ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​វៀតណាម បាន​ធ្វើ​កម្មវិធី​ប្រូ​ម៉ូ​សិន​លក់​សំបុត្រ​យន្តហោះ​ដើម្បី​បង្កើន​ការ​ហោះហើរ​របស់​ខ្លួន សម្រាប់​បំពេញ​តម្រូវ​ការ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដែល​នឹង​ខិតចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ។

អគ្គនាយក​ក្រុមហ៊ុន​ទេសចរណ៍ Nam Phuong លោក Phan Manh Tung បាន​ឲ្យ​ដឹង​ថា ៖ « ការ​លក់​សំបុត្រ​យន្តហោះ​ក្នុងស្រុក​នៅ​ឆ្នាំ​នេះ​មាន​ច្រើន​ប្រភេទ គឺ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជ្រើសរើស​របស់​អ្នក​ធ្វើ​ដំណើរ​។ សំបុត្រ​យន្តហោះ​ដែល​ធ្វើការ​ហោះហើរ​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ទៅ​កាន់​បណ្តា​ខេត្ត និង​ក្រុង​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​លក់​ចេញ​ដោយ​ជោគជ័យ ប៉ុន្តែ​ក៏​នៅ​មាន​សំបុត្រ​យន្តហោះ​ថោក​ៗ​ជា​ច្រើន​ទៀត​ដែល​មាន​ជើងហោះហើរ​ទៅ​កាន់​តំបន់​ខាងជើង​ផង​ដែរ » ។

ចំណែក​លោក Nguyen Danh Thang ម្ចាស់​ភ្នាក់ងារ​លក់​សំបុត្រ​យន្តហោះ​នៃ​ក្រុមហ៊ុន Thai Danh ឱ្យ​ដឹង​ថា ៖ « កាលពី​ឆ្នាំ​មុន សំបុត្រ​យន្តហោះ​នៅ​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន គឺ​ស្ទើរតែ​គ្មាន ឬ​គ្មាន​តែ​ម្តង ដែល​ភាគច្រើន​មានការ​ហោះហើរ​ពី​ក្រុង​ហូ​ជី​មិ​ញ​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ក្នុង​ប្រទេស ។ បុ​៉​ន្តែ​នៅ​ឆ្នាំ​នេះ នឹង​មិន​ពិបាក​ទេ ក្នុង​ការ​ស្វែងរក​ទិញ​សំបុត្រ​យន្តហោះ​ទៅ​វិញ​ទៅ​មក​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក » ។

អ្នកតំណាង​មក​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Jetstar Pacific Airlines បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ខ្វះ​សំបុត្រ​យន្តហោះ​នៅ​តាម​ជើងហោះហើរ​មួយ​ចំនួន​ថា ៖ « ទីក្រុង​ហូ​ជី​មិ​ញ និង តំបន់​ជុំវិញ​ទីក្រុង​នេះ​មាន​រមណីយដ្ឋាន​ជា​ច្រើន ក៏​ដូច​ជា​រោងចក្រ​ឧស្សាហកម្ម​ជា​ច្រើន ដែល​មាន​កម្មករ​រាប់​ពាន់​នាក់​ធ្វើ​ចំណាកស្រុក​ពី​តំបន់​ភាគ​ខាងជើង​មក​រស់នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ។ កត្តា​នេះ​ហើយ​ជា​មូលហេតុ​ចម្បង​នៃ​ការ​កើនឡើង​លើ​តម្រូវការ​សំបុត្រ​យន្តហោះ​ពី​តំបន់​ទីក្រុង​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ក្នុង​ប្រទេស​វៀត​ណាម ជា​ពិសេស តំបន់​ភាគ​ខាងជើង​តែ​ម្តង » ។

រីឯ​តំណាង​មក​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air វិញ​បាន​ឲ្យ​ដឹង​ថា ៖ « ក្រុមហ៊ុន​មាន​យន្តហោះ​ប្រតិបត្តិការ​ថ្មី​ៗ​ជា​ច្រើន​ដើម្បី​បង្កើន​ការ​ហោះហើរ​បន្ថែម​ទៀត ។ ក្នុង​នោះ​ដែរ ការ​បង្កើន​ជើងហោះហើរ​នេះ គឺ​មាន​ដល់​ទៅ​៨០០​ជើងហោះហើរ និង​សំបុត្រ​យន្តហោះ​ដែល​ត្រៀម​លក់​ចេញ​មាន​ដល់​ទៅ​១៥០.០០០​សំបុត្រ​ឯណោះ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ » ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បាន​សម្រេចចិត្ត​បង្កើន​ជើងហោះហើរ ៨០០​ជើង​នៅ​ក្នុងស្រុក និង​ជើងហោះហើរ​អន្តរជាតិ​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវ​ការ​ដ៏​ខ្ពស់​របស់​ភ្ញៀវ​ទេសចរ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ មិន​តែ​ប៉ុះ​ណ្ណោះ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​កាត់​បន្ថយថ្លៃ​ហោះហើរ​ផង​ដែរ ។

លោក Phan Manh Tung មាន​ប្រសាសន៍​ថា ៖ « ការ​ទិញ​សំបុត្រ​យន្តហោះ​នា​ពេល​បច្ចុប្បន្ន​នេះ កាន់តែ​មាន​លក្ខណៈ​ងាយស្រួល និង​សន្សំ​សំចៃ​ពេលវេលា គឺ​អាច​ចូល​ទៅ​កាន់​វេ​ប​សាយ​លក់​សំបុត្រ​យន្តហោះ​តែ​ម្តង ។ អតិថិជន​ក៏​អាច​កក់​សំបុត្រ​យន្តហោះ​ទៅ​វិញ​ទៅ​មក​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​បាន​ផង​ដែរ » ។

លើស​ពី​នេះ​ទៀត ដើម្បី​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នា​ឱកាស​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ក្រុមហ៊ុន​អាកាសចរណ៍ Pacific Airlines និង​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​បង្កើន​ចំនួន​បុគ្គលិក​បន្ថែម​ទៀត​ក្នុង​ផ្នែក​បម្រើ​សេវាកម្ម ៕