ទារក​និង​កុមារ​ត្រូវ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់គ្រាន់ ?

Doliprane TVC

​ការ​គេង​សម្រាប់​កុមារ​មិន​ដូចគ្នា​ទេ​គឺ​អាស្រ័យ​ទៅតាម​អាយុ​កុមារ ។ តាម​គំនូស​ក្រាហ្វិក​អាយុ និង ដំណេក​របស់​កុមារ​បានបង្ហាញ​អំពី​ចំនួន​ម៉ោង​គេង​ជា​មធ្យម​របស់​កុមារ​បែងចែក​តាម​ក្រុម​អាយុ ប៉ុន្តែ​ពុំមាន​ទិន្នន័យ​ជាក់ច្បាស់​ណាមួយ​បញ្ជាក់ថា​កុមារ​ត្រូវ​គេង​ប៉ុន្មាន​ម៉ោង​នោះទេ ។ សម្រាប់​មនុស្សពេញវ័យ​ការ​គេង​មិន​គ្រប់គ្រាន់​ធ្វើឱ្យមាន​អារម្មណ៍​មួម៉ៅ និង អស់កម្លាំង ប៉ុន្តែ​សម្រាប់​កុមារ​វិញ​អាច​នឹង​រពឹស មិន​សប្បាយចិត្ត និង មាន​ឥរិយាបថ​ប្លែកៗ ។​

-​ទារក​ទើប​កើត​រហូតដល់ ៦ ខែ​
​ដំណេក​របស់​ទារក​ទើប​កើត​មិនអាច​កាត់​ស្មាន​បានច្បាស់លាស់​នោះទេ ព្រោះថា​ក្នុង​វ័យ​នេះ​ទារក​ពុំទាន់​មាន​ទម្លាប់​គេង​ឱ្យបាន​ត្រឹមត្រូវ​នៅឡើយ ។ ជាទូទៅ​ទារក​គេង ១៦ ទៅ ២០ ម៉ោងក្នុង​មួយថ្ងៃ​គិត​ទាំង​ពេល​ថ្ងៃ និង ពេលយប់ ។ ក្នុង​វ័យ ២ សបា្តហ៍​ដំបូង​ទារក​គួរ​គេង ៣-៤ ម៉ោង​ទើប​ភ្ញាក់​ម្តង ហើយ​ទម្ងន់​របស់​ទារក​ក៏​វិ​វ​ឌ្ឍ​តាម​នោះដែរ ។ បន្ទាប់​ពីនេះ​ទារក​អាច​គេង​បាន​រយៈពេល​យូរ​ជាង​នេះ ប៉ុន្តែ​ភាគច្រើន​មិនមែន​សុទ្ធតែ​គេង​ហើយ​ភ្ញាក់​ក្នុង​រយៈពេល​ដូចគ្នា​ទាំងអស់​នោះទេ គឺ​ទារកនឹង​ភ្ញាក់​នៅពេល​ទារក​ឃ្លាន​បៅ ។ ចូលដល់​សបា្តហ៍​ទី ៣ ទារក​ចាប់ផ្តើម​គេង​យូរ​ជាង ៤-៥ ម៉ោង​ក្នុងពេល​ម្តងៗ ។

ទារក​និង​កុមារ​ត្រូវ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់គ្រាន់ ?

-​ទារក​អាយុ​ចាប់ពី ៦ ខែ ទៅ ១២ ខែ​
​ចាប់ពី​អាយុ ៦ ខែ ទារក​អាច​គេង​បាន ៣ ម៉ោង​នៅពេល​ថ្ងៃ និង ៩-១១ ម៉ោង​នៅពេល​យប់ ។ ក្នុង​វ័យ​នេះ​ទារក​អាច​នឹង​ភ្ញាក់​យំ​នៅ​ពេលយប់ ដូចនេះ​អ្នក​អាច​ផ្លាស់ប្តូរ​ទម្លាប់​មើលថែ​ទារក​ខ្លះ ដោយ​លួងលោម​ឱ្យ​គេង​ដោយ​មិន​លើ​កព (​គ្រាន់តែ​អង្អែល​ខ្នង និង និយាយ​តិចៗ​ជាមួយ ទារក​) ។ ប៉ុន្តែ​ប្រសិនបើ​ទារក​ឈឺ ឬ មិន​ស្រួលខ្លួន​ត្រូវ​លើ​កព ហើយផ្តល់​ការថែទាំ​បន្ថែម ។ ប្រសិនបើ​ទារក​មិន​ឈឺ​ទេ ហើយ​ចេះតែ​យំ​មិនឈប់​នោះ​អ្នក​គ្រាន់តែ​ប្រើពេល​យូរ​បន្តិច​ដើម្បី​លួង​ឱ្យ​ទារក​គេង ។ ​វ័យ ៦-១២ ខែ ជា​ដំណាក់កាល​វិ​វ​ឌ្ឍ​ភាពជិតស្និទ្ធ​ដែល​ទារក​ចូលចិត្ត​លេង​ច្រើន ។ ជា​ការល្អ​ដើម្បី​កុំឱ្យ​ទារក​គេង​ភ្ញាក់ៗ​នៅពេល​យប់ សូមកុំ​លើក​ទារ​កព បើកភ្លើង និយាយ​លេង ឬ ឱ្យ​ទារក​បៅ ញ៉ាំ​ចំណី នៅពេល​ទារក​ភ្ញាក់ ​ធ្វើបែបនេះ​គឺ​កាន់តែ​ធ្វើឱ្យ​ទារក​មិន​ចង់​គេង ។

ទារក​និង​កុមារ​ត្រូវ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់គ្រាន់ ?

