ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងត្បូង​កាលពី​ខែមករា​កន្លង​មកនេះ បាន​រង​នូវ​ព្យុះ​បោកបក់​ពី​ការ​ជះ​ឥទ្ធិពល​សកល ចាប់តាំងពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០០៩​មក​ម្ល៉េះ ដែល​ធ្វើ​ឱ្យ​ការ​រើប​ឡើង​វិញ​ត្រូវ​អូស​បន្លាយ ចំ​ពេល​ដែល​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ ធ្វើ​ឲ្យ​តម្រូវការ​សកល​ចុះ​ដុនដាប​ទៅ​តាម​នោះ​ដែរ ។

ការ​នាំ​ចេញ​ក្នុង​មក​រា គឺ​បាន​ធ្លាក់​ចុះ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត ក្នុង​អត្រា​១៨,៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ កាន់តែ​អាក្រក់​ជាង​នេះ​ទៀត វា​បាន​បន្ត​ធ្លាក់​ចុះ​ដល់​១៤,១% នៅ​ខែធ្នូ ពោល​គឺ​អត្រា​នាំ​ចេញ​របស់​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​១៣​ខែ​ជាប់​ៗ​គ្នា​តែ​ម្តង ។ មិនតែប៉ុណ្ណោះ ការ​ធ្លាក់​ចុះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាងគេ​បំផុត បើ​គិត​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០០៩ មក ក្នុង​អត្រា​២០,៩% ។

គួរ​បញ្ជាក់​ដែរ​ថា កូរ៉េ​ខាងត្បូង​បាន​ក្លាយជា​ប្រទេស​នាំ​ចេញ​ធំ​ជាងគេ​ក្នុង​ចំណាត់ថ្នាក់​ទី​៧ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ពាណិជ្ជកម្ម​ខ្លាំង​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​លើ​សកលលោក ។ នេះ​បើ​តាម​របាយការណ៍​ពាណិជ្ជកម្ម​ដែល​បាន​ចុះ​ផ្សាយ​ជា​រៀង​រាល់​ខែ ។

ក្រុម​អ្នកវិភាគ​ឲ្យ​ដឹង​ថា ទិន្នន័យ​ដែល​បង្ហាញ​ថា ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​នេះ​អាច​នឹង​បង្ខំ​ឲ្យ​ធនាគារ​កូរ៉េ​ខាងត្បូង​បន្ធូរបន្ថយ​គោលនយោបាយ​របស់​ខ្លួន​សា​ជា​ថ្មី​ម្តងទៀត ថ្វី​ដ្បិតតែ​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​តូច​ទៀត​នឹង​ពិចារណា​ឡើង​វិញ ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ខាង​ពេល​មុខ​នេះ ។

ប្រធាន​សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន​មូលប័ត្រ Eugene Investment & Securities លោក Lee Sang-jae បាន​មាន​ប្រសាសន៍​ថា ៖ « ការ​នាំ​ចេញ​ធ្លាក់​ចុះ​ខ្សោយ​ដោយសារ​តែ​សេដ្ឋកិច្ច​សកល​ហាក់​មាន​សភាព​ស្ងប់ស្ងាត់ រួម​ទាំង​មានការ​ធ្លាក់​ចុះ​នៃ​ថ្លៃ​ទំនិញ​នាំ​ចេញ​ផង​ដែរ ។ ស្ថានភាព​អាប់អួ​នេះ គឺ​បាន​អូស​បន្លាយពេល​តាំងពី​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០១៥ មក​ម្ល៉េះ » ។

លោក​បន្ថែម​ថា ៖ « ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​ការ​នាំ​ចេញ មាន​ន័យ​ថា ការ​រើប​ឡើង​វិញ​នៃ​ការ​ប្រើប្រាស់​របស់​ប្រជាជន គឺ​ត្រូវការ​ជា​ចាំបាច់ ។ បើ​យើង​សង្កេត​ទៅ​លើ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល វា​អាច​នឹង​ត្រូវការ​បន្ធូរបន្ថយ​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ជា​ថ្មី » ។

តួយ៉ាង អត្រា​ការ​ប្រាក់​របស់​ធនាគារ​គោល​កូរ៉េ​ខាងត្បូង​នា​ពេល​ថ្មី​នេះ​ៗ គឺ​មាន​អត្រា​ទាប​ស្មើនឹង​១,៥% ប៉ុណ្ណោះ ក្រោម​ការ​បន្ធូរបន្ថយ​គោលនយោបាយ​នៅ​ខែមិថុនា ឆ្នាំ​២០១៥ ។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល បាន​បង្ហាញ​ថា ការ​នាំ​ចូល​ក៏​បាន​ធ្លាក់​ចុះ​ដែរ ស្ថិត​ក្នុង​អត្រា​២០,១% បើ​ធៀប​នឹង​ការ​ធ្លាក់​ចុះ​១៩,២% នៅ​ខែធ្នូ ឆ្នាំ​២០១៥ ។ ជាង​នេះ​ទៀត វា​ក៏​បាន​ធ្វើ​ឲ្យ​មាន​ផល​លើស​លើ​ពាណិជ្ជកម្ម​លើ​ទឹកប្រាក់​ប្រមាណ​៧,៥៦​ប៊ី​លាន​ដុល្លារ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ផល​លើស​ទាប​ជាងគេ​បំផុត បើ​គិត​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ មក ។

ក្រុម​អ្នកវិភាគ​រំពឹង​ថា ការ​នាំ​ចេញ​ក្នុង​ខែមករា នឹង​ធ្លាក់​ចុះ​១០,៨% ខណៈ​ដែល​ការ​នាំ​ចូល​អាច​នឹង​ធ្លាក់​ចុះ​១៥,១% ។ ទន្ទឹម​នឹង​នេះ ក្រសួងពាណិជ្ជកម្ម​ក៏​បាន​គាំទ្រ​ដល់​ការ​ព្យាករ​របស់​ក្រុម​អ្នកវិភាគ​ដែរ ដែល​ការ​នាំ​ចេញ​នៅ​ខែមករា បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន ។

សរុប​មក ការ​នាំ​ចេញ​ធ្លាក់​ចុះ​របស់​កូរ៉េ​ខាងត្បូង​ដ៏​គំហុក​នេះ គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​សកល និង​តម្លៃ​ទំនិញ​សំខាន់​ៗ ។ ជាក់ស្តែង តម្លៃ​នាំ​ចេញ​ជា​មធ្យម​ក្នុង​ថ្ងៃ​ប្រតិបត្តិការ​មាន​ទឹកប្រាក់​ចំនួន​១,៦៣​ប៊ី​លាន​ដុល្លារ​នៅ​ខែមករា បើ​ធៀប​នឹង​ខែធ្នូ គឺ​មាន​ទឹកប្រាក់​១,៧៧​ប៊ី​លាន​ដុល្លារ ៕