ពលរដ្ឋ​ខ្មែរ​ចាញ់បោក​ក្រុមហ៊ុន EBC តាម​រយៈ​ការ​ដាក់​ប្រាក់​វិនិយោគទុន

ពលរដ្ឋ​ខ្មែរ​ចាញ់បោក​ក្រុមហ៊ុន EBC តាម​រយៈ​ការ​ដាក់​ប្រាក់​វិនិយោគទុន

រាជធានី​ភ្នំពេញ ៖​ក្រុមហ៊ុន EBC កំពុង​តែ​រង្គោះរង្គើ​ផ្ទៃក្នុង និង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ទាក់​ទឹ​ន​នឹង​ការ​ទទួល​ប្រាក់​វិនិយោគ ត​ៗ​គ្នា​ពី​ប្រជាពលរដ្ឋ ដែល​មាន​ទំហំ​រាប់រយ​លាន​ដុល្លារ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​គ្មាន​ប្រាក់​សង​ទៅ​ម្ចាស់​ប្រាក់​គ្រប់​ទីកន្លែង​វិញ​ទេ ។

កន្លង​មក​ឈ្មោះ​ហួត សុវណ្ណ តាំងខ្លួន​ជានា​យក​ប្រតិបត្តិ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ និង​ឈ្មោះ​ជី​ហ្គោ សាលី បាន​ប្រកាស​ថា​ខ្លួន​ជា​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ​ចេញ​ដោយ​ក្រសួងមហាផ្ទៃ កាលពី​ឆ្នាំ​២០១៣ ក្នុង​ការ​បង្កើត​សមាជិក​ទីផ្សារ (Network) រាប់រយ​នាក់​ដើម្បី​អូស​ទាញ​ប្រជាពលរដ្ឋ​យក​ប្រាក់​មក​វិនិយោគ​ជាមួយ​ពួក​គេ ក្រោម​រូបមន្ត​មួយ​ជាក់លាក់​ដែល​សមាជិក​ម្នាក់​ត្រូវ​ទទួល​បាន​ប្រាក់​លាភ (​ការ​ប្រាក់​)១០​ភាគរយ នៃ​ទឹកប្រាក់​ដើម ។ គម្រោង​នេះ​ពួក​គេ​បាន​អួតអាង​ថា ជា​គម្រោង​វិនិយោគ​នៅ​ហុងកុង ។ តាម​រយៈ​ប្រាក់​លាភ​ខ្ពស់​បែប​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​យក​ប្លង់​ផ្ទះ ប្លង់​ដីស្រែ​ចម្ការ ទៅ​បញ្ចាំ​ធនាគារ ដើម្បី​យក​ប្រាក់​វិនិយោគ​ជាមួយ​គម្រោង​លោក​ហួត សុវណ្ណ និង​លោក​ជី​ហ្គោ សាលី ប៉ុន្តែ​ការណ៍​ពិត​គឺជា​ក្រុមហ៊ុន​បោក ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៥​ក្នុង​ឱកាស​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ពី​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​ខេត្តកំពត តម្រូវ​ឱ្យ​ក្រសួងមហាផ្ទៃ​ធ្វើ​យ៉ាងណា​ឱ្យ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ទទួល​ប្រាក់​ប្រជាពលរដ្ឋ យក​វិនិយោគ​លើ​ការ​ប្រាក់​១០​ភាគរយ​នេះ ត្រូវ​ប្រគល់​ប្រាក់​ដើម​ឲ្យ​ពួក​គាត់​វិញ ។ ជាង​នេះ​ទៅ​ទៀត​សម្តេច​តេ​ជោ​បាន​ចាត់​ទុក​ក្រុមហ៊ុន​ទាំងនោះ​ជា​ក្រុមហ៊ុន​បោក ។

ក្រោយមក​ក្រុមហ៊ុន​បាន​បិទទ្វារ​ដូរ​ទីស្នាក់ការ និង​បំបែក​ខ្លួន​ជា​ក្រុម តូច​ៗ នៅ​លួចលាក់​រកស៊ី​អូស​ទាញ​ប្រជាពលរដ្ឋ​ដាក់​ប្រាក់ វិនិយោគ​ក្នុង​រូបភាព​ដដែល ស្រប​ពេល​ដែល​អ្នក​វិនិយោគ​ចាស់​មិន​ទាន់​បាន​ទូទាត់​ប្រាក់​ដើម និង​ប្រាក់​លាភ​ឱ្យ​បាន​ទៀងទាត់​តាម​ដែល​បាន​សន្យា​គ្នា​ទេ ។ មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​បុគ្គលិក​ក្រុមហ៊ុន​របស់​លោក​ហួត សុវណ្ណ និង​លោក​ជី​ហ្គោ សាលី មួយ​ចំនួន​ត្រូវ​តុលាការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប និង​ខេត្តតាកែវ តាម​រយៈ​បទល្មើស​នោះ ។

ក្រោយ​ពេល​ដែល​បុគ្គលិក​ក្រុមហ៊ុន​ខ្លះ​ជាប់​ឃុំឃាំង ធ្វើ​ឱ្យ​បុគ្គល​ដទៃ​ទៀត​ដែល​ទទួល​ប្រាក់​ពី​អតិថិជន​គេចវេះ​មិន​ទទួលខុសត្រូវ​ចំពោះ​ប្រាក់​លាភ និង​ប្រាក់​ដើម​របស់​អតិថិជន ។ លើស​ពី​នេះ​ទៅ​ទៀត ទូរស័ព្ទ​បុគ្គលិក​ផ្នែក​ទីផ្សារ​ភាគច្រើន​មិន​អាច​ទាក់ទង​បាន​ទៀត​ផង​។

តំណាង​ប្រជាពលរដ្ឋ​ដែល​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​សាលា​ខណ្ឌទួលគោក បាន​លើក​ឡើង​ថា បើ​ការ​តវ៉ា​គ្មាន​ដំណោះស្រាយ​ទេ ពួក​គេ​នឹង​ពឹងពាក់​មេធាវី​ឲ្យ​រៀបចំ​ឯកសារ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