ឡាន​យី​ឌុប​ផ្ទុក​ដំឡូង​មី​ពេញ​លើស​ចំណុះ​ឡើង​ចំណោត​មិន​រួច រអិល​ថយក្រោយ​ក្រឡាប់​៣​ត្រឡប់

​ខេត្តរតនគិរី​៖ បង្កាន់ដៃ​ផ្លូវជាតិ​លេខ​៧៨​ចំនួន​ប្រាំ​ផ្ទាំង​ត្រូវ​រង​នូវ​ការ​ខ្ទេច​រួញ​បង្កឡើង​ដោយ​រថយន្ត​ធន​ធ្ងន់​ផ្ទុក​ដំឡុង​មី ឡើង​ចំណោទ​មិន​រួច​រអិល​បុក​កំទេច ហើយ​រថយន្ត​ក្រឡាប់​៣​ត្រឡប់ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ តែ​សំណាងល្អ​តៃកុង​រថយន្ត និង​អ្នករួមដំណើរ​មិនបាន​ប៉ះពាល់​ដល់​អាយុជីវិត​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​លូ​កាត់​ទទឹងផ្លូវ​(​ហៅថា​អូរ​ទ្រា​វ​) ស្ថានភាព​ផ្លូវ​ឡើង និង​ចុះ​ចំណោត ស្ថិតក្នុង​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​

តាម​ប្រភពពី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា កាលពី​វេលា​ម៉ោង​ខាងលើ គេ​ឃើញ​រថយន្ត​ប្រភេទ​យី​ឌុប ពណ៌​ខៀវ ពាក់​ស្លាក​លេខ​3B-6516 ភព ផ្ទុក​ដំឡូង​មី​បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខណៈ​ផ្លូវ​ចុះ​ចំណោតភ្នំ សង្ស័យ​តៃកុង​រថយន្ត​ខ្វះ​ជំនាញ​បើកបរ មិន​សាង​លេខ​បម្រុង​បន្ថែម​ល្បឿន​អូរ​តូ​ឡើង​ចំណោត​អោយ​ផុត ជា​ចៃដន្យ​រថយន្ត​ផ្ទុក​ធ្ងន់​ឡើង​ចំណោត​អត់​រួច​ជាប់គាំង​សាង​លេខ​មិន​ចូល​បង្ក​អោយ​រថយន្ត​ថយក្រោយ​យ៉ាង​លឿន​ត្រឡប់ក្រោយ​វិញ​បុក​រះ​បង្កាន់ដៃ​ផ្លូវ​ខ្ទេច​អស់​ចំនួន​ប្រាំ​ផ្ទាំង​ក៏​ក្រឡាប់​ទៅក្នុង​ជ្រោះ​នោះ​តែម្តង​។

​ប្រភព​បាន​បន្តទៀតថា​អ្នករួមដំណើរ​ក្នុង​រថយន្ត​មាន​ចំនួន​៣​នាក់ ប្រុស​២ ស្រី​១ មិន​ស្គាល់​អត្ត​ស​ញ្ញណ​ឡើយ ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។ ចំណែក​រថយន្ត​ខូច​ខ្ទេច​ស្ទើ​តែ​ទាំងស្រុង​។​លុះ​ព្រឹក​ឡើង​ត្រូវ​នឹង​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​ដើម្បី​ចាត់​ការណ៍​បន្ត​តាម​និតិ​វិធី​ច្បាប់​។ សូមបញ្ជាក់​ផងដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនមែន​ទើប​កើតឡើង​លើក​ទី​១​នោះទេ នៅ​ចំណុច និង​ទីតាំង​ដដែល​ខាងលើនេះ​គឺជា​លើក​ទី​៤​មកហើយ​៕ លី វណ្ណៈ​

KA-01-02-2015-15 KA-01-02-2015-17 KA-01-02-2015-16 KA-01-02-2015-18