ដោយសារ ចង់ថតរូបខ្លួនឯង ត្រូវរថភ្លើង កិនស្លាប់ភ្លាមៗ នៅឥណ្ឌា

ចិនណៃ៖ យុវជនឥណ្ឌាម្នាក់ បានត្រូវរថភ្លើងកិន ពីលើបណ្តាលឲ្យស្លាប់ភ្លាមៗ ព្រោះតែរូបគេបានព្យាយាម ថតរូបខ្លួនឯង ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ថា ប៉ូលីសបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ការស្លាប់យុវជនម្នាក់ ដោយសារតែរូបគេបានថតរូបខ្លួនឯង ខណៈដែលរថភ្លើងបានមកដល់ ហើយស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ។

ប៉ូលីសបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់បានកើតឡើងកាលពីល្ងាច ថ្ងៃអាទិត្យម្សិលមិញ នៅភាគខាងត្បូង ក្រុងចិនណៃ ប្រទេសឥណ្ឌា អ្នករងគ្រោះជាយុវជនម្នាក់ ដែលបានដើរចូលលើផ្លូវរថភ្លើង ព្រោះរូបគេបានថតយក រូបភាពដោយខ្លួនឯង ហើយត្រូវរថភ្លើងកិនពាក់កណ្តាលខ្លួនតែម្តង ។

លោក S. Ramuthai មន្ត្រីប៉ូលីសអាយស្ម័យយាន ប្រចាំនៅ Chennai បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានអាអេហ្វប៉េ ថា "វាជាគ្រោះថ្នាក់មួយដ៏រន្ធត់ណាស់ ព្រោះថា យុវជនភាគច្រើនចូលចិត្តថតរូបដោយខ្លួនឯង" ។

ប្រភពព័ត៌មានបានផ្សព្វផ្សាយថា ជនរងគ្រោះមានអាយុទើបតែ១៦ឆ្នំាប៉ុណ្ណោះ ហើយគេបានចំណាយពេលមកលេងនៅសួនសត្វមួយ ហើយក៏បានដើរមកផ្លូវរថភ្លើង រង់ចាំរថភ្លើងមកជិតគេទើបថតរូបទុក ៕

ដោយសារ ចង់ថតរូបខ្លួនឯង ត្រូវរថភ្លើង កិនស្លាប់ភ្លាមៗ នៅឥណ្ឌា