ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមករា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​រៀបចំ​នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ក្នុង​ខែមករា ឆ្នាំ​២០១៦ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ខិតខំ​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន​៩៧២.០៩៦​គ្រឿង (​ម៉ូតូ​៦០%) រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​២១១.២៥៧​គ្រឿង ស្មើ​២១,៧%​នៃ​យានយន្ត​ត្រួតពិនិត្យ​សរុប បាន​ធ្វើការ​អប់រំ​១០១.៥៣០​គ្រឿង ស្មើ​៤៨% បាន​ធ្វើការ​ពិន័យ​ចំនួន​១០៩.៧២៧​គ្រឿង (​រថយន្ត​៣៥% និង​ម៉ូតូ​៦៥%)  ដោយ​អនុវត្ត​ការ​បង់ប្រាក់​ពិន័យ​តាម​ស្នាក់​ការ​ដែល​បាន​កំណត់ ទទួល​បាន​ប្រាក់​ពិន័យ​ចំនួន​២.០០៨.៨៧៦.០០០​រៀល ស្មើនឹង​៧៣% ។ បាន​ឃាត់​ទុក​យានយន្ត​គ្មាន​ស្លាក​លេខ​ចំនួន​៨០០​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ចំនួន​១៣​គ្រឿង និង​ម៉ូតូ​ចំនួន​៧៨៧​គ្រឿង នៅ​ខេត្ត​ចំនួន​១៤ និង​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ហើយ​ណែនាំ​ឲ្យ​រួសរាន់​ចូល​ទៅ​បង់ពន្ធ និង​ធ្វើ​ស្លាក​លេខ ។

គួរ​គត់​សំគាល់ថា ក្នុង​ខែមករា ប្រជាពលរដ្ឋ​បាន​ភ្ញាក់រលឹក​យក​យានយន្ត​ទៅ​ធ្វើ​ស្លាក​លេខ​សរុប​ចំនួន​៥៩.២៣១​គ្រឿង (​រថយន្ត​៤៩០៧​គ្រឿង​, ម៉ូតូ​៥៤៣២៧​គ្រឿង​) ធ្វើ​ប័ណ្ណបើកបរ​១៦.៤៥៧​នាក់ ឆៀក​ចំនួន​៣៦.១៥១​គ្រឿង ធ្វើ​ប័ណ្ណ​អាជីវកម្ម​៧.៣២៩​គ្រឿង និង​បាន​បង់ពន្ធ​នាំ​ចូល​ចំនួន​២.៦៩៦​គ្រឿង (​រថយន្ត​១៨៤​គ្រឿង និង​ម៉ូតូ​២.៥១២​គ្រឿង​) ។ ជាមួយ​នេះ​បាន​ជម្រុញ​ខ្លាំងក្លា​ធ្វើការ​ត្រួតពិនិត្យ​ល្បឿន រក​ឃើញ​ល្មើស​ចំនួន​១.០៦១​គ្រឿង និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង រក​ឃើញ​ល្មើស​ចំនួន​១.៨៤៧​គ្រឿង ស្មើ​១៩% ក្នុង​នោះ​បាន​បញ្ជូន​ទៅ​តុលាការ​ចំនួន​៥៨​នាក់ (​រថយន្ត​២០​នាក់ ស្រី​១​នាក់ និង​ម៉ូតូ​៣៨​នាក់​) ព្រមទាំង​ត្រៀម​ធ្វើការ​ត្រួតពិនិត្យ​លិខិត​ស្នាម​ចាប់ពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦ តទៅ ៕