លោក ញឹក ប៊ុនឆៃ ថា ទ្រង់ រណឫទ្ធិ ចង់​បណ្ដេញ​លោក និង​មន្ត្រី​ផ្សេងទៀត​ចេញពី​បក្ស​

​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កំពុង​រៀបចំ​បង្កើត​ក្រុមប្រឹក្សាវិន័យ​បក្ស ដែល​ត្រូវបាន​លោក ញឹក ប៊ុនឆៃ ចាត់ទុកថា ជា​គំរាមកំហែង​ដល់​លោក និង​មន្ត្រី​បក្ស​មួយចំនួនទៀត​។ លោក ញឹក ប៊ុនឆៃ អះអាងថា ការបង្កើត​ក្រុមប្រឹក្សាវិន័យ​នេះ គឺ​សម្ដេចក្រុមព្រះ កំពុងមាន​ព្រះទ័យ​គុំ​កួ​ន​ចង់​សងសឹក​ដោយ​ចង់​បណ្ដេញ​លោក និង​មន្ត្រី​បក្ស​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​សមាជ​វិសាមញ្ញ​ឆ្នាំ​២០០៦កន្លងមក ចេញពី​បក្ស ។​

សូមស្ដាប់សំឡេង៖

​ខណៈដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កំពុងមាន​ភាពល្អក់​កក​រ​ក្នុង​បក្ស​នោះ អនុប្រធាន​បក្ស​លោក ញឹក ប៊ុនឆៃ អះអាងថា បញ្ហា​នេះ​គឺ​បណ្ដា​មកពី​សម្ដេចក្រុមព្រះ​ប្រធាន​បក្ស​ជា​អ្នកបង្ក​រឿងហេតុ​មុន។ លោក ញឹក ប៊ុនឆៃ អះអាងថា សម្ដេចក្រុមព្រះ​កំពុង​រៀបចំ​បង្កើត​ក្រុមប្រឹក្សាវិន័យ​បក្ស ដើម្បី​គំរាមកំហែង​ដល់​លោក និង​មន្ត្រី​បក្ស​ផ្សេងទៀត​។ អនុប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ចាត់ទុកថា ខ្លួន​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវបាន​បក្ស​សម្លឹងមុខ​បណ្ដេញចេញ​នោះ បាន​ចោទ​សម្ដេចក្រុមព្រះ​ថា ទ្រង់​កំពុង​មានចិត្ត​គុំ​កួន​ចង់​សងសឹក​លោក និង​មន្ត្រី​បក្ស​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​សមាជ​វិសាមញ្ញ​ឆ្នាំ​២០០៦ កន្លងមក ដើម្បី​យក​ហេតុផល​ផ្សេងៗ​មក​បណ្ដេញ​លោក​ និង​មន្ត្រី​ទាំងនោះ​ចេញពី​បក្ស ។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អនុប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ការបង្កើត​ក្រុមប្រឹក្សាវិន័យ​នេះ គឺ​ដើម្បី​គំរាម​ខ្ញុំ លើ​ខ្ញុំ​តែ​ម្នាក់ ព្រោះ​ដោយសារ​ខ្ញុំ​ចុះទៅ​លើ​មូលដ្ឋាន​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​ទ្រង់ រណ​ឬ​ទ្ធិ ដូចនេះ​ខ្ញុំ​ត្រូវបាន​គេ​សម្លឹងមុខ ដោយ​បង្កើត​ក្រុមប្រឹក្សាវិន័យ​នេះ​មក ដើម្បី​បណ្ដេញ​ខ្ញុំ​ចេញពី​បក្ស​វិញ​។ ហើយ​ការបង្កើត​ក្រុមប្រឹក្សា​វិន័យ​នេះ គឺ​ដោយសារ​ទ្រង់​មានការ​គុំ​កួន​សងសឹក​ជាមួយ​មន្ត្រី​ចាស់ៗ​ក្នុង​បក្ស ដែល​ធ្វើ​សមាជ​កាលពី​ឆ្នាំ​២០០៦ ដែល​បាន​រដ្ឋប្រហារបណ្ដេញ​សម្ដេចក្រុមព្រះ​ចេញពី​បក្ស​»​។​

