សុខភាព &raquo សុខភាព

ការ​សិក្សា​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ពិសោធ​លើ​ស្ត្រី​៣​ម៉ឺន​៧​ពាន់​នាក់​បាន​បង្ហាញ​ថា ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺមហារីក​បាន​ប្រមាណ​ជា​២០​ភាគរយ ។ ដោយឡែក​ចំពោះ​ជំងឺមហារីក​ដោះ​ដែល​គួរ​ឱ្យ​ខ្លាច​ជាងគេ​បំផុត Triple Negative ស្ត្រី​ដែល​បាន​បំបៅ​ដោះ​កូន​គឺ​ប្រឈម​ត្រឹម​២០​ភាគរយ​ប៉ុណ្ណោះ ។

ការ​វិភាគ​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​ចំនួន​២៧​លើក ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោន​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​បាន​បំបៅ​ដោះ​កូន​ក្នុង​រយៈពេល​ណាមួយ​នោះ​អាច​កាត់​បន្ថយ​ហានិភ័យ​មហារីក​ដោះ​បាន​១០​ភាគរយ​ខណៈ​មហារីក Triple Negative កាត់​បន្ថយ​បាន​២០​ភាគរយ ។ មានឈ្មោះ​ថា Triple Negative ព្រោះថា មហារីក​ដោះ​ប្រភេទ​នេះ​គឺ​គ្មាន​ការ​ឆ្លើយ​តប​ណាមួយ​ទៅ​នឹង​វិធីសាស្ត្រ​អស្ចារ្យ​ចំនួន​៣ ។

ការ​បំបៅ​ដោះ​កូន​ត្រូវ​គេ​ដឹង​ថា អាច​ជួយ​បញ្ចុះ​កម្រិត​អ័រម៉ូន Oestrogen ដែល​អាច​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ជា​មហារីក ។ ជាង​នេះ​ទៅ​ទៀត អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ជឿជាក់​ថា ដំណើរការ​ផលិត​ទឹកដោះ​អាច​ជួយ​បញ្ឈប់​ការ​កកើត​ពូន​ផ្តុំ​កោសិកា​មហារីក​បាន ។ ការ​បំបៅ​ត្រឹម​រយៈពេល​៣​ខែ ហានិភ័យ​ត្រូវ​បាន​កាត់​បន្ថយ​អស់​មួយ​ផ្នែក​ធំ ។

វេជ្ជបណ្ឌិត Graham Colditz ថ្លែង​អំឡុង​ការ​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​របស់​ខ្លួន​ថា ពិតជា​សំខាន់​ខ្លាំង​ណាស់ ការ​បំបៅ​ដោះ​កូន​អាច​ជួយ​បង្ការ​ជំងឺមហារីក​ដោះ​ឈ្មោះ Triple Negative» យ៉ាង​មាន​ប្រសិទ្ធភាព​។ វេជ្ជបណ្ឌិត​រូប​នេះ​ថែម​ទាំង​អំពាវនាវ​ឱ្យ​មានការ​ចូលរួម និង​គាំទ្រ​ពី​បណ្តា​សាធារណជន​ក្នុង​យុទ្ធនាការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ផង​ដែរ ។

តាម​ក្រុម​អ្នក​ស្រាវជ្រាវ បណ្តា​ក្មេង​ៗ​ដែល​បំ​ដៅ​ដោយ​ទឹកដោះ​ម្តាយ​ប្រឈម​តិច​បំផុត​នឹង​ជំងឺឆ្លង អាលែកហ្ស៊ី និង​ភាពធាត់​លើស​ទម្ងន់ ។ បំបៅ​ដោះ​មិន​ត្រឹម​ជួយ​ឱ្យ​ក្មេង​មាន​សុខភាព​មាំមួន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ឱ្យ​ម្តាយ​ចុះ​ទម្ងន់​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ បណ្តា​ស្ត្រី​ជា​ម្តាយ​តែង​រអ៊ូរទាំ​ថា ខ្លួន​មានការ​ខ្មាស​អៀន​នៅ​ពេល​កូន​ទារ​បៅ​នៅ​ក្នុង​ទី​សាធារណៈ ៕