ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ កម្លាំង​​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កង​រាជ​អាវុធ​ខេត្ត បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ស្រី​ទំនើង​ចំនួន​៥​នាក់​តាម​ពាក្យ​របស់​ជន​រង​គ្រោះ​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៦ ពី​ករណី​ហិង្សា​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់ទោស​នៅ​ខាងកើត​ចំណុច​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ព្រៃ​គុយ សង្កាត់​អំពិល ក្រុង​សៀមរាប​។

លោក​អនុសេនីយ៍ឯក អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កង​រាជ​អាវុធ​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ កង ដា​រី​ណា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​១០​មក​រា មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​៣១ ខែមករា ឆ្នាំ​២០១៦ ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ ទី​១-​ឈ្មោះ ឌុ​ច ចរិយា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​, ទី​២-​ឈ្មោះ ធឹ​ម មាលា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្វៀន សង្កាត់​គោក​ចក ក្រុង​សៀមរាប​, ទី​៣-​ឈ្មោះ ទឹម ស្រី​និ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប គឺជា​អ្នក​យក​មួក​សុវត្ថិភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ប៉ោង​រយះ​ស្បែក​ជា​ច្រើន​កន្លែង លើ​ថ្ងាស​ខាងឆ្វេង ចូល​ដេកពេទ្យ (​លទ្ធផល​ស្កែ​ន គឺ​ហើម​ខួរក្បាល​) ថែម​ទាំង​ទាញ​ទម្លាក់​ពីលើ​ម៉ូតូ រួច​ទាត់​ធាត់​មួយ​ទំហឹង​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ជា​ទម្ងន់ មូលហេតុ​បណ្តាល​មក​ពី​ខាង​ក្រុម​ជនសង្ស័យ​ឱ្យ​ជន​រង​គ្រោះ​ហៅ​ពួក​គេ​ថា បង​ៗ ឬ​ហៅ ថា​ចែ​ៗៗ, ទី​៤-​ឈ្មោះ ចាន់ ស្រី​ពី​ន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប និង ទី​៥-​ឈ្មោះ តឹក ឡា​លី​ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​បន្ត​ថា បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។ ចំណែក​បក្ខពួក​ជនសង្ស័យ​មួយ​ចំនួន​ទៀត​ដែល​បាន​គេចខ្លួន​នោះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កង​រាជ​អាវុធ​ខេត្ត​កំពុង​តាម​ស្រាវជ្រាវ​ស្វែងរក​ជន​ទាំងនោះ​យក​មក​ដាក់ទោស​ទៅ​តាម​ច្បាប់​ឱ្យ​ខាង​តែ​បាន ដើម្បី​កុំឱ្យ​ក្មេង​ទំនើង​ផ្សេង​ទៀត​យក​គំរូ​តាម ៕