សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ចាយ​សំដី​តែងតែ​ធ្វើ​ឲ្យ​មហាជន​ផ្ទុះសំណើច​នាង​ប្រិមប្រិយ​បាន​ចេញ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ជា​ច្រើន​ខែ​មក​ហើយ​ជាមួយ​នាយ​ក្រិន ។ គ្រា​សម្តែង​នៅ​ទីនោះ​ស្រី​ស្រស់ប្រិមប្រិយ​បាន​កៀក​កិត​ស្និទ្ធស្នាល​ជាមួយ​បុរស​សង្ហា​ម្នាក់ ។ ពួក​គេ​ឧស្សាហ៍​បណ្តើរគ្នា​ដើរ​លេង​កម្សាន្ត​សាង​ភាព​ផ្អែម​ល្អែ​ម ។

នាង​ម៉ក់ សុ​គ​ន្ឋ​ដា​និ​ច ហៅ​ប្រិមប្រិយ​ពី​មុន​បាន​កសាង​ស្នេហា​ល្អូកល្អិន​ជាមួយ​បុរស​ម្នាក់​ជា​ថៅកែ​ភោជនីយដ្ឋាន​ល្បី​មួយ​នៅ​ភ្នំពេញ ។ ក្នុង​សង្គម​សិល្បៈ​អ្នក​ណា​ក៏​សរសើរ​ភ័ព្វសំណាង​ស្នេហ៍​របស់​ប្រិមប្រិយ​ដែរ ។ ទោះជា​យ៉ាងណា​ក្តី ស្នេហា​នោះ​ប្រែ​ក្លាយទៅជា​រឿង​សោកា បែកបាក់​ជា​ច្រើន​ខែ​មក​ហើយ ។

បច្ចុប្បន្ន​តារា​កំប្លែង​ប្រិមប្រិយ​ត្រូវ​គេ​មើលឃើញ​ថា បាន​សាង​ភាព​ស្និទ្ធស្នាល ផ្អែមល្ហែម​ជាមួយ​បុរស​វ័យក្មេង​ម្នាក់​នៅ​អា​មេ​រិ​ក ។ ប្រិមប្រិយ​ហាក់​បង្ហាញ​ពី​អារម្មណ៍​រីករាយ​ជា​ពន់ពេក​ចំពោះ​បុរស​នោះ ។

បុរស​នៅ​អា​មេ​រិ​ក​នោះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ខ្ញុំ​មិន​ប្រកាន់​អតីតកាល​របស់​អូន​ប្រិមប្រិយ​នោះ​ទេ ។ អ្វី​ៗ​គ្រាន់តែ​ជា​រឿង​ពី​មុន សំខាន់​ឲ្យ​តែ​ដំណាក់កាល​ពេល​នេះ​យើង​ទាំង​ពីរ​បាន​ស្រឡាញ់​គ្នា ចាប់ផ្តើម​យល់ចិត្ត​គ្នា ។ ខ្ញុំ​អរគុណ​ដល់​អ្នក​នាង​ប្រិមប្រិយ​ដែល​បាន​បើក​បេះដូង​ទទួលយក​ក្តី​ស្នេហ៍​ប្រគល់​ជូន​ខ្ញុំ គ្រា​កំពុង​តែ​មាន​វត្តមាន​សម្តែង​នៅ​អា​មេ​រិ​ក​» ។ បន្ថែម​ពីលើ​នេះ​ទៀត​បាន​បង្ហាញ​រូបភាព​ដើរ​កម្សាន្ត​កៀកកើយ​គ្នា​នៅ​តំបន់​ទេសចរណ៍​ជា​ច្រើន ។

ឆ្លើយឆ្លង​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​៣១ មក​រា ២០១៦ តារា​កំប្លែង​ប្រិមប្រិយ​បង្ហាញ​អារម្មណ៍​នឹក​ស្រុក និង​នឹក​ទស្ស និកជន ។ ចំពោះ​បុរស​ដែល​នាង​បង្ហាញ​ភាព​ស្និទ្ធស្នាល​គ្នា ហើយ​បង្ហោះ​រូបភាព​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ ប្រិមប្រិយ​មិន​ហ៊ាន​ថា​យ៉ាងណា​ទេ ទុក​ឲ្យ​ទស្សនិកជន​វាយតម្លៃ ។ ប្រិមប្រិយ​គ្រាន់តែ​ចាត់​ទុក​ថា បុរស​នោះ​ធ្វើ​ល្អ​ដាក់​នាង ហើយ​បាន​ធ្វើ​ឲ្យ​នាង​សប្បាយចិត្ត និង​មាន​អារម្មណ៍​លែង​ឯកា​គ្រា​ដែល​នាង​ចាកចេញ​ទៅ​ឆ្ងាយ​ពី​មាតុភូមិ​ជា​ច្រើន​ខែ​មក​ហើយ​នោះ ។ «​បុរស​ដែល​នាង​ខ្ញុំ​ហ៊ាន​ចូល​កៀក​កិត​នេះ​នាង​ខ្ញុំ​ពិតជា​រំពឹង​ថា គាត់​នឹង​ផ្តល់​កិត្តិយស​ជូន​នាង​ខ្ញុំ សមជា​នារី​ខ្មែរ​ម្នាក់​ប្រសិនបើ​ឆ្លង​ដល់​ដំណាក់ កាល​អ្វី​លើស​ពី​នេះ​ទៀត ។ នាង​ខ្ញុំ​គ្មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុរស​ណា​ក្រៅពី​បុរស​ដូច​ក្នុង​រូបភាព​នេះ​ដែរ ។ នាង​ខ្ញុំ​បាន​ផ្តាច់​ការ​ទាក់ទង​ជាមួយ​បុរស​ជា​ថៅកែ​ភោជនីយដ្ឋាន​អស់​ជា​យូរថ្ងៃ ហើយ​ពិតជា​គ្មាន​អ្វី​ត្រូវ​បារម្ភ​រឿង​អ្នក​ណា​ប្រចណ្ឌ​នោះ​ទេ​» ។

នាង​ប្រិមប្រិយ​ដែល​ធ្លាប់​ចូលរួម​សម្តែង​លោ្ខ​ន​កាល​នៅ​វ័យ​កុមារ​បាន​និយាយ​ថា នាង​នឹក​ស្រុក​ណាស់ ព្រោះ​ចេញ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​យូរ​ខែ​មក​ហើយ គឺ​តាំងពី​អំឡុង​ចុងឆ្នាំ​២០១៥​មក​។ ប្រិមប្រិយ​បន្ត​សម្តែង​នៅ​អា​មេ​រិ​ក រហូត​ចូល​ដល់​បុណ្យចូលឆ្នាំ​ខ្មែរ ទើប​វិល​មក​ស្រុក​វិញ ។

ពេល​ត្រឡប់​មក​ស្រុក​វិញ ប្រិមប្រិយ​បញ្ជាក់​ថា នាង​នៅ​តែ​បន្ត​សម្តែង​នៅ​ក្រុម​នាយ​កុយ​ដដែល ៕