បាន​កសាង​ឡើង​កាល​ពី​ឆ្នាំ​១៩៩៩។ កាល​ណោះ មន្ទីរពេទ្យ​មាន​វេជ្ជបណ្ឌិត​បី​រូប គិលានុបដ្ឋាក ១០​រូប និង​បុគ្គលិក​ជំនួយការ​មួយ​ចំនួន​ទៀត ដើម្បី​ដំណើរ​ការ​ពិគ្រោះ​ជំងឺ​ក្រៅ​តែ​ប៉ុណ្ណោះ។ រយៈពេល ១៧​ឆ្នាំ​ក្រោយ​មក មន្ទីរពេទ្យ​កុមារ​អង្គរ បាន​រីក​ដុះ​ដាល​យ៉ាង​សកម្ម​ក្នុង​ការ​ទទួល​ពិគ្រោះ និង​ព្យាបាល​ជំងឺ​កុមារ​ខ្មែរ​ដោយ​មិន​គិត​ថ្លៃ និង​មាន​បុគ្គលិក​បម្រើ​ការ​ច្រើន​ជាង ៥០០​នាក់។ បច្ចុប្បន្ន មន្ទីរពេទ្យ​បាន​ទទួល​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ឲ្យ​កុមារ​ខ្មែរ​ពី ៥០០​នាក់​ទៅ ៦០០​នាក់​ក្នុង​មួយ​ថ្ងៃៗ៖ «គោល​បំណង និង​ទស្សនវិស័យ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ក៏ដូចជា​របស់ លោក ខេនរ៉ូ អ៊ីស៊ុ (Kenro Isu) ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​អង្គរ គឺ​ចង់​ឲ្យ​មន្ទីរពេទ្យ​នេះ​ក្លាយ​ជា​មន្ទីរពេទ្យ​មួយ​ខ្លាំង និង​ពេញ​ដោយ​សមត្ថភាព»

កាល​ពី​អំឡុង​ឆ្នាំ​១៩៩៣ អ្នក​ថត​រូប​ជនជាតិ​ជប៉ុន ម្នាក់ បាន​មក​ថត​រូប​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្ត​សៀមរាប ហើយ​បាន​មើល​ឃើញ​ភាព​វេទនា​របស់​កុមារ​ខ្មែរ ដែល​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ខ្លះ គឺ​អាច​ប្រឈម​មុខ​នឹង​បញ្ហា​គ្រោះថ្នាក់​ដល់​ជីវិត នៅ​ពេល​ដែល​មាន​ជំងឺ ហើយ​គ្មាន​ប្រាក់​យក​ទៅ​ឲ្យ​មន្ទីរពេទ្យ ដើម្បី​ចេញ​ថ្លៃ​ព្យាបាល​នោះ។ ដោយសារ​តែ​មើល​ឃើញ​ភាព​វេទនា​នេះ នៅ​ឆ្នាំ​១៩៩៩ ជនជាតិ​ជប៉ុន ម្នាក់​នោះ បាន​វិល​ត្រឡប់​មក​សង់​មន្ទីរពេទ្យ​មួយ​នៅ​ខេត្ត​សៀមរាប ឈ្មោះ​ថា មន្ទីរពេទ្យ​កុមារ​អង្គរ។ មន្ទីរពេទ្យ​នេះ បាន​ឲ្យ​និយមន័យ​ដ៏​មាន​តម្លៃ​របស់​ខ្លួន គឺ​ឈឺ​ឆ្អាល​ទៅ​លើ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ជំងឺ ព្រម​ទាំង​ស្ដាប់​នូវ​កង្វល់​របស់​គេ ហើយ​ជួយ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ទៅ​តាម​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅ​ក្នុង​គុណភាព​ព្យាបាល​ទៀត​សោត គឺ​មន្ទីរពេទ្យ​ប្រឹងប្រែង​យ៉ាង​ណា​ឲ្យ​ល្អ​បំផុត។

ពិនិត្យ​ជំងឺ​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ៦២០
គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប កំពុង​ពិនិត្យ​កុមារ​ដែល​មាន​បញ្ហា​បេះដូង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Hang Savyouth

បច្ចុប្បន្ន មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ក្រៅ​តែ​ពី​ទទួល​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ដល់​កុមារ​ដោយ​មិន​រើសអើង​ជាតិ​សាសន៍ និង​សាសនា ក៏​មាន​កម្មវិធី​ជួយ​វះ​កាត់ និង​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​បេះដូង ព្រម​ទាំង​មាន​ក្រុម​អប់រំ​សុខភាព​សហគមន៍ ចុះ​ទៅ​ធ្វើ​ការ​នៅ​តាម​តំបន់​ដាច់​ស្រយាល​របស់​ខេត្ត​សៀមរាប​ដែរ។