-​កុមារ​អាយុ ១ ទៅ ៣ ឆ្នាំ​
​ចាប់ពី​អាយុ ១-៣ ឆ្នាំ កុមា​រគេង​ចាប់ពី ១០ ទៅ ១៣ ម៉ោង ។ វ័យ​នេះ​កុមារ​ចេះ​តាម ហើយ​ចូលចិត្ត​នៅក្បែរ​មាតាបិតា ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​កុមារ​មិន​ចង់​គេង ។ មាតាបិតា​អាច​យល់ច្រឡំ​ថា​ការលេង​ប្រឡែង​ជាមួយ​កូន​ធ្វើឱ្យ​កូន​ហត់​ហើយ​ឆាប់​គេង​លក់ ប៉ុន្តែ​ការពិត​កុមារ​មិន​ចង់​គេង​នោះទេ​នៅពេល​កុមារ​នឿយហត់​ពេក ។ ជាការ​ល្អ​គួរ​កំណត់ម៉ោង​គេង​ឱ្យបាន​ទៀងទាត់ ពេលណា​ដែល​កុមារ​ត្រូវ​គេង​ពេលយប់ និង ពេល​ថ្ងៃ ។ អ្នក​មិនចាំបាច់​បង្ខំ​ឱ្យ​កុមា​រគេង​ថ្ងៃ​ទេ តែ​អ្នក​ត្រូវ​បង្ក​បរិយាកាស​ឱ្យមាន​លក្ខណៈ​ស្ងប់ស្ងាត់​ទើប​កុមារ​ចង់​គេង ។​ ​វ័យ​នេះ​កុមារ​អាច​ភ្ញាក់​នៅពេល​យប់​ដោយសារតែ​យល់សប្តិ ព្រោះថា​កុមារ​ដល់ពេល​ចាប់ផ្តើម​ដុះធ្មេញ ។ កុមារ​ចាប់ផ្តើម​ចេះ​យល់សប្តិហើយ​បើ​យល់សប្តិ​អាក្រក់ កុមារ​នឹង​ភ័យខ្លាច ព្រោះថា​កុមារ​ពុំទាន់​ចេះបែងចែក​ការស្រមើស្រមៃ និង ការពិត​នៅឡើយ សូម​ប្រយ័ត្នចំពោះ​កម្មវិធី​ទូរទស្សន៍​ដែល​កុមារ​មើលជាពិសេស​មុនពេល​ចូល​គេង ។​

ទារក​និង​កុមារ​ត្រូវ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់គ្រាន់ ?

-​កុមារ​ដល់​វ័យ​ចូល​សាលា ឬ មុន​ជំទង់​
​វ័យ​នេះ​កុមារ​ត្រូវការ​គេង ១០-១២ ម៉ោងក្នុង​មួយ​យប់ ។ កុមារអាច​នឹង​គេង​មិន​គ្រប់​ដោយសារ​មូលហេតុ​ផ្សេងៗ ដូចជា​ធ្វើ​កិច្ចការ​សាលា ហាត់​កីឡា និង លេង ដូចជា មើល​ទូរទស្សន៍ កុំព្យូទ័រ វីដេអូ​ហ្គេម ឬ ជាប់រវល់​នឹង​ការងារ​ផ្ទះ​ជាដើម ។ ដំណេក​មិន​គ្រប់គ្រាន់​អាចធ្វើឱ្យ​កុមារមាន​ឥរិយាបថ​រពឹស មិនសូវ​យកចិត្តទុកដាក់​នឹង​ការសិក្សា ។ ដូចនេះ​មាតាបិតា​គួរ​កំណត់​ម៉ោង​គេង​ឱ្យ​កុមារ​ចូល​គេង​ឱ្យបាន​ទៀងទាត់​ជាពិសេស ថ្ងៃ​ទៅ​រៀន ។​

ទារក​និង​កុមារ​ត្រូវ​គេង​ប៉ុន្មាន​ម៉ោង​ទើប​គ្រប់គ្រាន់ ?

​ទោះជា​ស្ថិតក្នុង​វ័យ​ណាក៏ដោយទារក​គួរ​មាន​ទម្លាប់​ចូល​គេង ហើយខាងក្រោម​នេះ​គឺជា​គន្លឹះ​ជួយ​ឱ្យ​កុមា​រគេង​ឆាប់​លក់ ៖
-​លៃ​ពេលវេលា​សម្រាប់​មុនពេល​គេង ។​
-​ចូល​គេង​ឱ្យបាន​ទៀងទាត់ ដោយ​រំឭក​កូន​របស់​អ្នក​កន្លះ​ម៉ោង ឬ មួយ​ម៉ោង​មុន ។​
-​ជំរុញ​ឱ្យ​ក្មេង​ជំទង់​គេង​ឱ្យបាន​ទៀងទាត់​ដោយ​ពន្យល់​ប្រាប់​ពី​ភាពចាំបាច់​ដែល​ពួកគេ​ត្រូវ​គេង​ឱ្យ​គ្រប់​ម៉ោង​ក្នុង​វ័យ​ជំទង់ ៕ ​លក្ខិណា