រ៉ឺ​ម៉ក​ម៉ូតូ​សម្រាប់​ជន​ពិការ​ត្រូវ​បាន​ផលិត​ឡើង​នៅ​កម្ពុជា​ជា​លើក​ដំបូង

រ៉ឺ​ម៉ក​ម៉ូតូ​សម្រាប់​ជន​ពិការ​ត្រូវ​បាន​ផលិត​ឡើង​នៅ​កម្ពុជា​ជា​លើក​ដំបូង

រាជធានី​ភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​មាន​ជម្រាល​ដំបូង​បំផុត​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ក្រុម Engineer Without Borders Australia ក្នុង​ខែមករា ឆ្នាំ​២០១៦ ដើម្បី​សម្រួលការ​លំបាក​ដល់​ជន​ពិការ​ដែល​ប្រើ​រទេះ​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស ។

លោក ឯម ច័ន្ទ​មក​រា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​សម្ដែង​ការ​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ក្រុម Engineer Without Borders Australia ដែល​មាន​កញ្ញា Megan Smith និង​សហការី ជា​ពិសេស​ម្ចាស់​សណ្ឋាគារ House Boutique ដែល​បាន​ផ្តួចផ្តើម​ផលិត និង​ច្នៃប្រឌិត​យ៉ាង​ប៉ិន​ប្រសប់​នូវ​រ៉ឺ​ម៉ក​ម៉ូតូ​នេះ​ឡើង ដែល​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ជន​ពិការ​ប្រើ​រទេះ និង​ជន​មិន​ពិការ​ក៏​អាច​ប្រើប្រាស់​បាន​ក្នុង​តម្លៃ​ធម្មតា ។

លោក​អគ្គលេខាធិការ​បាន​ជម្រាប​ទៅ​កញ្ញា Megan Smith និង​លោកស្រី Anne Elizabeth Lubell តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា​ថា អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ នឹង​យក​គំរូ​នៃ​ការ​ផលិត​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​មាន​ជម្រាល​នេះ ទៅ​ផ្សព្វផ្សាយ​ដល់​សមាគម​អ្នក​រត់​រុ​ឺ​ម៉ក​ម៉ូតូ ពិសេស​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ទាំងអស់ ដើម្បី​គិតគូរ​ពិចារណា​កែ​ច្នៃ​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​មាន​ស្រាប់​ឱ្យ​មាន​ជម្រាល ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​ពិការ​ប្រើ​រទេះ​ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​បរទេស អាច​ប្រើប្រាស់​មធ្យោបាយ​នេះ​បាន​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ ទៅ​ផ្សារ ទៅ​ទីកន្លែង​កម្សាន្ត​នានា និង​ទៅ​ទីកន្លែង​សាធារណៈ​ផ្សេង​ៗ ដោយ​គ្មាន​ឧបសគ្គ និង​កាត់​បន្ថយ​គ្រោះថ្នាក់ ព្រមទាំង​កាត់​បន្ថយ​ការ​ចំណាយ​ទៀត​ផង ។

លោក​បាន​បន្ត​ថា រ៉ឺ​ម៉ក​ម៉ូតូ​សម្រាប់​ជន​ពិការ​នេះ មាន​តម្លៃ​ថ្លៃ​ជាង​រុ​ឺ​ម៉ក​ម៉ូតូ​ធម្មតា​។ រ៉ឺ​ម៉ក​ម៉ូតូ​ធម្មតា​មាន​តម្លៃ​ប្រមាណ​៩០០​ទៅ​១.០០០​ដុល្លារ​អា​មេ​រិ​ក ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​សម្រាប់​ជន​ពិការ​វិញ ទាល់តែ​ចំណាយ​ថវិកា​ប្រមាណ​១.២០០​ដុល្លារ ទើប​ទទួល​បាន​រ៉ឺ​ម៉ក​ម៉ូតូ​ស្អាត​មួយ ។

លោក ឯម ច័ន្ទ​មក​រា បន្ត​ថា ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​បាន​កែ​ច្នៃ​រួច​អាច​នឹង​បង្កើន​ប្រាក់​ចំណូល និង​អតិថិ​ជន​បន្ថែម​ទៀត ហើយ​ក៏​ជា​ការ​លើក​ស្ទួយ​ភ្ញៀវ​ទេសចរ​ដែល​មាន​ជន​ពិការ​មក​ទស្សនា​នៅ​កម្ពុជា​ទៀត​ផង ។ លោក​អគ្គលេខាធិការ​បាន​បន្ថែម​ទៀត​ថា លោក​នឹង​ចាត់ចែង​ផលិត​វី​ដេ​អូ​បទ​យកការណ៍​ស្តី​ពី​អត្ថប្រយោជន៍​នៃ​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​មាន​ជម្រាល​នេះ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ជន​ពិការ សាធារណជន ពិសេស​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​នានា ទាំង​នៅ​រាជធានី​ភ្នំពេញ តំបន់​ទេសចរណ៍ ដូច​ជា​នៅ​ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ និង​បណ្តា​ខេត្ត​ដទៃ​ទៀត ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​ផលប្រយោជន៍​នៃ​រុ​ឺ​ម៉ក​ម៉ូតូ​នេះ ។

កញ្ញា Megan Smith ដែល​ជា​ជន​ពិការ​ប្រើ​រទេះ បាន​ថ្លែង​ថា កញ្ញា​ពិតជា​មានការ​សប្បាយ​រីករាយ​ដោយ​បាន​ចូលរួម​ផលិត​នូវ​រុ​ឺ​ម៉ក​ម៉ូតូ​ដែល​មាន​ជម្រាល​នេះ ព្រោះថា​ពី​មុន​កញ្ញា​មានការ​លំបាក​ច្រើន​ដោយសារ​រទេះរុញ​របស់​នាង​មាន​ទម្ងន់​ធ្ងន់ ហើយ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​លើកដាក់​នាង​ទៅ​លើ​រ៉ឺ​ម៉ក ពេល​ខ្លះ​នាង​មានការ​ខ្មាស​អៀន​ដោយសារ​នាង​ជា​មនុស្ស​ស្រី ឯ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​បី​នាង​ជា​មនុស្ស​ប្រុស ឯ​តម្លៃ​ក៏​ថ្លៃ​ជាង​ជន​មិន​ពិការ​ដែល​ត្រូវ​ប្រើ​រ៉ឺ​ម៉ក​ម៉ូតូ​នេះ​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន​ក្រោយ​ពី​ការ​ផលិត​រ៉ឺ​ម៉ក​ម៉ូតូ​នេះ​រួច នាង​មាន​ភាព​ងាយស្រួល​ហើយ​ចំណេញ​ប្រាក់​ជាង​មុន ព្រមទាំង​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​កន្លែង​ផ្សេង​ៗ​បាន​ដោយ​ងាយស្រួល ៕