សកម្មភាព​ប្រើប្រាស់​គ្រឿង​ញៀន​កើន​ឡើង​នៅ​កម្ពុជា

សកម្មភាព​ប្រើប្រាស់​គ្រឿង​ញៀន​កើន​ឡើង​នៅ​កម្ពុជា

មន្ត្រី​ប៉ូលិស​និង​ពលរដ្ឋ​នៅ​ឯ​ពិធី​ដុត​បំផ្លាញ​​គ្រឿង​ញៀន​ដែល​ត្រូវ​​ចាប់​បាន​ នៅ​ឯ​ពិធី​មួយ​នៅរាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២។ របាយការណ៍ថ្មី​មួយ​​​បាន​​ឲ្យ​ដឹង​ថា ​កំណើន​បទ​ល្មើស​ក្នុង​ប្រទេស​កម្ពុជា​​ ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​កើន​ឡើង​នូវ​សកម្មភាព​គ្រឿង​ញៀន​ក្នុង​តំបន់។ ភ្នំពេញ—

បទល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក​នេះ។ នេះ​បើ​យោង​តាមរបាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ២០១៥​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​សន្និបាត​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១​កុម្ភៈ​នេះ។

របាយការណ៍​នេះ​បានឲ្យ​ដឹង​ថា ​កំណើន​បទ​ល្មើស​ក្នុង​ប្រទេស​កម្ពុជា ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​កើន​ឡើង​នូវ​សកម្មភាព​គ្រឿង​ញៀន​ក្នុង​តំបន់។

បទល្មើស​ទាក់ទង​នឹងការ​ប្រើប្រាស់​គ្រឿង​ញៀន​ គឺ​ជា​កត្តា​ចម្បង​ ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម ​ដូចជា​ចោរកម្ម ​អំពើ​ហិង្សា​ទូទៅ។

ក្នុង​សុន្ទរកថាបើក​សន្និបាត ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​ចូល​រួមប្រហែល​១.០០០​នាក់​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​កែរ គឹមយ៉ាន ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿន​ញៀន​ ថ្លែង​ថា ​ក្នុង​ឆ្នាំ​២០១៥ ​អ្នក​ញៀន​ថ្នាំ​ចំនួន​៧.៧៥៣​នាក់​ បាន​ទទួល​ការ​ព្យាបាល​ ដើម្បី​ផ្ដាច់​គ្រឿង​ញៀន។

លោក​ បន្ត​ថា​ អាជ្ញាធរ​របស់​លោក បាន​សហការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ បាន​៤៧​កន្លែង​នៅ​តាមមណ្ឌល​ និង​មន្ទីរ​ពេទ្យ​បង្អែក​ ហើយ​អាជ្ញាធរ ក៏​បាន​បង្ក្រាប​បទ​ល្មើសជាង​៣​ពាន់​ករណី​ដែរ ដោយ​ចាប់​បាន​ជន​ល្មើស​ប្រើ​ថ្នាំញៀន​ជាង​៧.០០០​នាក់ ​ដែល​ក្នុង​នោះ​ មាន​ស្ត្រី​៨៥៣​នាក់។ តួលេខ​នេះ​ បង្ហាញ​ថា​ ចំនួន​ស្រី​ប្រើ​ថ្នាំ​ញៀន​ មាន​ការ​កើន​ឡើង ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤។

លោក​ កែរ គឹមយ៉ាន​ បាន​ថ្លែង​នៅ​ឯ​សន្និបាត​នោះ​ថា៖

«យោង​តាម​របាយ​ការណ៍​គ្រឿងញៀន​ពិភពលោក​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម ​(UNODC) ​ក្នុង​ឆ្នាំ​កន្លង​មក​នេះ ​ការ​ដាំដុះ ​ការ​ផលិត ​ការ​ចរាចរ ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ ពុំ​មាន​ការ​ថយ​ចុះ ​ទាំង​ក្នុង​កម្រិត​ថ្នាក់​តំបន់ ​និង​សាកល​លោក»។

ក្នុង​សុន្ទរកថា​របស់​លោក ​លោក​ កែរ គឹមយ៉ាន​ លើក​វិធាន​ការ​សំខាន់ៗ​ដូច​ជា​ ការ​បង្ការ ​ទប់ស្កាត់ ​បង្ក្រាប​ការ​ប៉ុនប៉ង​ផលិត​គ្រឿង​ញៀននិង​ការ​ធ្វើ​ចរាចរ​គ្រឿង​ញៀន​ជាដើម។

ក្រៅ​ពី​នេះ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​គ្រឿង​ញៀន​រូប​នេះ ក៏​បាន​ថ្លែង​ពី​សារៈសំខាន់​នៃ​ការងារ​ផ្សព្វផ្សាយ ​អប់រំ ​ព្យាបាល ​និង​ស្ដារ​នីតិសម្បទាជនរងគ្រោះ​នៃ​ថ្នាំញៀន​ និង​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ ហើយ​និង​ប្រមូល​ទិន្នន័យ​តាមដាន​រក​ឈ្មួញ​ជួញដូរ​ថ្នាំ​ញៀន​ធំៗ ​ផង​ដែរ។

អ្នកស្រី​ មឿន សុខខឿន​ អាយុ​៥៩ឆ្នាំ ​អ្នក​រស់នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន បាន​ប្រាប់ ​VOA ​ថា​ ​ អ្នក​ប្រើ​ថ្នាំ​ញៀន​ភាគ​ច្រើន​ ច្រើន​តែ​ជា​អ្នក​មាន។

អ្នកស្រី​ បន្ត​ថា ​ប្រជាជន​ក្រីក្រ ក៏​ជាអ្នករងគ្រោះ​នៃ​ថ្នាំ​ញៀន​ដែរ​ សូម្បី​តែ​ខ្លួន​មិនមែន​ជា​អ្នក​ញៀន​ថ្នាំ​ក៏​ដោយ។

