នគរបាល​ចរាចរ​ពិន័យ​បាន​ប្រា​ក់ជាង​២​ពាន់​លាន​រៀល ក្នុង​រយៈពេល​១​ខែ​

​ក្នុង​រយៈពេល​ពេញ​មួយខែ នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី  កម្លាំង​នគរបាល​ចរាចរផាកពិន័យ​បាន​ទឹកប្រាក់​ចំនួន​២,០០៨,៨៧៦,០០០​លាន​រៀល ពី​យានយន្ត​ដែល​ល្មើសច្បាប់​នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ប្រចាំ​ខែមករា ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​។

​របាយការណ៍​ដែល​អាន​ដោយ លោក ហ៊ឹម យ៉ាន អគ្គស្នងការ​នគរបាល​ជាតិ នៅ​រសៀល​នេះ បាន​បង្ហាញថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​រយៈពេល​១​ខែ​នេះ កងកម្លាំង​នគរបាល​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស បានធ្វើការ​ត្រួតពិនិត្យ​យានយន្ត​សរុប​៩៧២,០៩៦​គ្រឿង ក្នុងនោះ​ម៉ូតូ​៦០​ភាគរយ​។ ក្នុងចំណោម​ដែល​បាន​ត្រួតពិនិត្យ នគរបាល​រកឃើញ​យានយន្ត​ល្មើស​ចំនួន​២១១,២៥៧​គ្រឿង ស្មើនឹង​២១,៧​ភាគរយ ធ្វើការ​អប់រំ​បាន​ចំនួន​១០១,៥៣០​គ្រឿង និង​ធ្វើការ​ត្រួតពិនិត្យបាន​ចំនួន​១០៩,៧២៧​គ្រឿង​។​

​បើទោះបីជា​ក្នុង​រយៈពេល​១​ខែ​ដំបូង​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នេះ ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​តឹងរឹង ប៉ុន្តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​នៅតែបន្ត​កើតមាន។  បើតាម​របាយការណ៍ កាលពីខែមករាកន្លងទៅ គ្រោះ​ថ្នាក់ចរាចរណ៍​បានបណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ចំនួន​១៨២​នាក់  កើនឡើង​ចំនួន​៣៤​នាក់ ស្មើនឹង​២៣​ភាគរយ​ បើ​ធៀប​នឹង​ខែធ្នូឆ្នាំ២០១៥ ចំណែកឯ​អ្នករបួស​មានចំនួន​៩៥១​នាក់ កើន​៧០​នាក់​ស្មើនឹង​៨​ភាគរយ​។ ​គ្រោះថ្នាក់​ទាំងនោះ គឺបណ្តាលមកពី​អ្នកបើកបរ​ហួស​ល្បឿន​ចំនួន​៤៥​ភាគរយ វ៉ា​ជែង​១៣​ភាគរយ មិន​គោរព​សិទ្ធិ​អាទិភាព​១១​ភាគរយ ស្រវឹង​១០​ភាគរយ បត់​៨​ភាគរយ មិន​ប្រកាន់​ស្តាំ​៨​ភាគរយ កត្តា​យានយន្ត​២​ភាគរយ និង​កត្តា​ផ្សេងៗ​៣​ភាគរយ​។ 

​តែ​យ៉ាងណាក៏ដោយអគ្គស្នងការ​នគរបាល​ជាតិ ក៏​ទទួលស្គាល់​ដែរ​ថា វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្នាក់​រាជធានី​-​ខេត្ត មិនទាន់​ឆ្លើយតប​ទៅនឹង​សភាពការណ៍​ជាក់ស្តែង​នៅឡើយ ពេលខ្លះ​មាន​ភាពយឺតយ៉ាវ ឬ​មិនទាន់​ប្រើប្រាស់​អស់​លទ្ធភាព​នៃ​ការ​គួបផ្សំ​វិធានការ​ទាំង​៤ គឺ​ការអប់រំ ការ​រឹតបន្តឹង​ច្បាប់ ការធ្វើ​វិស្វកម្ម​ផ្លូវថ្នល់ និង​ការសង្គ្រោះ​ជនរងគ្រោះ ខណៈ​ផ្លាកសញ្ញា និង​គំនូស​សញ្ញា នៅតាម​ផ្លូវ​សាធារណៈ ក៏មាន​ការខ្វះខាត​ដែរ​។

​លោក ហ៊ឹម យ៉ាន បន្តថា ​សេវាសាធារណៈ​ក្នុងការ​ធ្វើ​បណ្ណ​បើកបរ ធ្វើ​ផ្លាកលេខ ឆៀក និង​ការផ្ទេរកម្មសិទ្ធិ​យានយន្ត នៅតែ​ជា​ប្រ​ធា​បទ​សំខាន់ ដែល​ត្រូវ​បន្ត​ជំរុញ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​។

​តាមរយៈ​កិច្ចប្រតិបត្តិការ​ត្រួតពិនិត្យ អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ពិនិត្យឃើញថា​ប្រជាពលរដ្ឋ​ដល់​ទៅ​៧៣,៨​ភាគរយ បាន​យល់ដឹង និង​ចូលរួម​គោរព​ច្បាប់​យ៉ាង​ត្រឹមត្រូវ និង​ការចូល​បង់ប្រាក់​ពិន័យ​ដោយ​ការ​ភ្ញាក់រលឹក​ប្រមាណ​៧៣​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ដដែល​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​