ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានីភ្នំពេញ ៖ បុរស​អនាថា​​បែក​ថ្នាំ​ម្នាក់​ ត្រូវ​សន្តិសុខ​ដេញ​ប៉ផាប់ចាប់ពភីង​ បន្ទាប់​ពី​សង្ស័យ​​​ថា​ធ្វើ​សកម្មភាព​ចូល​លួច​​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកុម្ភៈ ស្ថិត​នៅ​ចំណុច​ផ្សា​រអា​រ៉ូ​ណា តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

តាម​សម្តី​បុរស​​​ម្នាក់​ឈ្មោះ ងែ​ ញ័រ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ​ជា​សន្តិសុខ​នៅ​ផ្សា​រអា​រ៉ូ​ណា បាន​និយាយ​ថា មុន​ពេល​កើតហេតុ គាត់​​ឃើញ​បុរស​ម្នាក់​​​ដើរមក​អើត​ឡឺម​​មិនដឹង​ជា​រក​អ្វី ដោយ​​មាន​ការ​​សង្ស័យ​​ក៏​សួរ​បុរស​នោះ​ថា​ មក​រក​អ្វី​នៅ​ម្តុំ​នេះ​គ្មាន​អ្វី​ត្រូវ​រក​ទេ ​​​ហើយ​​ក៏​​ដេញ​​ទៅ​ឱ្យ​ឆ្ងាយ​ទៅ​កុំ​នៅ​​​នៅ​កន្លែង​នេះ​ទៀត ព្រោះ​ខ្លាច​បាត់​អីវ៉ាន់​របស់​គេ។

​ទោះ​បី​ជា​ដេញ​យ៉ាង​ណា​ក្តី ក៏​បុរស​ម្នាក់​នោះ​មិន​ព្រម​​ចេញ​ដែរ ​គាត់​ទ្រាំ​លែង​បាន​ទាញ​ដំបង​មួយ​ដើម​ដេញ​វាយ​​បុរស​នោះ រហូត​មក​ដល់​ចំណុច​ស្តុ​ប​សន្ធរ​ម៉ុ​ក ក៏​បង្ក​​ឱ្យ​មានការ​ផ្អើល​ដល់​ប្រជា​ពលរ​ដ្ឋ​ក្បែរ​នោះ​ឡោម​ព័ទ្ធ​​ដេញចាប់​បុរស​នេះ ព្រោះ​ស្មានថា​​ជា​ចោរ​​លួច​ទ្រព្យសម្បត្តិ​ហើយ​គេចខ្លួន ។ 

បន្ទាប់​ពី​កើតហេតុ​ សមត្ថកិច្ច​​​ចុះ​សួរនាំ​រឿង​ករណី​នេះ​ទើប​ដឹង​ថា បុរស​​រូប​នេះ​ឈ្មោះ សុ​ព្ធ សាក់ អាយុ​២៦​ឆ្នាំ មុខរបរ​និង​​ស្នាក់​នៅមិន​ពិត​ប្រា​ដក បាន​ប្រាប់​សមត្ថកិច្ច​ថា​​គាត់​​មិន​មែន​ជា​ចោរ​​លួច​ទ្រព្យ​សម្បត្តិគេ​ទេ ​​គ្រាន់តែ​មក​រក​កន្លែងដេក​ប៉ុណ្ណោះ ។ ក្រោយ​ពី​សមត្ថកិច្ច​បានដឹង​រឿង​ច្បាស់ ​ក៏​​អនុញ្ញាត​ឱ្យ​​បុរស​អនាថា​​ម្នាក់​នេះ​ឱ្យ​​មាន​សេរី​ភាព​​ធម្មតា​វិញ ​៕