បុរស​ក៏​មាន​ចំណែក​ធ្វើឲ្យ​អត់​កូន​បាន​ដែរ​

បុរស​ក៏​មាន​ចំណែក​ធ្វើឲ្យ​អត់​កូន​បាន​ដែរ​

​ក្នុងពេល​បង្ក​កំណើត មនុស្ស​យើង​ភាគច្រើន​គឺ​ផ្តោត​សំខាន់​តែ​ទៅលើ​សុខភាព​ស្ត្រី​ទេ ចំណែកឯ​សុខភាព​បន្ត​ពូជ​បុរស​ច្រើនតែ​មិនសូវ​ខ្វល់​ឡើយ​។ ដូច្នេះ​ហើយ​វា​តែងតែ​ជា​រឿង​មួយ​យឺត​ពេល​នៅពេល​គូរ​ស្វាមីភរិយា​ទាំង​ពីរ​រកឃើញ​មូលហេតុ​។ ចូរ​ចាំ​ថា នៅពេល​កំពុង​តែ​ព្យាយាម​យក​កូន យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ទៅលើ​សុខភាព​មនុស្ស​ទាំង​ពីរ​នាក់ និង​សិក្សា​ទៅលើ​មូលហេតុ​នៃ​ការ​មិន​អាច​មាន​កូន​បាន​ផង​។

​ខណៈពេល​ដែល​មាន​សញ្ញា​ជាច្រើន​ដែល​អាច​បញ្ជាក់​ថា​មាន​បញ្ហា​ទៅ​លើ​មនុស្ស​ស្រ់​នោះ សញ្ញា​នៃ​ការ​មិន​អាច​មាន​កូនរ​បស់​បុរស​ច្រើនតែ​មិន​អាច​ស្តែង​ឲ្យឃើញ​ជាក់ស្តែង​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​គូ​ស្វាមីភរិយា​អាយុ​ចាប់ពី ៣៥​ឆ្នាំ​ឡើង​ទៅ ហើយ​កំពុងតែ​ព្យាយាម​យក​កូន​យូរ​ជាង​មួយ​ឆ្នាំ​មិន​បាន​ជោគជ័យ​នោះ វា​គឺជា​សញ្ញា​មួយ​ដែល​ត្រូវការ​ជំនួយ​ពី​គ្រូពេទ្យ​ហើយ​។ ភាគច្រើន​សមត្ថភាព​មាន​កូន​របស់​បុរស​ត្រូវ​បាន​សិក្សា​ដឹង​តាមរយៈ​ការ​ធ្វើ​តេស្ត​មួយចំនួន​ដូចជា តេស្ត​ឈាម ទឹកនោម និង​ការ​ថត​រូបភាព​វេជ្ជសាស្ត្រ​ខ្លះ​។

ជាទូទៅ លទ្ធភាព​មាន​កូន​របស់​បុរស​ម្នាក់​អាស្រ័យ​ទៅ​រឿង​ពីរ​យ៉ាងនោះ​គឺ គុណភាព​របស់​មេ​ជីវិត​ឈ្មោល និង​បរិមាណ​របស់​វា​។ មូលហេតុ​ជាច្រើន​ដែល​នាំ​ឱ​របស់​ទាំងពីរ​នេះ​ប្រែប្រួល​បាន​មានដូចជា បញ្ហា​អ័រម៉ូ បញ្ហា​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​វា​ក៏​នាំ​ឲ្យ​មិន​អាច​មាន​កូន​បានដែរ​។ ការស្ទះ​បំពង់​ផ្លូវ​ទឹកកាម ពងស្វាស​មិន​លូតលាស់ ហាត់ប្រាណ​ច្រើន និង​ការប៉ះពាល់​នឹង​ជាតិពុល​សុទ្ធតែ​ជា​ដើម​ហេតុ​នាំ​ឲ្យ​មិន​អាច​មាន​កូន​បាន​ទាំងអស់​។ ចំពោះ​រោគសញ្ញា​របស់​បុរស​ដែល​មិន​អាច​មាន​កូន​បាន​មាន​មួយចំនួន​ដែរ​ដូចជា​៖
•​    ​ប្រែប្រួល​លើ​ការលូតលាស់​របស់​សក់ (​ក្បាល​ទំពែក ឬ​សក់​ទៅ​ស្តើង​)
•​    ​ចំណង់​ផ្លូវភេទ​ថយចុះ​
•​    ​មាន​ការឈឺចាប់ ដុំ ឬ​ហើម​នៅ​ពងស្វាស​
•​    ​លិង្គ​មិន​ឡើង​រឹង ឬ​មាន​បញ្ហា​ជាមួយនឹង​ការ​ចេញ​ទឹកកាម​
•​    ​ពងស្វាស​តូច ឬ​មិន​លូតលាស់​
•​    ​ឆាប់​ចេញ​ទឹកកាម​ពេក​

បើសិន​ជា​អ្នក​សម្គាល់​ឃើញ​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើនេះ ហើយ​ដៃគូ​មិន​អាច​មាន​កូន​បាន​ទៀត​ក្រោយ​ពី​ព្យាយាម​អស់​រយៈពេល មួយ​ឆ្នាំ​ហើយ​នោះ វា​គួរតែ​ដល់​ពេល​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។