ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកណ្តាល ៖ ផ្ទះ​ឈើ​១​ខ្នង​ត្រូវ​បាន អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់ទាំង​ស្រុង​នៅ​សល់​តែ​ផេះ​ផង់ បណ្ដាល​មក​ពី​ម្ចាស់ផ្ទះ​ដាំទឹក​ក្ដៅ​ហើយ​សំណាងអាក្រក់​ផ្ទុះ​ចង្ក្រានហ្គាស​លាន់​ដូច​គ្រាប់កាំភ្លើង ហើយ​ក៏​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​ផ្ទះ​ឡើង​យ៉ាង​ឆាប់រហ័ស​តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ​ផ្ទះ​ទាំងមូល​រួម​ជាមួយ​ប្រាក់ និង​គ្រឿងអលង្កា មាស សរុប​ប្រមាណ​១​ម៉ឺន​ដុល្លារ ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ បាន​ក្លាយទៅជា​ផេះ​ផង់ ប៉ុន្តែ​សំណាងល្អ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ ភុំ សូ​យ ភេទ​ស្រី អាយុ​៧៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ផ្ទះ​របស់​គាត់​ដែល​ឆេះ​នោះ​មាន​ទំហំ ៧​ម៉ែត្រ​គុណ​៩​ម៉ែត្រ សាងសង់​ពី​ឈើ​ប្រក់​ក្បឿង ដោយឡែក​ទ្រព្យសម្បត្តិដែល​ត្រូវ​ឆេះ​អស់​រួម​មាន ទូ​ខោអាវ​៣, ប្រាក់​៥​ពាន់​ដុល្លារ​, ខ្សែ​ក និង​ខ្សែដៃ​មាស​២​តម្លឹង​, អង្ករ​១​បាវ​, គ្រែ​២, ទូរទស្សន៍​១​គ្រឿង​, ប្លង់​ដី​, សំបុត្រ​កំណើត​, សៀវភៅ​គ្រួសារ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​ម្ចាស់ផ្ទះ​បាន​យក​ឆ្នាំង​ដាំទឹក​ក្ដៅ ដោយ​ទុក​ចោល​ភ្លេច​មិន​បាន​មើល​ឡើយ បន្ទាប់​មក​គាត់​បាន​បិទទ្វារ​ផ្ទះ​ចាក់សោរ ហើយ​បាន​ទៅ​លេង​ផ្ទះ​កូនក្មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​ផ្ទះ​គាត់ ។ លុះ​មួយសន្ទុះ​ក្រោយមក​បានឮ​សំឡេង​ផ្ទុះ​ដូច​គេ​បាញ់កាំភ្លើង ហើយ​ក៏​ស្រាប់តែ​ឃើញ​មាន អណ្ដាតភ្លើង និង​ផ្សែង​ឆាបឆេះ និង​ហុយ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ពន្លត់ ប៉ុន្តែ​ពន្លត់​មិន​ឈ្នះ​នោះ​ឡើយ ខណៈនោះ​ភ្លើង​បាន​ឆេះ​យ៉ាង​ពេញបន្ទុក ហើយ​កម្លាំង​ប៉ូលិស​ស្រុក​អង្គស្នួល​បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់ ប៉ុន្តែ​ពេល​ទៅ​ដល់​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​បាត់​ទៅ​ហើយ រថយន្ត​ពន្លត់​អគ្គិភ័យបាន​ត្រឹមតែ​បាញ់​ទឹក​អស់​១​ស៊ីទែន​មិន​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​តែ​ប៉ុណ្ណោះ ៕