«ឥឡូវ​ហ្នឹង​មាន​សឹងតែ​គ្រប់​កន្លែង​ទាំង​អស់ ​សុះសាយ​ពេញ​ហ្នឹង​ទាំង​អស់។ ​តំបន់​អ្នក​ក្រ​ហ្នឹង​ មាន​ច្រើន​ជាង​តំបន់​អ្នក​មាន​ទៀត!​ អ្នក​មាន ​មក​រក​អ្នកក្រ ​ហើយ​អ្នក​ក្រ​អត់​លុយ ​ចេះ​តែ​ជួយ​គេ​ទៅ​ បាន​លុយ​តិច​តួច​មក​ទិញ​ថ្នាំ​ជក់»។

អ្នកស្រី​បន្ត​ថា​ ​ប្រជាជន​ក្រី​ក្រ​ក៏​ត្រូវ​អ្នក​ញៀន​ថ្នាំ ​ប្រើ​ជា​ខែល​ការពារ​ខ្លួន​គេ​ផង​ដែរ ​ដូចជា​ ជួល​ផ្ទះ​អ្នកក្រ​ សម្រាប់​ធ្វើ​ជា​កន្លែង​ប្រើ​ប្រាស់​ថ្នាំញៀន​ ​ជួល​ក្មេង​ក្រីក្រ​ឲ្យ​ទិញ​ថ្នាំ​ញៀន​ និង​យាម​ផ្លូវ​ឲ្យ​ខ្លួន​ជាដើម។

លោក​ ពិន សុខុម ​អ្នក​សម្រប​សម្រួល​កម្មវិធី​សង្គ្រោះ​ជីវិត​នៃ​អង្គការ​មិត្ត​សម្លាញ់​ ដែល​ជួយ​ក្មេងក្រីក្រ​និង​ក្មេង​អនាថា ​បាន​ឲ្យ​ដឹង​ថា​ ​អង្គការ​របស់​លោក ​ធ្វើការ​ជាមួយអ្នក​ញៀន​គ្រឿង​ញៀន​ចំនួន​១.៧០០​នាក់​នៅ​ដើម​ឆ្នាំ​២០១៥ ​ហើយ​នៅ​ចុង​ឆ្នាំ ​ចំនួន​អ្នក​ញៀន​ថ្នាំ​ ដែល​អង្គការ​របស់​លោក​ធ្វើការ​ជាមួយ​ដើម្បី​ផ្ដាច់​គ្រឿងញៀននោះ​ បាន​ឡើង​ដល់​ជាង​២២០០​នាក់។

លោក​សុខុម និយាយ​ថា​ វិធាន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​អ្នក​ចែក​ចាយ អ្នក​ផលិត​ ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន ​ហើយ​និង​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ផល​វិបាក​នៃ​គ្រឿងញៀន ​គឺ​ជា​វិធាន​ការ​ល្អ ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​អ្នក​ញៀន​ថ្នាំ​ថ្មី។

លោក​ បន្ត​ថា ​វិធានការសម្រាប់​ជួយអ្នក​ដែល​ញៀន​ថ្នាំ​ ទាមទារ​កិច្ច​សហការ​រវាង​រដ្ឋាភិបាល​និង​អង្គការ​ដៃគូ​នានា ​ដើម្បី​អប់រំ​ពួកគេ​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា​ប្រឈម ​ ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​ពួកគេ ឬ​ឲ្យ​ពួកគេ​អាច​បន្ត​ការ​សិក្សា។

«ប្រសិនបើ​យើង គ្រាន់តែ​យក​គាត់​ទៅ​ដាក់​ក្នុង​មណ្ឌល ហើយ​យើង​ មិន​បាន​បង្រៀន​គាត់ ពី​របៀប​ដោះស្រាយ​បញ្ហា​ជីវិត ដោយ​ជៀស​ផុត​ពី​គ្រឿងញៀន យើង​អត់​បាន​បង្រៀន​ពី​ពិធី​សាស្ត្រ​ផ្សេងៗ ដើម្បី​ឲ្យ​គាត់​រៀន​រស់នៅ រៀន​ធ្វើ​ការងារ រៀន​រស់នៅ​ក្នុង​សង្គម​ដោយ​មិន​ប្រើប្រាស់​គ្រឿងញៀន ពេល​គាត់​ត្រឡប់​មក​វិញ គាត់​នឹង​បន្ត​ទៅ​ប្រើប្រាស់​គ្រឿងញៀន​វិញ​ដដែល»។

លោក​ ពិន សុខុម និយាយ​ថា ​ការ​ឃុំឃាំង​អ្នក​ញៀន​ថ្នាំ​ ឲ្យ​នៅ​ក្នុង​មណ្ឌល​មិន​អាច​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ អាច​ផ្ដាច់​គ្រឿង​ញៀន​បាន​ទេ។

លោក​ បន្ត​ថា ការ​ឃុំឃាំង​អ្នក​ញៀន​ថ្នាំ​ ដើម្បី​ផ្ដាច់ចេញ​ពី​មជ្ឈដ្ឋាន​ថ្នាំ​ញៀន គឺ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ ដោយ​លោក​និយាយ​បន្ថែម​ថា ​ដើម្បី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ មណ្ឌល​ផ្ដាច់​គ្រឿង​ញៀន​ ត្រូវ​អប់រំជនរងគ្រោះ​ឲ្យ​យល់​ពី​ផលវិបាក​ ហើយ​តាំងចិត្ត​ឈប់​ប្រើប្រាស់​គ្រឿង​ញៀន​តទៅ​ទៀត៕