ស្ថាបនិក​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ដែល​ជា​ជនជាតិ​ជប៉ុន លោក ខេនរ៉ូ អ៊ីស៊ុ (Kenro Isu) មាន​ប្រសាសន៍​ថា លោក​បាន​មក​ថត​រូប​ប្រាសាទ​អង្គរវត្ត​នៅ​ឆ្នាំ​១៩៩៣។ ក្នុង​ពេល​នោះ លោក​បាន​ថត​រូប​កុមារី​ខ្មែរ​ម្នាក់​ដែល​គ្រួសារ​របស់​នាង​មាន​ជីវភាព​ក្រីក្រ។ ជាច្រើន​ខែ​ក្រោយ​មក លោក​បាន​វិល​ត្រឡប់​មក​ខេត្ត​សៀមរាប ម្ដង​ទៀត ហើយ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ក្ដុកក្ដួល នៅ​ពេល​ដែល​ដឹង​ថា កុមារី​ដែល​លោក​បាន​ថត​រូប​នោះ​ឈឺ​ស្លាប់។ លោក ខេនរ៉ូ អ៊ីស៊ុ បញ្ជាក់​ថា ការ​ក្ដុកក្ដួល​ចំពោះ​មរណភាព​នៃ​ក្មេង​ស្រី​ម្នាក់​នោះ បាន​ជំរុញ​ឲ្យ​រូប​លោក​ត្រូវ​តែ​បង្កើត​មន្ទីរពេទ្យ​មួយ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ខ្មែរ ហើយ​នៅ​ឆ្នាំ​១៩៩៩ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​លេច​ចេញ​ជា​រូប​រាង​ឡើង ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ម្ចាស់​ជំនួយ និង​ក្រុម​វេជ្ជបណ្ឌិត​ស្ម័គ្រ​ចិត្ត​នានា​នៅ​ក្រៅ​ប្រទេស រួម​គ្នា​ជាមួយ​នឹង​ក្រុម​បុគ្គលិក​ខ្មែរ​ជាច្រើន​ទៀត៖ «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​រាល់​គ្នា ដែល​នៅ​ទីនេះ​ក្តី និង​នៅ​ក្រៅ​ប្រទេស​ក្តី ដែល​ជួយ​ផ្ដល់​ជំនួយ និង​ខិតខំ​ធ្វើ​ការ​យ៉ាង​លំបាក សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ដែល​បាន​ជួយ​ជីវិត​កុមារ​ជាច្រើន ព្រម​ទាំង​មាន​សំណាង​ដោយសារ​តែ​ខ្ញុំ​ហាក់​ដូចជា​ឪពុក​របស់​ពួក​គេ»

ជា​រៀង​រាល់​ថ្ងៃ មាន​កុមារ​ប្រមាណ​ពី ៥០០​នាក់​ទៅ ៦០០​នាក់ ទាំង​រស់នៅ​ខេត្ត​សៀមរាប និង​មក​ពី​ខេត្ត​ផ្សេង​ទៀត តែង​មក​ពិនិត្យ​សុខភាព និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ដោយ​មិន​គិត​ថ្លៃ មិន​ថា​កុមារ​នោះ​នៅ​ក្នុង​គ្រួសារ​ជា​អ្នក​មាន​ទ្រព្យ​ធន ឬ​ក៏​គ្រួសារ​ក្រីក្រ​ឡើយ។

អភិបាល​រង​ខេត្ត​សៀមរាប ដែល​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប ១៧​ឆ្នាំ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ លោក សង់ រីហា ទទួល​ស្គាល់​ថា មន្ទីរពេទ្យ​នេះ​ពិត​ជា​បាន​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋាភិបាល ក្នុង​ការ​ជួយ​ព្យាបាល​ជំងឺ​កុមារ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ មិន​តែ​ប៉ុណ្ណោះ មន្ទីរពេទ្យ​នេះ​បាន​ទាំង​ជួយ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​ជំនាញ​ពេទ្យ​បាន​ចំនួន​ច្រើន​នាក់​ផង៖ «ជំនួស​មុខ​ឲ្យ​បង​ប្អូន​គ្រួសារ​ក្រីក្រ និង​ឪពុក​ម្ដាយ​របស់​គ្រួសារ​មាន​ជំងឺ ដែល​កំពុង​ទទួល​បាន​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ​កុមារ​អង្គរ​ទាំងអស់ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត»

អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១៧​ឆ្នាំ មន្ទីរពេទ្យ​នេះ​បាន​ទទួល​ពិគ្រោះ និង​ព្យាបាល​ជំងឺ​កុមារ​ប្រមាណ​ជាង ១​លាន ៤​សែន​នាក់ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ៦​លាន ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

ទោះ​យ៉ាង​ណា បច្ចុប្បន្ន អគារ​ខ្លះ​របស់​មន្ទីរពេទ្យ​នេះ​កំពុង​ចាស់​ទ្រុឌទ្រោម ហើយ​ជ្រាប​ទឹក​នៅ​ពេល​មាន​ភ្លៀង​ម្ដងៗ។ មន្ទីរពេទ្យ​នេះ ក៏​កំពុង​ត្រូវ​ការ​ជំនួយ​ជា​ទឹក​ប្រាក់​ជាង ៦​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​សប្បុរសជន​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​យក​មូលនិធិ​មក​ជួសជុល​ដំបូល​ដែល​កំពុង​ចាស់​ទ្រុឌទ្រោម​ជាច្រើន​កន្លែង​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។