ហេតុអ្វី​នាង​ខ្ញុំ​គ្មាន​មិត្ត​ប្រុស ?

Doliprane TVC

«​យកប្តី​ទៅ ! ប្រយ័ត្ន​នៅ​ព្រៅ !» ទាំងនេះ​គឺជា​ពាក្យ​ដែល​នាង​ខ្ញុំ​បានឮ​ស្ទើរតែ​គ្រប់ពេល គ្រប់កន្លែង មិនថាតែ​នៅ​កន្លែងធ្វើការ ឬ មួយ​នៅផ្ទះ ។ ពេលខ្លះ​ពាក្យ​ទាំងនេះ​ធ្វើឱ្យ​នាង​ខ្ញុំ​ឈឺក្បាល​ខ្លាំងណាស់ ។ ​នាង​ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល បច្ចុប្បន្ន​ធ្វើការ​នៅ​ភ្នំពេញ ឆ្នាំនេះ​អាយុ ៣០ ឆ្នាំ​គត់ ។ ប៉ុន្មាន​ខែ​កន្លងមកនេះ​នៅ​កន្លែងធ្វើការ​មិត្តភក្តិ​ប្រុស​ស្រី​មួយចំនួន​នាំគ្នា​បង្អាប់​នាង​ខ្ញុំ​អំពី​រឿង​មិនទាន់​យកប្តី ។ អ្នកខ្លះ​ថា«​គួរតែ​ឆាប់​យកប្តី​ទើប​ល្អ​»​ឯ​អ្នកខ្លះ​ថា​«​ប្រយ័ត្ន​ក្លាយជា​ក្រមុំសាវកែ​» អ្នក​ខ្លះទៀត​ថែមទាំង​ចំអក​ថា​«​សង្ស័យ​តែ​នៅ​ក្រមុំ​ដល់​ចាស់​ទេ បើ​សម្តី​បែបនេះ​!» ។ មិនមែន​តែ​នៅក្នុង​ក្រុមហ៊ុន​នោះទេ សូម្បីតែ​ពេល​ទៅផ្ទះម្តងៗ​ក៏ត្រូវ​ញាតិ​ជិតខាង​និយាយ​បែបនេះ​ដាក់​នាង​ខ្ញុំ​ដែរ ។​

​ធ្វើការ​នៅ​ភ្នំពេញ​យូរ​ឆ្នាំ​ពេល​មានឱកាស​បាន​ជួប​មិត្តភក្តិ​ចាស់​នាង​ខ្ញុំ​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះថា​មិត្ត​ខ្លះ​មានកូន​ដល់​ទៅ ៣ អ្នកខ្លះ​មានកូន ២ ហើយ​អ្នក​ខ្លះទៀត​ក៏​បង្ហោះ​រូបភាព​រៀបការ​របស់​ពួកគេ ឬ រូបភាព​កូនៗ​របស់​ពួកគេ មើលទៅ​ពួកគេ​មាន​សេចក្តីសុខ​ណាស់ ។ ពេល​នាង​ខ្ញុំយក​រឿងនេះ​មក​គិត​ម្តងៗ​ទើប​ដឹងថា​ខ្លួន​មាន​អាយុ​ច្រើន​ហើយ ។ ពេលមាន​គេ​សួរ​«​ហេតុអ្វី​មិនទាន់​យកប្តី ?» នាង​ខ្ញុំ​មានតែ​ឆ្លើយថា​«​ចង់​នៅ​ព្រៅ ល្អ​ជាង ! យកប្តី​នាំ​តែ​ពិបាកចិត្ត​»​។​​ ម្យ៉ាងទៀត​ឃើញ​មិត្តភក្តិ​ខ្លះ​ខកចិត្ត​ខូច​ប្រាណ​ដោយសារ​ស្នេហា ហើយ​មិត្ត​ខ្លះ​មួយថ្ងៃៗ​ចេះតែ​ខ្វាយខ្វល់​ខ្លាច​គេ​មិន​ស្រឡាញ់ ខ្លាច​គេ​ដោះដៃ ។

