សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់បាន​រថយន្ត​មួយគ្រឿង​ដឹកឈើ​ម្រះព្រៅភ្នំ​

​ខេត្តកំពង់ឆ្នាំង​៖ ឈើ​ដើម​ម្រះព្រៅភ្នំ​មានមុខ​ធំៗ​ជា​១​ម៉ែត្រ ដឹក​តាម​រថយន្ត​តា​កូ​ម៉ា​១​គ្រឿង​របស់​មន្ត្រី​យោធា​ស័​ក្ត​៥​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​សហការគ្នា​ស្ទាក់​ចាប់បាន នៅ​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ នៅតាម​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​សាលាបឋមសិក្សា​គំរូ​ជ្រៃ​បាក់ ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ ហើយ​ត្រូវបាន​សមត្ថកិច្ច​យក​រថយន្ត និង​ឈើ​មក​រក្សាទុក​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​នៅក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​។​

​លោក ហោ ដា​រា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ សមត្ថកិច្ច​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ស្ទាក់​ចាប់បាន​រថយន្ត​ម៉ាក​តា​កូ​ម៉ា​ពណ៌​ឈាមជ្រូក​១​គ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ 2I- 1418 ដឹកឈើ​ម្រះព្រៅភ្នំ​មាន​មុខធំ​គ្រប​តង់​ខៀវ​ជិត ប៉ុន្តែ​បាន​ធំក្លិន​ម្រះព្រៅ​ភាយ​មក​ក្រៅ​ដែល​មិនអាច​លាក់បាំង​បានឡើយ​។ ក្រោយពី​ទទួលបាន​បញ្ជារ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំ​បូ​​ង​ខេត្តកំពង់ឆ្នាំង​រថយន្ត​និង​ឈើ​ម្រះព្រៅភ្នំ​នេះ​ត្រូវបាន​សមត្ថកិច្ច​នាំយក​មក​រក្សាទុក​ទាំងយប់​នៅក្នុង​ខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ចំណែក​អ្នកបើកបរ​រថយន្ត​និង​ម្ចាស់​ឈើ​ជិះ​ក្នុង​រថយន្ត​នេះ​ចំនួន​២​នាក់ មិន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ ក្រោម​ការដឹកនាំ​របស់​លោក គឹម ហុង​សាន ព្រះរាជអាជ្ញា រង​សា លា​ដំបូង​ខេត្ត បាន​ដឹកនាំ​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​សម្ភារៈ​នៅក្នុង​រថយន្ត ឃើញ​មាន​អាវ​យោធា មួយ​របស់​ម្ចាស់​រថយន្ត​មានឈ្មោះ វរសេនីយ៍ឯក ទេព ហុង អត្តលេខ ០៥៤៥៨៣ និង​នៅលើ​កញ្ចក់ រថយន្ត​មាន​ផ្លាក​សំគាល់​ក្រសួងមហាផ្ទៃ និង​កងយោធពល​ខេមរភូមិន្ទ ចំនួន​២​សន្លឹក​ផងដែរ និង​បាន ប្រគល់ អោយ​យ​សមត្ថកិច្ច​ជំនាញ​វាស់វែង​ឈើ​ជា​វត្ថុតាង​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​

​លោក ហោ ដា​រា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ក្រោយពី​ការវាស់វែង​រួច​ទិន្ន័យ ឈើ​ទាំងអស់​នៅលើ​រថយន្ត​នេះ​មាន​ចំនួន ២,៧០៣​ម៉ែត្រគូប ក្នុងនោះ​មាន​ប្រភេទ​ឈើ​ម្រះព្រៅភ្នំ មុខ ធំៗ​ចំនួន​៩​ដុំ ឈើ​បេង​៥​ដុំ និង​ឈើ​ជ្រៀក​រួច​ជា​គ្រឿង​សង្ហា​រឹម​តូចៗ​មួយចំនួនទៀត​។​

សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ ឈើ​ម្រះព្រៅភ្នំ​មាន​អាយុ​រាប់រយឆ្នាំ​ដែល​ជនល្មើស​បាន​ដឹក​នៅលើ រថយន្ត​ចេញពី​ព្រៃភ្នំ​ខេត្តពោធិសាត់ ជា​ក្តារ​ធំៗ​មាន​កម្រាស់​ពី​១​តឹ​ត​កន្លះ ទៅ​១​តឹក​៧​ហ៊ុន ទទឹង​ពី​១​ម៉ែត្រ ទៅ​១​ម៉ែត្រ​៣​តឹក និង​បណ្តោយ​៣​ម៉ែត្រ សរុប​មាន​ចំនួន​៤​សន្លឹក ចំណែក​ឈើ​ម្រះព្រៅ​មូល​១​ដុំ ធំ​មាន​មុខកាត់​ប្រមាណ​១​ម៉ែត្រ​កន្លះ​ដែល​ឈើ​ដ៏​កម្រ​នេះ​ទំរាំ​មាន​ទំហំ​ប៉ុណ្ណឹង​គឺមាន​អាយុប្រមាន​៣​ទៅ​៤​រយ​ឆ្នាំ និង​មានតម្លៃ​រាប់ម៉ឺន​ដុល្លា​មិនគួរ​អោយគេ​កាប់បំផ្លាញ​បាន​ដូច្នេះ​ឡើយ​។​

​ប្រជាពលរដ្ឋ​ស្នើសុំ​សមត្ថកិច្ច និង​លោក​ព្រះ​អាជ្ញា​សាលាដំបូង​ខេត្ត​ស្រាវជ្រាវ​រកមុខ​ម្ចាស់​ឈើ និង​អ្នក កាប់ បំផ្លាញ​ឈើ​ម្រះព្រៅភ្នំ​នេះ​អោយឃើញ ដើម្បី​ផ្តន្ទាទោស​ពួកគេ​អោយ​ម៉ឺងម៉ាត់​ទៅតាម​ច្បាប់​ស្តីពី ព្រៃឈើ កុំអោយ​អ្នកផ្សេង​ទៀត​យក​គំរូ​តាម​៕ រិ​ទ្ធិ ជ័យ​

KA-01-02-2015-24 KA-01-02-2015-25 KA-01-02-2015-26 KA-01-02-2015-27 ​ ​
​ ​
​ ​