មីយ៉ាន់ម៉ា​បាន​ចាប់​ផ្តើម​សករាជ​ថ្មី​ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​

មីយ៉ាន់ម៉ា​បាន​ចាប់​ផ្តើម​សករាជ​ថ្មី​ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​

មេដឹកនាំ​ប្រជាធិបតេយ្យ​គឺ​លោកស្រី​ អង់សាន ស៊ូជី អញ្ជើញ​មក​ដល់​ការ​បើក​សម័យ​ប្រជុំ​លើក​​ដំបូងនៃ​រដ្ឋ​សភា​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

ប្រទេសមីយ៉ាន់ម៉ា​ដែល​ពីមុន​មាន​ឈ្មោះ​ថា​ភូមា​នោះ​ បាន​ចាប់​បើក​ទំព័រ​ថ្មី​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ពេល​ដែល​រដ្ឋ​សភា​ដែល​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​ខ្លួន​ បាន​បើក​សម័យ​ប្រជុំ​លើកដំបូង​ ដោយ​បញ្ចប់​ជា​ផ្លូវ​ការ​នូវ​ការ​គ្រប់គ្រង​តាម​បែប​កណ្តាប់​ដៃ​ដែក​របស់​ក្រុម​យោធា​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​មក​នេះ។

មេដឹកនាំ​ប្រជាធិបតេយ្យ​គឺ​លោកស្រី​ អង់សាន ស៊ូជី បាន​ដឹកនាំ​សមាជិក​សភា​ដែល​ទើប​នឹង​ជាប់​ឆ្នោត​ថ្មីៗ​មក​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ ចូល​ទៅ​កាន់​សភាជាតិ​នៅ​ក្នុង​រដ្ឋធានីណៃពិដោ (Naypyitaw)។

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ បាន​យក​ជ័យ​ជម្នះ​លើ​គណបក្ស​សាមគ្គីភាព​និង​អភិវឌ្ឍ​សហភាព​ ដែល​គាំទ្រ​ដោយ​ក្រុម​យោធា ដោយ​ទទួល​បាន​អាសនៈ​៨០​ភាគរយ​នៃ​អាសនៈ​ទាំងអស់​នៅក្នុង​សភា​ទាំង​ពីរ។

សម័យ​ប្រជុំ​លើក​ដំបូង​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​ការពិត​នូវ​គ្រា​មួយ​ដែល​ត្រូវ​បាន​ពន្យា​ពេល​ ចាប់តាំង​ពី​ឆ្នាំ​១៩៩០​មក​ដែល​នៅ​ពេល​នោះ​ក្រុម​យោធា​បាន​បដិសេធ​មិន​ឲ្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​កាន់​អំណាច​ ក្រោយ​ពី​គណបក្ស​នេះ​បាន​ឈ្នះ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​នោះ៕