ជាង​នេះ​មិត្តភក្តិ​ស្រីៗ​របស់​នាង​ខ្ញុំ​ខ្លះទៀត​ថែមទាំង​ចេះ​កុហក ចេះ​ផ្អែម​ទៀតផង នាង​ខ្ញុំ​មិន​ចូលចិត្ត​បែបនេះ​ទេ ។ នាង​ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​ភាព​ទៀងត្រង់ ហើយ​មិន​ចូលចិត្ត​ទ្រ​អ្នកដទៃ​នោះដែរ ។ ​តាម​ការពិត​នាង​ខ្ញុំ​ក៏​មិន​ចង់​នៅ​ក្រមុំ​យូរ​ដែរ ប៉ុន្តែ​មិនដឹង​ហេតុអ្វីបានជា​មិនមាន​បុរស​ណា​មក​ស្រឡាញ់ ។ បុរស​ខ្លះមក​ចង់​ទាក់ទង​នាង​ខ្ញុំ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​បែរជា​ឃើញ​ទៅ​ផ្អែមល្ហែម​ជាមួយ​ស្រី​ផ្សេង​ទៅវិញ ។ សូម​សួរថា បែបនេះ​តើ​នាង​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ដើម្បី​ឆាប់​មាន​គូស្នេហ៍​នឹង​គេ ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​នេះ​ជា​យុគសម័យ​ហ្វេ​ស​ប៊ុ​ក ដែលជា​សម័យ​ប្រកួតប្រជែង​ខ្លាំង និង ជាសម័យ​ដែល​ត្រូវតែ​អួត​គ្រប់យ៉ាង ដូច្នេះ​នារី​គ្រប់រូប​មិនអាច​សំងំ​នៅតែ​ផ្ទះ​ធ្វើជា​«​សំពត់​ក្នុង​ផ្នត់​» ហើយ​ដេក​រង់ចាំ​ព្រេងសំណាង​ដូច​កាល​សម័យមុន​នោះទេ ។ ​នាង​បានមក​ធ្វើការ​នៅ​ភ្នំពេញ​ច្រើន​ឆ្នាំ​ហើយ​ស្រុកកំណើត​ក៏​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង ដូច្នេះ​នាង​ប្រាកដជា​ដឹង​អំពី​ចំណូលចិត្ត​របស់​មនុស្ស​សម័យថ្មី​តាមរយៈ​ទំនាក់ទំនង និង ការប្រើប្រាស់​បណ្តាញ​សង្គម ។ មនុស្ស​ជំនាន់​នេះ​តែងតែ​រត់តាម​សម្ភារ​និយម បើ​ពួកគេ​មិន​ស្អាត ពួកគេ​នឹង​ទៅ​កែ​សម្ផស្ស បើ​មិនទាន់មាន​ស្មា​ត​ហ្វូ​ន​ល្អពួកគេ​នឹង​ទៅ​ទិញ​បង់​រំលស់​ដើម្បី​បាន​អួត​គេ ។ ប្រការនេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ពួកគេ​បាន​លេចធ្លោ​ក្នុងចំណោម​មនុស្ស ។​

​យោង​ខាងលើនេះ​«​ប្រជាប្រិយ​»​សន្និដ្ឋានថានាង​ប្រហែល​ដឹង​ច្បាស់ ប៉ុន្តែ​កត្តា​មួយ​សំខាន់​ដែល​ធ្វើឱ្យ​នាង​បរាជ័យ​ក្នុងការ​ស្វែងរក​គូជីវិត​នោះ​គឺ​ទម្លាប់​របស់​នាង ។ ភាពស្មោះត្រង់​របស់​នាង​ជា​ប្រការ​ល្អ តែ​មនុស្ស​គេមិនសូវ​ចូលចិត្ត​«​ឃើញ​អាក្រក់​ថា​អាក្រក់​»​នោះទេ ព្រោះថា​មនុស្ស​តែង​ចូលចិត្ត​ការសរសើរ ចូលចិត្ត​ពាក្យ​ផ្អែមល្ហែម បើទោះជា​ដឹងថា​ពេលខ្លះ​«​ផ្អែម​អាច​សម្លាប់​ស្រមោច​» ។ ដូច្នេះ​ចំណុច​អវិជ្ជមាន​ធំ​បំផុត​របស់​នាង​គឺ​ខ្វះ​ពាក្យ​ផ្អែមល្ហែម ។ នាង​គួរតែ​ចាប់ផ្តើម​កែប្រែ​ចំណុច​នេះ​ឱ្យបាន​ដើម្បីអាច​ទាក់ទាញ​ការយកចិត្តទុកដាក់​ពី​បុរស​នៅ​ជុំវិញខ្លួន ។

