បារម្ភ​អនាគតជាតិ

​ភ្នំពេញ​៖សុពលភាព​នៃ​អ្នក​ជំនាន់​ចាស់ កំពុងធ្វើដំណើ​វិវត្តន៍​ទៅ​មុខជា​លំដាប់ មនុស្ស​ជំនាន់​ថ្មី​កើត​មកជា​ហូរហែ ក៏ប៉ុន្តែ​អ្នក​ដែល​ដឹង​ការងារ​ជាតិ​កាន់តែ​ពិបាក​ស្មានថា តិច​ឬក៏​ច្រើន​។ មនុស្ស​ជំនាន់​ចាស់​កាន់តែ​ចាស់ ចំណែក​ក្មេងជំនាន់ក្រោយ​បែរជា​ពិបាក​ស្មាន​ពី​គុណភាព​ធនធាន​ជាតិ  ដែល​នៅតែ​ជា​កត្តា​គួរ​ឲ្យ​បារម្ភ​នៅ​ថ្ងៃ​អនាគត​។ ច​រិ​ក​សង្គម គឺ​អាស្រ័យ​លើ​ច​រិ​កម​នុស្ស​ក្នុងសង្គម​។ សង្គម​អភិវឌ្ឍន៍​អាស្រ័យ​ធនធានមនុស្ស​ក្នុងសង្គម​។ ភាព​ថ្លៃ​ថោក​របស់​សង្គម​វា​ផ្ដើមចេញពី​ភាព​ថ្លៃ​ថោក របស់​មនុស្ស​ក្នុងសង្គម​។ អនាគតជាតិ​អាច​មើលឃើញ​ភាព​រីកចម្រើន គឺ​អាស្រ័យ​គុណភាព​របស់​មនុស្ស​ជំនាន់​ថ្មី​ក្លាយជា​ក្ដីសង្ឃឹម​។ ប៉ុន្តែ​តាម​ការសង្កេត​សព្វថ្ងៃ គេ​ស​ង្គេ​ត​ឃើញថា​កូន​ខ្មែរ​មួយ​ភាគ​ធំ​នៅមាន​លក្ខណៈ​សម្គាល់​ដូចខាងក្រោម គឺ​៖

​កូន​ខ្មែរ​ជំនាន់​ថ្មី​នេះ មួយចំនួន​យល់ថា​ខ្លួនឯង​អស្ចារ្យ​គ្មាន​អ្នកណា​ស្មើ គេ​ចង់​ស្រួល គេ​ចង់​ស្រណុក  គេ​ចង់​ធ្វើ​ការងារ​តិច ហើយ​ចង់​ទទួលបាន​ប្រាក់ខែ​ច្រើន ព្រោះ​គេ​បានចាត់ទុក​តម្លៃ​ខ្លួនគេ​ខ្ពស់ ជាង​តម្លៃ​ការងារ​ដែល​គេ​កំពុង​ធ្វើ​។ បើជា​សិស្ស​និស្សិត​វិញ មួយចំនួន​នោះ គេ​មិន​ប្រឹងប្រែង​រៀនសូត្រ​ទេ តែ​ចង់បាន​ពិន្ទុ​ល្អ ចង់​ល្បី ឲ្យ​គេ​ស​សើរ​ទៅវិញ​។ រៀន​ចប់​ចំណេះ​ចេះ​មិន​ច្បាស់លាស់ តែមាន​មហិច្ឆតា​ចង់បាន​ការងា​រ​ល្អៗ មាន​ប្រាក់ខែ​ខ្ពស់​។

​កូន​ខ្មែរ​ជំនាន់​ថ្មី​មួយចំនួន កំពុង​ផ្ដេកផ្ដួល​ជាមួយ​បញ្ហា​បេះដូង រវល់​ជាមួយ​បញ្ហា​ស្នេហា ជាជាង​ការប្រឹងប្រែង​ស្វែងរក​ចំណេះ ចេះ​ស្រឡាញ់គ្នា​តាំងពី​រៀន​ថ្នាក់​អនុវិទ្យាល័យ អណ្ដែតអណ្ដូង​វិលវល់​ជាមួយ​ភាសា​បេះដូង ហើយ​នៅពេល​ស្រលាញ់គ្នា គឺ​ផ្អែម​ខ្លាំង​ជាង​ទឹកឃ្មុំ ប៉ុន្តែ​នៅពេល​មាន​បញ្ហា​កើតឡើង​បែកបាក់​គ្នា នាំគ្នា​ឈឺចាប់​យំ​ស្រែក ដោយ​មិន​គិត​ស្វែងយល់​ដើម្បី​ពង្រឹង​ចិត្ត​របស់ខ្លួន ឲ្យ​រឹងមាំ សមជា​សរសរ​ទ្រូង​របស់​ប្រទេសជាតិ​។​

