រដ្ឋាភិបាល​​​​មិនបញ្ចេញ​​​លិខិត​​​ដែល​​​ផ្តល់​​សិទ្ធិ​ឲ្យ​​​​លោក ទ្រី  ភាព​ ប្រមូលឈើ​​​​

រដ្ឋាភិបាល​​​បដិសេធ​​​មិ​​ន​​​បញ្ចេញ​​​លិខិត​​​ច្បាប់ច​​​ម្លង​​​ដែល​​​ខ្លួន​​​អះ​​​អាង​​​ថា បាន​​​ផ្ញើ​​​ទៅ​​​ឲ្យ​​​ឈ្មួញ​​​​​​ឈើ​​​ ឈ្មោះ​ ទ្រី ភាព និង​​​ឈ្មោះ​លឹម ប៊ុណ្ណា ដោយផ្តល់​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គាត់ទាំង​​​ពីរ​​​ប្រមូល​​​ឈើ​​​កាប់​​​រួច​​​នៅ​​​លើ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ចំនួន​​​ពីរ​​​កន្លែង​​​នៅ​​​ក្នុង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨​​​ ខែ​​​មករា​​​ នៅ​​​​​​ឯ​​​កិច្ច​​​ប្រជុំ​​​របស់​​​ក្រុម​ការងារ​ពិសេស​​​ថ្មី​​​​​​ដែល​​​ទទួល​​​បន្ទុក​​​ផ្នែក​​​បង្ក្រាប​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច​​​្បាប់​​​​​​នៅ​​​ប៉ែក​​​​​ឦសាន​​​ប្រទេស​​​កម្ពុជា​​​ លោក អេង ​​​ប៊ុន​​​ហៀង ​​​អភិបាល​​​ខេត្ត​​​មណ្ឌល​​​គិរី​បាន​​​លើក​​​ឡើង​​​ថា ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​ពីរ​​​កន្លែង​​​ដែលត្រូវ​​​បាន​​​លុប​​​ចោល​​​កាល​​​ពី​​​ខែ​​​មករា​​​ឆ្នាំ​​​២០១៥  ​​​ត្រូវ​​​បានផ្តល់​​​ឲ្យ​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ មួយ​​​ឲ្យ​​​ទៅ​​​លោក ទ្រី ភាព និង​​​មួយ​​​ទៀត​​​ឲ្យ​ទៅ​​​​លោក លឹម ប៊ុណ្ណា។

ប្រសិន​​​បើ​​​វា​ជា​​​ការ​​​ពិត​​​ ការ​​​​ប្រគល​​​់ឲ្យ​​​វិញ​​​នេះ​​​នឹង​​​ក្លាយ​​​ជា​​​ករណី​​​រំលោភលើ​​​​សេចក្តី​​​ប្រកាស​​​របស់​​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ឲ្យ​​​​ផ្អាក​​​ផ្តល់​​​ដី​​​សម្បទាន​​​​​​សេដ្ឋកិច្ច​​ថ្មី​​​នៅ​​​ពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១២​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ លោក សៅ សុភាព អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​បរិស្ថាន​​​ដែល​​​គ្រប់​​​គ្រង​​​ដែន​​​ជម្រក​​​សត្វ​​​ព្រៃ​​​ភ្នំព្រិច​​​បាន​​​បដិសេធ​​​​​​ដំណើរ​រឿង​​​​របស់​​រដ្ឋាភិបាល​​​។

លោក​​​ សៅ សុភាព បាន​​​លើក​​​ឡើង​​​ថា ​​​អ្នក​​​ជំនួញ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ផ្តល់​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ប្រមូល​​​តែ​​​ឈើ​​​ដែល​​​កាប់​​​រួច​​​នៅ​​​លើ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​តែ​​​ប៉ុណ្ណោះ​​​ ហើយ​​​ថា ពួក​​​គាត់​​​គ្មាន​​​សិទ្ធិ​​​ កាប់​​​ឈើ​​​ណា​​​មួយ​​​បន្ថែម​​​ទៀត​​​នោះ​​​ឡើយ​​​ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ព្រម​​​ព្រៀង​​​នេះ​​​ឡើយ​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន​​​ មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​បាន​​​តាម​​​ដាន​​​​​​សេចក្តីរាយ​​​ការណ៍​​​​មួយ​​​ដែល​​​ចុះ​​​ផ្សាយ​​​នៅ​​​ក្នុង​​​​​ទំព័រ​​​កាសែត​​​ខេមបូឌា ដេលី​​​ ដោយ​​​​ផ្ញើ​លិខិត​​​មួយ​​​ច្បាប់​​​ទៅកាន់​ក្រសួង​​​នេះ​​​ដើម្បី​​​ស្នើ​​​សុំ​​​ការ​​​បញ្ជាក់​​​ថា តើគេ​​​​​កំពុង​​​តែ​​​​​​​បាន​​​ធ្វើ​​អ្វី​ឲ្យ​​​​ពិត​​​ប្រាកដ​​​នៅ​​​ក្នុង​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ទាំង​​​ពីរ​​​កន្លែង​​​នេះ​​​។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក ​​​សៅ សុភាព បាន​​​លើក​​​ឡើង​​​ថា លិខិត​​​នេះ​​​នឹង​​​មិន​​​បញ្ចេញ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​ឡើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “វា​​​គឺ​​​ជា​​​ឯកសារ​​​ផ្ទៃ​​​ក្នុង​​​រវាង​​​ក្រសួង​​​និង​​​ក្រសួង​​​។ ខ្ញុំ​​​គិត​​​ថា ​​​យើង​​​មិន​​​អាច​​​បញ្ចេញ​​​លិខិត​​​​នេះ​​​នៅ​​​ក្នុង​​​​​​ពេល​​​នេះ​​​បាន​​ទេ​”។

