សំណង់​ផ្ទះ​ល្វែង​នៅ​តែ​បន្ត​សាងសង់​​ឥត​ឈប់ ទោះ​វិស័យ​នេះ…

សំណង់​ផ្ទះ​ល្វែង​នៅ​តែ​បន្ត​សាងសង់​​ឥត​ឈប់ ទោះ​វិស័យ​នេះ…

សំណង់​ផ្ទះ​ល្វែង​នៅ​បន្ត​កើត​មាន​ជាហូរហែ​នៅ​តាម​បន់​សំខាន់ៗ​​មួយ​ចំនួន​ក្នុង​រាជធានី​ ថ្វីបើ​វិស័យ​នេះ​ធ្លាប់​ព្រមាន​ពី​អ្នក​ជំនាញ​អចលនទ្រព្យ​ថា កំពុង​រង​ផល​ប៉ះពាល់​ក្ដី។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក ច្រឹក សុខនីម ​​អគ្គនាយក​​ក្រុមហ៊ុន ​​Century 21 Mekong ​ជា​​ក្រុមហ៊ុន​​ធ្វើ​​ការងារ​​ជំនាញ​​ខាង​​អចលន​ទ្រព្យ​​នៅ​​កម្ពុជា។

 

លោក ច្រឹក​ សុខនីម ប្រាប់​ Sabay ថា ចូល​មក​ដល់​ឆ្នាំ ២០១៦ នេះ គេ​សង្កេត​ឃើញ​ថា ផ្ទះ​ល្វែង​ហាក់​កំពុង​ដើរ​ទៅ​មុខ​យឺត​ៗ ប៉ុន្ដែ ប្រភេទ​ផ្ទះ​ល្វែង​ប្រភេទ​តម្លៃ​ខ្ពស់ ដោយ​ឡែក​ផ្ទះ​ល្វែង​តម្លៃ​មធ្យម​ គឺ​ពុំ​មាន​រង​ផល​ប៉ះពាល់​អ្វី​នោះ​ទេ គឺ​នៅ​តែ​លក់​ដាច់​ជាហូរហែ​ធម្មតា។

 

ផ្ទះ​ល្វែង​ដែល​មាន​តម្លៃ​ខ្ពស់​ គឺ​ចាប់​ពី ៨ ម៉ឺន​ដុល្លារ​ឡើង​ទៅ ឯ​៨​ម៉ឺន​ដុល្លារ​ចុះ​ក្រោម​ចាត់​ទុក​ថា ជា​តម្លៃ​មធ្យម។ ប្រភេទ​ផ្ទះ​ល្វែង​តម្លៃ​មធ្យម​កំពុង​សាងសង់​ជា​បន្តបន្ទាប់​ជាពិសេស​នៅ​តំបន់​ ភ្នំពេញ​ថ្មី កាំកូស៊ីធី តាម​បណ្ដោយ​ផ្លូវ​​៣៧១ ជាដើម។ ចំពោះ​ផ្ទះ​ល្វែង​នៅ​ម្ដុំ​ស្ពាន​ដែក​ចម្ការ​ដូង គឺ​តម្លៃ​ហាក់​ឡើង​ខ្ពស់​ ដូច្នេះ​ ការ​លក់​ចេញ​ហាក់​យឺត​បន្តិច។

 

សំណង់​ផ្ទះ​ល្វែង​នៅ​តែ​បន្ត​សាងសង់​​ឥត​ឈប់ ទោះ​វិស័យ​នេះ…

 

 

លោក ច្រឹក សុខនីម បាន​និយាយ​ថា ថ្មីៗ​នេះ វិស័យ​សំណង់​ជាពិសេស​ផ្ទះ​ល្វែង​រង​ផល​ប៉ះពាល់​តិចតួច​ ដោយ​សារ​តែ​​ ដើម​ឆ្នាំ មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​ចំណាយ​ច្រើន ហើយ​អ្នក​ទិញ​ផ្ទះ​មួយ​ចំនួន​នៅ​មិនទាន់​ហ៊ាន​សម្រេច​ចិត្ត​ទិញ​ព្រោះ​ទុក​លុយ​ដើម្បី​ចំណាយ​ផ្សេង​ៗ ប៉ុន្តែ ជាទូទៅ​គឺ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់​តែ​ល្បឿន​នៃ​ការ​លក់​ចេញ​យឺត​បន្ដិច​ចំពោះ​ប្រភេទ​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃៗ។

 

ក្រុម​អ្នក​ជំនាញ​ធ្វើ​ការ​លើ​ផ្នែក​វិស័យ​សំណង់​ធ្លាប់​បាន​វាយ​តម្លៃ​ថា វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​កើន​ឡើង​យ៉ាង​គំហុក​នៅ​ចន្លោះ​ពីរ​ឆ្នាំ​កន្លង​មក គឺ​រាប់​ចាប់​ពី​ឆ្នាំ ២០០៤។ តួលេខ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ឆ្នាំ​ ២០១៥ មាន​ទឹក​ប្រាក់​ជាង ៣ ពាន់​លាន​ដុល្លារ​អាមេរិក​កើន​ទ្បើង ៣៣,១៤ ​ភាគរយ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០១៤ ដែល​មាន​ទឹកប្រាក់​ប្រមាណ ២៥០០ ​លាន​ដុល្លារ​អាមេរិក។

 

កត្តា​ដែល​ជំរុញ​ឱ្យ​មាន​ការ​រីកចម្រើន​នេះ ក្នុង​នោះ​មាន​ដូចជា ​ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច​ជា​ប្រចាំ និង​គោល​នយោបាយ​អំណោយ​ផល​ដែល​អនុញ្ញាត​ឱ្យ​ជនជាតិ​បរទេស​អាច​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី1ឡើង​ទៅ៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា