គិត​ឲ្យ​ច្បាស់​​​មុន​សម្រេច​ចិត្ត​ទិញ​រថយន្ត​​​លេខ​ដៃ​​ឬ​លេខ​អូតូ​


គិត​ឲ្យ​ច្បាស់​​​មុន​សម្រេច​ចិត្ត​ទិញ​រថយន្ត​​​លេខ​ដៃ​​ឬ​លេខ​អូតូ​

រថយន្ត​រាល់​ថ្ងៃ​មាន​ទាំង​លេខ​ដៃ​និង​លេខ​ស្វ័យ​ប្រវត្តិ  (Manual and Automatic Speed Transmission) ដែល​មាន​ជាមួយ​គុណសម្បត្តិ​និង​គុណវិបត្តិ​​ផ្សេងៗ​គ្នា។ ការ​ប្រើប្រាស់​រថយន្ត​លេខ​ដៃ​ឬ​លេខ​អូតូ គឺ​អាស្រ័យ​ទៅ​លើ​ចំណូល​ចិត្ត​និង​បទ​ពិសោធន៍​ប្រើប្រាស់​រថយន្ត​របស់​អ្នក​បើកបរ។

 

គិត​ឲ្យ​ច្បាស់​​​មុន​សម្រេច​ចិត្ត​ទិញ​រថយន្ត​​​លេខ​ដៃ​​ឬ​លេខ​អូតូ​

 

​ដើម្បី​ស្វែង​យល់​កាន់​តែ​ស៊ី​ជម្រៅ​ពី​ចំណុច​វិជ្ជមាន​និង​ចំណុច​អវិជ្ជមាន​នៃ​ប្រព័ន្ធ​លេខ​ទាំង​ពីរ​មុន​ពេល​សម្រេច​ចិត្ត​ទិញ​ទៅ​ប្រើ គួរ​ស្វែង​យល់​ប៉ុន្មាន​​ចំណុច​ខាង​ក្រោម​​ជា​មុន​​ពី​លោក សុខា អ្នក​គ្រប់គ្រង​ផ្នែក​គ្រឿង​បន្លាស់​ហាង​លក់​រថយន្ត Asia Auto។

 

បើ​តាម​លោក​សុខា ឱ្យ​ដឹង​ថា ចំពោះ​ការ​ប្រើប្រាស់​រថយន្ត​លេខ​ស្វ័យ​ប្រវត្តិ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​ប្រើ​ប្រាស់​លេខ​ដៃ ដោយ​មិន​ចាំ​បាច់​ពិបាក​ត្រូវ​អម​អំប្រាយ៉ា​ពេល​បើកបរ​ឡើយ ព្រោះ​នៅ​ពេល​បើកបរ​ប្រព័ន្ធ​នឹង​ធ្វើ​ការ​សាង​លេខ​ដោយ​ខ្លួន​ឯង​ដែល​កំណត់​ទៅ​តាម​ល្បឿន​រថយន្ត។

 

ប៉ុន្តែ​បើ​និយាយ​ពី​ចំណុច​អវិជ្ជមាន​វិញ លេខ​អូតូ​ស៊ីសាំង​ជាង​​លេខ​ដៃ​ហើយ​​ត្រូវ​ការ​ការ​ថែទាំ​ច្រើន​ជាង​ ព្រោះ​វា​មាន​ប្រព័ន្ធ​ភ្លើង​ច្រើន ​​និង​ត្រូវ​ឧស្សាហ៍​ពិនិត្យ​និង​ដូរ​ប្រេង​ប្រអប់​លេខ​ញឹកញាប់។

 

លោក​​បន្ត​ថា រថយន្ត​លេខ​ដៃ​ច្រើន​តែ​ប្រើប្រាស់​ចំពោះ​ការ​បើកបរ​ផ្លូវ​ឆ្ងាយ។ លេខ​អូតូ​មិន​សូវ​ទាន់​ចិត្ត​ដូច​លេខ​ដៃ​នោះ​ទេ ចំពោះ​លក្ខខណ្ឌ​បើកបរ​មួយ​ចំនួន​ដូច​ជា​ការ​បើក​វ៉ា ខុស​ពី​លេខ​ដៃ​ដែល​​ស្ទុះ​រហ័ស​ទាន់​ចិត្ត។

 

លោក សុខា បន្ថែម​ថា​​យ៉ាង​ណា​មិញ​​​អ្នក​ប្រើ​ប្រាស់​គួរ​តែ​ជ្រើសរើស​ប្រភេទ​​ប្រព័ន្ធ​លេខ​ណាមួយ​ដែល​ខ្លួន​គិត​ថា​ងាយ​ស្រួល​​ប្រើ ដោយ​​​អាស្រ័យ​​លើ​បទ​ពិសោធន៍​​ប្រើប្រាស់​រថយន្ត​​​ផ្ទាល់​ខ្លួន​កន្លង​មក។ លោក​ថា​បើ​អ្នក​បើកបរ​ចង់​​​បាន​រថយន្ត​មាន​ទាំង​ពីរ​​ប្រព័ន្ធ​​អាច​​ជ្រើស​រើស​​រថយន្ត​​​បំពាក់​ដោយ​ប្រព័ន្ធ Tiptronic ដែល​អាច​ឱ្យ​អ្នក​បើកបរ​ប្រើ​លេខ​ដៃ​ក៏​បាន​ឬ​លេខ​អូតូ​ក៏​បាន៕

 

អត្ថបទ៖ ប៉ែត ផាន់និត