លោក សៅ សុភាព បាន​​​បន្ថែម​​​ថា ការ​​​ងារ​​​របស់​​​ក្រុមការងារ​ពិសេស​​​ថ្មី​​​នេះ​​​មាន​​​ន័យ​​​ថា​ឯកសារ​នេះ​​​មិន​​​អាច​​​បញ្ចេញ​​​បាន​​​ឡើយ​​​។ ពេល​​​សួរ​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ការ​​​ងារ​​​របស់​​​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​​​​ត្រូវតែ​រារាំង​​​មិន​ឲ្យ​​​​បញ្ចេញ​​​ឯកសារ​​​នេះ​​​ លោក​​​បាន​​​ឆ្លើយ​​​តប​​​ថា “ខ្ញុំ​​​គ្មាន​​​ពេល​​​ពន្យល់​​អស់​​​លោក​​​​ទេ​​​​​​ បើ​​​អស់​​​លោក​​​មិន​​​យល់​​​នោះ​​​”។

លោក អេង ហីុ អ្នក​​​នាំ​​​ពាក្យ​​​ក្រុមការងារ​ពិសេស​​​ថ្មីនេះ​​​បាន​​​លើក​​​ឡើង​​​ថា តាម​​​ពិត​​​ទៅ​​​ក្រុមការងារ​ពិសេស​នេះ​​​​​​បាន​​​រារាំងមិន​ឲ្យមានការបញ្ចេញ​​​​ឯកសារ​​​ទាំងអស់​​​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “យើង​​​មិន​​​អាច​​​បញ្ចេញ​​​ឯកសារ​​​ណា​​​មួយ​​​បាន​​​ទេ​​​ ព្រោះ​​​អ្នក​​​ជំនាញ​​​នៅ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​កំពុង​​​តែ​​​ធ្វើ​​​ការ​​​លើ​​​​ករណី​​​នេះ​​​ ហើយ​​​វា​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​សើុប​​​អង្កេត​​​”។

លោក វ៉ាន់ សុផាត អ្នក​​​សម្រប​​​សម្រួល​​​គម្រោង​​​សិទ្ធិ​​​ដី​​​ធ្លី​​​នៅ​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​របស់​​​លោក​​​នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​នឹង​​​សំណើ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​ខែ​​​មករា​​​របស់​​​ខ្លួន​​​នៅ​​​ឡើយទេ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​ថា ក្រសួង​​​ត្រូវ​​​បាន​​​តម្រូវ​​​ឲ្យ​​​ចេញ​​​ឯកសារ​​​នេះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “នេះ​​​គឺជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​រដ្ឋាភិបាល​​​។ វា​​​គួរ​​​តែ​​​មាន​​​តម្លាភាព​​​​​​ហេតុ​​​ដូច្នេះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​អាច​​​ដឹង​អំពីបញ្ហានេះ​​​​។ ព្រោះ​​​ជា​​​សង្គម​​​មួយ​​​យើង​​​គួរ​​​តែ​​​ដឹង​​​…ដោយ​​​សារ​​​អាច​​​មាន​​​រឿង​​​សម្ងាត់​​​នៅ​​​ពី​​​ក្រោយ​​​”។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​​​​រស់​​​នៅ​​​ជុំ​​​វិញ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ជា​​​រឿយ​​​ៗ​​​តែង​​​តែ​​​ចោទ​​​ប្រកាន់​​​ម្ចាស់​​​ដី​​​សម្បទាន​​​​​​ សេដ្ឋកិច្ច​​​ថា បាន​​​ប្រើ​​​ប្រាស់​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​របស់​​​ខ្លួន​​​ជា​​​កន្លែង​​​​​​លាង​​​ឈើ​​​កាប់​​​ខុស​​​ច្បាប់​​​នៅ​​​ខាង​​​ក្រៅ​​​ព្រំ​​​ប្រទល់​​​របស់​​​ខ្លួន។

លោក​​​ ទ្រី ភាព ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ជា​​​ពិសេស​​​ដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ថា បាន​​​​​​ដឹក​​​ជញ្ជូន​​​​​​ឈើ​​​កាប់​​​ខុស​​​ច្បាប់​​​​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​​​​ឆ្លងកាត់​តាម​​​រយៈ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច និង​​​ដេប៉ូឈើ​​​​​​របស់​​​លោក​​​នៅ​​​ទូទាំង​​​ប្រទេស​​​។ ​​​តំណាង​​​របស់​​​លោក​​​​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​៕ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ អូន ភាព​​​)

The post រដ្ឋាភិបាល​​​​មិនបញ្ចេញ​​​លិខិត​​​ដែល​​​ផ្តល់​​សិទ្ធិ​ឲ្យ​​​​លោក ទ្រី  ភាព​ ប្រមូលឈើ​​​​ appeared first on ខេមបូឌា ដេលី.