​កូន​ខ្មែរ​ជំនាន់​ថ្មី​មួយចំនួន គេ​ធ្វើ​ការងារ​តាម​អារម្មណ៍​នឹកឃើញ ពេល​ចង់​ធ្វើ​ក៏​ធ្វើ នឹកឃើញ​មិន​ចង់​ធ្វើ​ក៏​អត់​ធ្វើការ​ងារ​ទៅ ហាក់​មិនសូវ​ឲ្យ​តម្លៃ​ការងារ តែ​ឲ្យ​តម្លៃ​លើ​អារម្មណ៍ ការគិត និង​ចិត្ត​ដែល​ខ្លួន​ចង់បាន​ ច្រើនជាង​ការទទួលខុសត្រូវ​ចំពោះ​ការងារ​។ ពេលខ្លះ​ពួកគេ​យក​អារម្មណ៍​ផ្ទាល់ខ្លួន បញ្ហា​ផ្ទាល់ខ្លួន និង​ចរិត​ធម្មជាតិ​របស់ខ្លួន​មក​លាយឡំ​ជាមួយ​ការងារ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​កន្លែងធ្វើការ​ជាដើម​។

​កូន​ខ្មែរ​ជំនាន់​ថ្មី​មួយចំនួន មាន​ទម្លាប់​មិន​ប្រឹងប្រែង គ្មាន​សណ្តាប់ធ្នាប់ ខ្ជិលច្រអូស អត់​វិន័យ ហើយ​បណ្ដែតបណ្ដោយ មាន​ចរិត​មិនសូវ​ខ្វល់​និយម ចូលចិត្ត​ទុក​ជីវិត​ឲ្យ​ទំនេរ​ច្រើន​ដើម្បី​បាន​ដើរលេង​សប្បាយ ផឹកស៊ី ល្បែង ស៊ីសង លេង​ហ្គេម​តាម​ទូរសព្ទ ផឹក​កាហ្វេ មើល​រឿង តែ​មិន​ប្រើ​ជីវិត​ឲ្យ​រវល់​ជាមួយ​ការអាន​សៀវភៅ និង​ការប្រឹងប្រែង​ធ្វើ​ការងារ ដើម្បី​ពង្រឹង​ខ្លួនឯង ពង្រីក​បទពិសោធន៍​ជីវិត បទពិសោធន៍​ការងារ ប​ង្រី​ក​ស្ថានភាព​សេដ្ឋកិច្ច​ប៉ុន្មាន​នោះទេ ។​

​កូន​ខ្មែរ​ជំនាន់​ថ្មី​មួយចំនួន ចូលចិត្ត​បន្ដ​ទម្លាប់​អូសបន្លាយ​ពេលវេលា ខ្ជីខ្ជា​ពេលវេលា មិនសូវ​ចេះ​រៀបចំ​ពេលវេលា​ជាដើម​។  យុវជន​មួយចំនួន​ចូលចិត្ត​យក​លេស​រវល់​នេះ ​រវល់​នោះ ឬ​បញ្ហា​នេះ​ បញ្ហា​នោះ  មិន​គោរព​ពេលវេលា គ្មាន​ការទទួលខុសត្រូវ​ចំពោះ​កាលកំណត់​ពេលវេលា ការ​ណាត់ជួប ម៉ោង​ធ្វើ​ការងារ​។

