យោធា អាល់ កៃដា វាយក្រុងមួយ នៅភាគខាងត្បូង យ៉េម៉េន

អាដេន៖ នៅថ្ងៃចន្ទនេះ ក្រុមយោធាចំនួន១២នាក់ ដែលគេស្គាល់ច្បាស់ថា ជាបក្ខពួកនៃក្រុមឧទ្ទាម អាល់កៃដា បានប្រកាសជាថ្មីថា ពួកគេបានគ្រប់គ្រងក្រុង Azzan ក្នុងខេត្ត Shabwa ភាគខាងត្បូង ប្រទេសយ៉េម៉េន បានសម្រេចហើយ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ថា តាមការលើកឡើង របស់ពលរដ្ឋយ៉េម៉េន បានបញ្ជាក់ថា ក្រោយពីមានការបំផ្ទុះអាវុធ និងបាញ់ប្រហារនៅក្នុង តំបន់នៃក្រុង Azzan ពួកអាល់កៃដា បានគ្រប់គ្រងបានស្ថាពរហើយ ។

គួរបញ្ជាក់ថា ពលរដ្ឋប្រមាណ៧០,០០០នាក់ បានរស់នៅក្នុងក្រុង Azzan នេះ ហើយគេបានចាត់ទុកជាតំបន់ ពាណិជ្ជកម្មមួយដ៏សំខាន់របស់ប្រទេសយ៉េម៉េន ហើយក្រុងនេះស្ថិតនៅតាម តំបន់ភ្នំជាច្រើន ហើយតំបន់នេះត្រូវបានពួក អាល់កៃដា ព្យាយាមគ្រប់គ្រង ដោយពួកគេបានឡោមព័ទ្ធ តំបន់មួយនេះតាំងពីឆ្នាំ២០១២ម្ល៉េះ បន្ទាប់ពីមានការបណ្តេញចេញដោយរដ្ឋាភិបាល កណ្តាលយ៉េម៉េន ។

ពលរដ្ឋមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានទូរស័ព្ទប្រាប់ដល់ រ៉យទ័រថា "យោធា អាល់កៃដា ចំនួន១២នាក់ ប្រដាប់ដោយកាំភ្លើង បានមកដល់ប៉ុន្មានម៉ោងប៉ុណ្ណោះ បានគ្រប់គ្រងដែនដីនៃក្រុង គ្រប់ច្រកចេញចូល ។ ពួកគេក៏មានផែនការលើកទង់ជ័យខ្មៅ នៅតាមអគារមួយចំនួន របស់រដ្ឋាភិបាលផងដែរ" ៕

យោធា អាល់ កៃដា វាយក្រុងមួយ នៅភាគខាងត្បូង យ៉េម៉េន