តុលាការ​ខេត្ត​កំពត​កោះហៅ​មនុស្ស​៩​នាក់​សាកសួរ​រឿង​បណ្ដឹង​កាប់​រាន​ដី​ព្រៃ​សហគមន៍

សាលា​ដំបូង​ខេត្ត​កំពត កោះហៅ​មនុស្ស​ចំនួន ៩​នាក់ មក​សាកសួរ​ចំពោះ​ពាក្យ​បណ្ដឹង​របស់​ពួកគេ​ប្ដឹង​ចោទ​បុគ្គល ២​នាក់ ពី​បទ​កាប់​រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ត្នោត នៅ​ស្រុក​ឈូក ខេត្ត​កំពត ដោយ​ខុស​ច្បាប់។ មនុស្ស​ទាំង ៩​នាក់​នោះ រួម​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត តំណាង​សហគមន៍​ភ្នំ​ត្នោត មេ​ឃុំ​ល្បើក និង​ក្រុមប្រឹក្សា​ស្រុក​ឈូក ខេត្ត​កំពត។

មនុស្ស ៩​នាក់ ដែល​រួម​មានសកម្មជន​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក ម្នាក់​ផង បាន​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​តុលាការ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ពី​ដំណើរ​រឿង​ប្ដឹង​បុគ្គល ២​នាក់ ពី​បទ​កាប់​រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ត្នោត ដោយ​ខុស​ច្បាប់។

ដើម​បណ្ដឹង​ទាំង ៩​នាក់ បាន​ប្ដឹង​បុគ្គល ២​នាក់ ម្នាក់​ឈ្មោះ គាវ ហាក់ឡុង និង ង៉ែត ឌី ពី​បទ​កាប់​រាន​ដី​ព្រៃ ឈូស​ឆាយ​ដោយ​គ្មាន​លិខិត​អនុញ្ញាត យក​ជា​កម្មសិទ្ធិ​បុគ្គល​អស់​ទំហំ​ប្រហែល ៦​ហិកតារ កាល​ពី​ថ្ងៃ​ទី​៨ ដល់​ទី​១០ ខែ​តុលា ឆ្នាំ​២០១៥។

មេ​ឃុំ​ល្បើក លោក ម៉ែន សុខៃ បញ្ជាក់​ថា សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០០៥ និង​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត នៅ​ឆ្នាំ​២០១៣។ លោក ម៉ែន សុខៃ បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ប្ដេជ្ញា​តស៊ូ​ក្នុង​រឿង​ទំនាស់​នេះ​ដល់​ទី​បញ្ចប់ ដើម្បី​ទទួល​បាន​ដី​ព្រៃ​សម្រាប់​អាស្រ័យ​ផល និង​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំ​នាក់​ក្រោយ៖ «»។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក គាវ ហាក់ឡុង បាន​អះអាង​ថា លោក​មិន​បាន​រំលោភ​យក​ដី​ព្រៃ​សហគមន៍​នោះ​ទេ។ លោក​បកស្រាយ​ថា លោក​បាន​ទិញ​ដី​នៅ​តំបន់​នោះ​ចំនួន ២៣៩​ហិកតារ​ពី​ប្រជាពលរដ្ឋ ៦០​គ្រួសារ នៅ​ឆ្នាំ​២០០៨ ដោយ​មាន​សំអាង​ផ្លូវ​ច្បាប់​ច្បាស់លាស់។ លោក​បញ្ជាក់​ជំហរ​ថា នឹង​បន្ត​ក្ដីក្ដាំ​នេះ​បន្ត​ទៅ​ទៀត ហើយ​លោក​នឹង​មិន​លើកលែង​ដល់​អ្នក​ដែល​ប្ដឹង​លោក​នោះ​ទេ៖ «»។

​ព្រៃ​សហគមន៍​ភ្នំ​ត្នោត​ មាន​ទំហំ ៤៥៨​ហិកតារ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត។ ព្រៃ​នេះ​ជា​ប្រភេទ​ព្រៃស្រោង ដែល​ពលរដ្ឋ​បី​ភូមិ គឺ​ភូមិ​ទួល ភូមិ​ត្រពាំងគុយ និង​ភូមិ​ត្រពាំងគគីរ នៃ​ឃុំ​ល្បើក ស្រុក​ឈូក អាស្រ័យ​ផល​ដោយ​ការ​រក​ដំឡូង ជីក​ត្រពាំង និង​ឃ្វាលគោ។

​មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក ខេត្ត​កំពត លោក ហេង ភារៈ ដែល​ជា​ដើម​បណ្ដឹង​ម្នាក់​ដែរ​នោះ បាន​បញ្ជាក់​ថា ដី​ក្នុង​តំបន់​នោះ គឺជា​ដី​សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត យ៉ាង​ពិត​ប្រាកដ។ លោក​អំពាវនាវ​ឱ្យ​តុលាការ​អនុវត្ត​តាម​ច្បាប់​ចំពោះ​ជន​បង្ក ព្រមទាំង​លើក​ទឹក​ចិត្ត​ដល់​ប្រជា​សហគមន៍​នៅ​ទូទាំង​ប្រទេស ឱ្យ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ចំពោះ​ជន​ណា​ដែល​ប្រើប្រាស់​សិទ្ធិ​អំណាច ឬ​ធនធាន​របស់​ខ្លួន​ដោយ​ខុសច្បាប់ រំលោភ​លើ​សម្បត្តិ​របស់​សហគមន៍៖ «»។

​បណ្ដឹង​របស់​មន្ត្រី​សិទ្ធិមនុស្ស តំណាង​សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ប្ដឹង​ចោទ​លោក គាវ ហាក់ឡុង និង​លោក ង៉ែត ឌី សំណូមពរ​ដល់​តុលាការ​ឱ្យ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​តាម​ផ្លូវ​ច្បាប់ ទារ​សំណង​ដាំ​កូនឈើ និង​បង្គោល ៣​ដើម ចំនួន ១០០​លាន​រៀល ព្រមទាំង​ទាមទារ​សំណង​ដើម​បណ្ដឹង​រដ្ឋប្បវេណី ចំនួន ២០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។