​កូន​ខ្មែរ​ជំនាន់​ថ្មី​មួយចំនួន ទម្លាប់​ប្រើ​ខួរក្បាល​មិន​ខ្វល់ មិន​គិត មិន​បារម្ភ​អ្វី​ទាំងអស់ គ្មាន​ការប្រុងប្រយ័ត្ន គ្មាន​ការត្រៀម​បម្រុង​ទុក មុន​ចូលចិត្ត​តាស់​តឿន ក្រើនរំឮក​ខ្លួនឯង​។ មិន​តែ​ប៉ុណ្ណោះ​ ពួកគេ​មិន​ស៊ូ​វ​ប្រើ​ការគិត​ឲ្យ​បា​ន​ស៊ីជម្រៅ ល្អិតល្អន់ វែងឆ្ងាយ​អ្វី​ឡើយ​។ គេ​ធ្វើ​ជីវិត​គេ​ហាក់ដូចជា​សន្តិភាព​ណាស់ ស្រួល​ណាស់ សុខ​ណាស់ មាន​ហើយ​ បាន​ហើយ និង​ផ្នត់គំនិត​ពឹង​តែ​ទៅលើ​របៀប​នៃ​ការគ្រប់គ្រង ​របស់​រដ្ឋ​ស្ទើរតែ​ទាំងស្រុង​។ ហើយ​ពេល​មាន​បញ្ហា​កើតឡើង​ចំពោះ​ខ្លួនឯង​ម្ដងៗ ​មិន​ថា​បញ្ហា​អ្វី​ក៏ដោយ តែងតែ​ស្រែក​បន្ទោស​រដ្ឋ​ថា​មិន​យកចិត្តទុកដាក់ និង​មិនចាត់វិធានការ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​

​នៅក្នុង​ពាក្យស្លោក​មួយ​ឃ្លា​គេ​លើកឡើងថា​« គ្មាន​បុគ្គល​ណា​ល្អឥតខ្ចោះ​នោះទេ​» វា​គឺជា​ការពិត តែ​ក៏​មិនអាច​បណ្ដោយ​តាម​ពាក្យ​នេះ នៅក្នុង​ការដឹកនាំ​ជីវិត​ដែរ​។ មនុស្ស​អាច​មិនល្អ​ឥតខ្ចោះ តែ​មនុស្ស​ក៏​អាចធ្វើ​យ៉ាងណា ​ឲ្យ​ខ្លួនឯង​អាក្រក់​ឲ្យ​តិច​បំផុត​។ តែបើ​និយាយ​រឿង​ជាតិ ចំពោះ​ទម្លាប់​សន្តិ​ភាព មិន​គិត​អ្វី​មិន​ធ្វើ​អ្វី ជីវិត​សុខ​ស្រួល​ដោយ​មិន​ប្រឹងប្រែង ទម្លាប់​មិន​ខ្វល់ខ្វាយ ខ្ជះខ្ជាយ​ពេល មិន​ប្រឹងប្រែង គ្មាន​វិន័យ មិន​ខ្លាច​ល្ងង់ មិន​ខ្លាច​អត់​ចេះ មិន​ខ្លាច​យឺត មិន​ខ្លាច​គេ​ប្រមាថ មិន​ខ្លាច​ខ្លៅ មិន​ខ្លាច​ខូច​វង្ស​ត្រកូល មិន​ខ្លាច​ធ្វើ​ឲ្យ​ម្តាយ​ឪពុក​អស់សង្ឃឹម មិន​ខ្លាច​មិន​សមជា​មនុស្ស គឺជា​ក្ដីបារម្ភ​ដ៏​ខ្លាំង​របស់​ជាតិ​នៅ​ថ្ងៃ​អនាគត ថា​តើ​ប្រភពធនធាន​មនុស្សជាតិ​ នឹង​ទទួលបាន​ពី​ប្រភព​ណា​?

​ជាការ​ពិត​មួយ គឺ​គ្មាន​សង្គម​ណា​ល្អឥតខ្ចោះ​នោះទេ ចំណែក​កម្ពុជា​នៅមាន​បញ្ហា​ជាច្រើន​ ដែល​តម្រូវ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទៅ​ដោះស្រាយ។ តើ​ត្រូវ​ធ្វើយ៉ាងណា​ ឲ្យ​ជាតិ​ខ្លួនឯង​កាន់តែខ្លាំង កាន់តែ​រឹងមាំ​ដូច​ប្រទេស​ដទៃ​នៅក្នុង​តំបន់​?  ​ចម្លើយនោះគឺមនុស្ស​ខ្មែរ​ជំនាន់​ក្រោយ ត្រូវតែ​ក្លាយជា​ពលរដ្ឋ​ដែល​ខ្លាំង មានចំណេះដឹង​ជ្រៅជ្រះ មាន​ជំនាញ​ពូកែ មាន​វិន័យ​ហ្មត់ចត់ ហើយនឹង​មានការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​សង្គម និង​ខ្លួនឯង​ផ្ទាល់ និង​ទទួលខុសត្រូវ​ចំពោះ​វាសនា​ជាតិ​ខ្លួនឯង​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​