​ទាំងនេះ​ជាការ​វាយតម្លៃ​របស់លោក ញឹក ប៊ុនឆៃ ដែល​បាន​អះអាងថា លោក​បាន​ខាំមាត់សង្កត់ចិត្ត​អស់​រយៈពេល​១​ឆ្នាំ​ហើយ ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​កៀបសង្កត់​មកលើ​លោក និង​មន្ត្រី​បក្ស​មួយចំនួនទៀត ដែល​ព្រះអង្គ​បាន​គុំ​កួ​ន​សងសឹក​។ អនុប្រធាន​បក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ បន្ថែមថា បក្ស​គ្មាន​ការបង្រួបបង្រួម​គ្នា គ្មាន​ការរីកចម្រើន​ទេ គឺ​មានតែ​អ្នក​រត់ចេញ និង​អ្នក​ដែល​ត្រូវ​ទ្រង់​បណ្ដេញ​ចេញពី​បក្ស​ប៉ុណ្ណោះ​។ ​«​រយៈពេល​១​ឆ្នាំនេះ​គេ​មិនដែល​ឲ្យ​ខ្ញុំ​ពិនិត្យ​ឯកសារ មិនដែល​ត្រូវបាន​គេ​ហៅ​ប្រជុំ​ទេ គឺមាន​បក្សពួក​របស់​សម្ដេចក្រុមព្រះ​ប៉ុណ្ណោះ​។ ហើយ​ខ្ញុំ​ចេះតែ​ទ្រាំ​អត់ធ្មត់​នៅ​ស្ងៀម​នៅ​១​ឆ្នាំនេះ​។ ហើយ​ប្រធាន​ក្រុម​ខេត្ត ស្រុក ឃុំ ភូមិ ត្រូវបាន​រត់ចេញ​ពី​បក្ស ត្រូវបាន​សម្ដេច​ប្រធាន​ដក​បណ្ដេញចេញ​។ ​នេះ​ជាការ​បញ្ជាក់​របស់លោក ញឹក ប៊ុនឆៃ​។​

​លោក ញឹក ប៊ុនឆៃ ក៏បាន​សរសេរ​លិខិត​ជា​លើក​ទី​២ ស្នើសុំ​ឲ្យ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ដោយមាន​របៀប​ទាក់ទង​អង្គហេតុ​ ដែល​នាំ​ឲ្យ​មាន​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃទី​១៨ តុលា ឆ្នាំ​២០០៦​។ ការដោះដូរ ​និង​លក់​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មូល​ហេតុដែល​នាំ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សូន្យ​កៅអី​នៅ​ឆ្នាំ​២០១៣ ដែល​ត្រូវបាន​លោក ញឹក ប៊ុនឆៃ បដិសេធថា បញ្ហា​ទាំងនេះ​មិនមែន​ពី​រូបលោក​ឡើយ​។​ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា សិក្ខាសាលា​នេះ​ រៀបចំឡើងដើម្បី​ប្រមូល​ទិន្នន័យ​ទាំងអស់ ក្នុងបំណងបញ្ចប់​មន្ទិល​​សង្ស័យ និង​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក ហើយក៏​បញ្ជាក់​ពី​ការគិតគូរ​ចំពោះ​អនាគត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​ស្នា​ព្រះ​ហ​ស្ថ និង​ជា​ប្រវត្តិសាស្ត្រ​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ដែរ​។​

​កាលពី​ថ្ងៃទី​៣០ មករា ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ ន​រោ​ត្ត រណឫទ្ធិ បញ្ជាក់ថា គណបក្ស​ទទួលបាន​សូន្យ​កៅអី ក្នុងការ​បោះឆ្នោត​២០១៣ ក៏​ដោយសារតែ​អ្នក​ដែល​«​ស៊ី​បាយ​បោក​ឆ្នាំង​» ។ ព្រះ​អង្គក៏បាន​ផ្ដាំ​ទៅ​មន្ត្រី​បក្ស​ថា ប្រសិនបើ​នៅមាន​កូន​ចិត្ត​ចង់​«​ស៊ី​បាយ​បោក​ឆ្នាំង​»​បន្តទៀត ឆាប់​ឲ្យ​ចាក​ចេញពី​បក្ស​ឲ្យ​ហើយ​ទៅ ដោយ​ព្រះអង្គ​មិន​ឃាត់​នោះទេ។ បើទោះជា​សម្តេចក្រុមព្រះ ​មិនបាន​និយាយ​ព្រមាន​ឲ្យ​ចំឈ្មោះ​មន្ត្រី​ណា​ម្នាក់​ក៏ដោយ តែ​ការព្រមាន​របស់​ព្រះអង្គ​នេះ គឺ​ស្រប​ពេលដែល​ភាពចម្រូងចម្រាសកំពុងកើត​មាន​ឡើង​ ​រវាង​ព្រះអង្គ និង​អនុប្រធាន​បក្ស​លោក ញឹក ប៊ុនឆៃ។ តែ​យ៉ាងណាក៏ដោយ សម្តេចក្រុមព្រះ​នៅតែ​ប្រកាន់​ជំហរ​រួបរួមគ្នា​ដដែល ដោយបាន​ថ្លែង​ការពារ​ថា​ បញ្ហា​ផ្ទៃក្នុង​បក្ស មិនមាន​ភាព​រង្គោះរង្គើ​រ ហូតដល់​បែប​បាក់​នោះទេ​។​

​អ្នកវិភាគ​មើលឃើញថា ភាពល្អក់​កករ​ក្នុង​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ពេលនេះ គឺ​សញ្ញា​ដែល​បង្ហាញថា​គណបក្ស​មួយ​នេះ ​កំពុង​ឈានទៅរក​ការបែកបាក់​គ្នា ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាថ្មី​ម្ដងទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​