ក្លិប Stoke ប្រកាស​ពី​ការ​ចុះ​ហត្ថ​លេខា​ជាមួយ Imbula ក្នុង​តម្លៃ​ខ្លួន​១៨,៣​លាន​ផោន

ក្លិប Stoke City បាន​បំ​បែក​កំណត់ត្រា​នៃ​ការ​ទិញ​ចូល​កីឡាករ​របស់​ពួកគេ​​ក្រោយ​ពី​​បាន​​នាំ​យក​ខ្សែ​បម្រើ Giannelli Imbula ពី​ក្លិប Porto ក្នុង​តម្លៃ​ខ្លួន​១៨,៣​លាន​ផោន (ស្មើ​នឹង​២៦,៤​លាន​ដុល្លារ​អាមេ​រិក​) ខណៈ​ដែលលោក Mark Hughes បាន​ចាទ់​ទុក​ថា «វា​ជា​ការ​ចុះ​ហត្ថ​លេខា​ដ៏​ធំ​មួយ​សម្រាប់​យើង​»​។

stokeខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​​កីឡាករ​​​ដែល​ទិញ​ចូល​ក្នុង​តម្លៃ​ខ្លួន​ជា​កំណត់​ត្រា​នៅពេល​ដែល​ក្លិប Porto បាន​នាំ​យក​រូប​គេក្នុង​តម្លៃ​ខ្លួន​២០លានអឺ​រ៉ូ (ស្មើនឹង​២១,៨លាន​ដុល្លារ​អាមេ​រិក) ពីក្លិប Marseille ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ Stoke បាន​ធ្វើ​ការ​ទាក់​ទងនៅ​លើ​ការ​ផ្ទេរ​នេះ​អស់​រយៈ​ពេល​មួយ​ខែ ក្រោយ​ពី​លោក Hughes បាន​ចាប់​អារម្មណ៍​ទៅ​លើ Imbula អំឡុង​ពេល​ការ​ប្រកួតមិត្ត​ភាព​មុន​បើក​រដូវកាល​របស់​ក្រុម​លោក​ជាមួយ​នឹង​ក្រុម Porto កាលពី​​រដូវក្តៅ​មុន​។ Imbula បាន​ធ្វើការ​​បង្ហាញ​ខ្លួន​ជា​​អន្តរ​ជាតិ​ចំនួន​៧​លើក​សម្រាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង​អាយុ​ក្រោម​២១​ឆ្នាំ ប៉ុន្តែ មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ពេញ​លេញ​សម្រាប់​ក្រុម​​ឈុត​ធំ​បារាំង​ឡើយ ហើយ​អាច​នឹង​ផ្លាស់​ប្តូរ​ក្រុម​ជម្រើស​ជាតិ​របស់​គេ​​ដើម្បីលេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បែល​ហ្ស៊ិក​ ដែល​ជា​កន្លែង​រូប​គេ​បាន​ចាប់​កំណើត​វិញ​។ រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​​ដែល​ទិញ​ចូល​ក្នុង​​តម្លៃ​ខ្លួន​ជា​កំណត់​ត្រា​របស់ Stoke ក្រោយ​ពី​ការ​​ទៅ​ដល់​​របស់​ខ្សែ​បម្រើ Xherdan Shaqiri កាលពី​ខែ​​សីហា សម្រាប់​តម្លៃ​ខ្លួន​១២​លាន​​ផោន និង​បាន​ចុះហត្ថ​លេខា​រយៈ​ពេល​៥​ឆ្នាំ​កន្លះ​។ លោក Hughes ដែល​ជា​អ្នក​ចាត់​ការ​​ទូទៅ​​របស់ Stoke បាន​ឲ្យ​ដឹង​ថា៖ «រូប​គេ​ជា​កីឡាករ​វ័យ​​ក្មេង​ដ៏ឆ្នើមម្នាក់ មាន​ថាម​ពល​ខ្លាំង សមត្ថ​ភាព​​ល្អលើ​ការ​គ្រប់​គ្រង​បាល់ និង​ការ​បញ្ជូន​បាល់​ល្អ​។ រូប​គេ​ជាកីឡាករ​ដែល​​នឹង​ចូល​រួម និង​បន្ថែម​ភាពខ្លាំង​​ដែល​យើង​មាន​រួច​ជា​ស្រេច​។ ក្រោយ​ពី​បាន​​ឃើញ​រូប​គេ​ជា​លើក​ដំបូង បទ​ពិសោធ​នោះ​បាន​​ធ្វើ​ឲ្យខ្ញុំ​​ចាប់​អារម្មណ៍​»៕

ប្រភព​ព័ត៌មាន៖ The Guardian