​ជាង​នេះ​នាង​ត្រូវ​ធ្វើខ្លួន​ឱ្យទៅជា​មនុស្ស​ចេះ​បត់បែន​តាម​កាលៈទេសៈ ចេះ​ធ្វើខ្លួន​ឱ្យ​លេចធ្លោ​ក្នុងចំណោម​មនុស្សហើយ​ត្រូវ​ចេះ​រាប់អាន​មិត្តភក្តិ​ឱ្យបាន​ច្រើន ។ ការបើក​ទូលាយ​ចិត្ត​ក្នុងការ​រាប់អាន​មនុស្ស និង យកចិត្ត​ទុកដាក់​លើ​ពួកគេ​ក៏​ជា​វិធី​មួយ​ជួយ​ឱ្យ​ស្វែងរក​គូជីវិត​បាន​ឆាប់រហ័ស ។ ចំណែក​ការចេញទៅ​ខាងក្រៅ​ឃើញ​គេ​ឃើញ​ឯង​រួម​នឹង​ការប្រារឰពិធី​ខួបកំណើត ឬ ជប់លៀង​ដោយ​អញ្ជើញ​មិត្តភក្តិ​មក​ចូលរួម​ក៏​នឹង​នាំឱ្យ​មនុស្សម្នា​បាន​ស្គាល់​នាង​កាន់តែច្រើន ដូច្នេះ​ឱកាស​រកបាន​មិត្ត​ប្រុស​កាន់តែច្រើន ។​

​ម្យ៉ាងទៀត​ការនិយាយ​គ្នា​លេង​ជាមួយ​បុរស​មិន​ធ្លាប់​ស្គាល់​នៅ​ផ្សារ​ទំនើប ឬ បណ្ណាគារ​ក៏​អាចជា​រឿង​ល្អ​សម្រាប់​នាង ។ ចូរ​បង្ហាញ​វត្ត​មាននៅ​ផ្សារ​ទំនើប ហាង​កាហ្វេ ឬ បណ្ណាគារ​ឱ្យបាន​ញឹកញាប់ ហើយ​បើ​យល់ថា​ខ្លួន​មាន​រូបរាង​សមល្មម​អាច​បង្អួត​គេឯង នាង​គួរតែ​ចូលរួម​ក្រុម​ហាត់ប្រាណ​ណាមួយ​នៅ​ទីសាធារណៈ ឬក៏​នៅ​ក្លឹប​ហាត់ប្រាណ​ដែល​មិនមែន​សម្រាប់តែ​ស្ត្រី ។ ចូរ​ញញឹម​ឱ្យបាន​ច្រើន​នៅ​កន្លែង​ដែល​នាង​ទៅដល់ ។

​ក្នុង​ផ្សារ​ទំនើប​នាង​អាច​យកចិត្តទុកដាក់​ទៅលើ​បុរស​ដែល​នាង​ពេញចិត្ត ហើយ​សរសើរ​គាត់​អំពី​ការជ្រើសរើស​ទំនិញ ឬ សុំឱ្យ​គាត់​ជួយ​យក​ទំនិញ​ដែល នាង​មិនអាច​ឈោង​ដល់ ឬ មួយ​សុំឱ្យ​គាត់​ជួយ​ជ្រើសរើស​ផ្លែឈើ​ដែល​ល្អ សម្រាប់​សម្រស់​ស្ត្រី ។ នៅ​កន្លែង​ហាត់ប្រាណ​នាង​អាច​តែងខ្លួន​ឱ្យ​ទាក់ទាញ ដូចជា​ចង​សក់​បង្ហាញ​សាច់​ស្មា ពាក់អាវ​វាល​ក្លៀក​បង្ហាញ​ផ្ចិត​តិចៗ ។​ល​។ ចូរ​ផ្តើម​ធ្វើឱ្យ​បុរស​ណា​ម្នាក់​ចាប់អារម្មណ៍​មកលើ​កែវភ្នែក​នាង​ហើយ​ញញឹម ដាក់​គាត់​បន្តិច និង ស្នើឱ្យ​គាត់​ជួយ​ធ្វើ​អ្វី​ម្យ៉ាង ។ មកដល់​ដំណាក់កាល​នេះ ចង់​មិន​ចង់​អ្នក​ទាំងពីរ​ប្រាកដជា​នឹងមាន​ឱកាស​ជជែក​គ្នា​លេង​អំពី​រឿង​ផ្សេងៗ ដូច្នេះ​ចូរ​រក្សា​ទំនាក់ទំនង​នេះ​ទោះបី​នាង​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​បុរស ច្រើន​នាក់​ផ្សេងទៀត​ក៏ដោយ ។ ធ្វើបាន​ដូចខាងលើ​នេះ​«​ប្រជាប្រិយ​» ​ជឿជាក់ថានាង​នឹង​អាច​រកបាន​គូស្នេហ៍​ម្នាក់​ក្នុងពេល​ដ៏​ខ្លី​បំផុត ។ ​សូម​ជូនពរ​នាង​ឱ្យ​ទទួលបាន​ជោគជ័យ​ដូច​ប្រាថ្នា ៕