អតីត​អ្នក​បឹង​កក់​គប់​ពង​ទា​ចូល​ស្នាក់​ការ WB

អតីត​អ្នក​បឹង​កក់​គប់​ពង​ទា​ចូល​ស្នាក់​ការ WB

រាជធានី​ភ្នំពេញ ៖ អតីត​អ្នក​រស់នៅ​តំបន់​បឹង​កក់​ប្រមាណ​៣០​នាក់ ដឹកនាំ​ដោយ​អ្នកស្រី​យ៉ោ​ម បុប្ផា ជា​សកម្មជន​ពហុ​វិស័យ បាន​នាំ​គ្នា​កាន់​បដា​ពាក្យស្លោក និង​ស្រែក​តវ៉ា​នៅ​មុខ​ស្នាក់​ការ​ធនាគារពិភពលោក (WB) ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ និង​បាន​យក​ពងមាន់​គប់​ចូល​ស្នាក់​ការ​បែក​ខ្ចាយ​ព្រោងព្រាត កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១ កុម្ភៈ​ដោយ​ចោទប្រកាន់​ថា យូរហើយ​មិន​ព្រម​ជួយ​អន្តរាគមន៍​ដល់​ក្រុម​អ្នក​តវ៉ា​នៅ​បឹង​កក់ ។

ញត្តិ​របស់​ក្រុម​អ្នក​តវ៉ា​ដែល​ដាក់​ជូន​ធនាគារពិភពលោក​បាន​លើក​ទ្បើ​ង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ ធ្លាក់ខ្លួន​វេទនា​ក្រីក្រ​បាត់បង់​ផ្ទះសម្បែង និង​ដីធ្លី​អស់រលីង ដោយសារ​ការ​អភិវឌ្ឍ​បឹង​កក់ និង​ប្រាក់​ជំនួយ​រាប់​សិប​លាន​ដុល្លារ​របស់​ធនាគារពិភពលោក​ផ្តល់​ទៅ​ឱ្យ​រាជរដ្ឋាភិបាល​ក្រុងភ្នំពេញ ។ ពួក​យើង​បាន​ធ្វើ​បាតុកម្មអហិង្សា​ជា​ច្រើន​ឆ្នាំ​ហើយ និង​បាន​ដាក់​ញត្តិ​ជា​ច្រើន​លើក ដើម្បី​សុំ​ឱ្យ​ធនាគារពិភពលោក​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ផ្តល់​សំណង​បន្ថែម​ឱ្យ​ប្រជាពលរដ្ឋ​អតីត​បឹង​កក់ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​នោះ​ទ្បើ​យ ។

ខ្លឹមសារ​ញត្តិ​សរសេរ​ទៀត​ថា ពួក​យើង​កាន់តែ​ជួប​ការ​លំបាក​វេទនា​ខ្លាំង​ទ្បើ​ង​ៗ នៅ​ពេល​នេះ​ដោយសារ​តែ​ការ​អភិវឌ្ឍ​នៅ​បឹង​កក់​និង​ប្រាក់​ជំនួយ​របស់​ធនាគារពិភពលោក ដែល​បង្ក​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​រង​គ្រោះ​ដោយ​ភាព​ក្រីក្រ​និង​ការ​រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ ។ ពួក​យើង​បាន​ធ្វើការ​តវ៉ា​ជិត​១០​ឆ្នាំ​ទាមទារ​ឱ្យ​ធនាគារពិភពលោក​ទទួលខុសត្រូវ និង​សុំ​ឱ្យ​មាន​សំណង​បន្ថែម​ពី​រដ្ឋាភិបាល ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះស្រាយ​បែប​ណាមួយ​នោះ​ទ្បើ​យ ។ ប៉ុន្តែ​ថ្ងៃនេះ​យើងខ្ញុំ​សង្ឃឹម​ជឿ​ថា លោក​ប្រធាន​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​និង​ផ្តល់​ចម្លើយ​សមរម្យ​មួយ ឱ្យ​ប្រជាពលរដ្ឋ​អតីត​បឹង​កក់ ដែល​តវ៉ា​ទាមទារ​សំណង​បន្ថែម តែ​គ្មាន​ចម្លើយ​ណាមួយ​ទាល់តែ​សោះ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​និយាយ​ថា ក្រុម​អ្នក​តវ៉ា​ដែល​ដឹកនាំ​ដោយ​អ្នកស្រី យ៉ោ​ម បុប្ផា បាន​នាំ​គ្នា​រំសាយ​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​តំណាង​ធនាគារពិភពលោក​ចេញ​មក​ទទួលយក​ញត្តិ ក្រោយ​ពី​ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​យក​ពងមាន់ គប់​ចូល​ស្នាក់​ការ ។ ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​របស់​ពលរដ្ឋ​អតីត​អ្នក​បឹង​កក់​នេះ មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើត​ទ្បើ​ងរ​វាង​សមត្ថកិច្ច​និង​ក្រុម​អ្នក​តវ៉ា​នោះ​ទេ មាន​តែ​ពងមាន់​ប៉ុណ្ណោះ​ដែល​គេ​គប់​ចូល​ធ្វើ​ឱ្យ​បែក​ប្រ​ទ្បា​ក់​ប្រតេកប្រតាក​អគារ​ស្នាក់​ការ និង​ស្លាក​យីហោ ៕