អន្ដរជាតិ ព្រួយបារម្ភខ្លាំងចំពោះ ការរាលដាលវ៉ីរុស Zika ខណៈទ្វីប អាម៉េរិក កំពុងប្រកាសអាសន្ន

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសថា ជំងឺទារកមានក្បាលតូច និងជំងឺប្រព័ន្ធប្រសាទជាច្រើនករណី ត្រូវបានគេរាយការណ៍ឲ្យដឹងថាកំពុងផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះ ក្នុងប្រទេសប្រេស៊ីល ដែលបញ្ហានេះធ្វើឲ្យអន្ដរជាតិមានការព្រួយបារម្ភជាខ្លាំង។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា សេចក្ដីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក បានកោះហៅកិច្ចប្រជុំបន្ទាន់លើកដំបូងរបស់ខ្លួន ដើម្បីពិភាក្សាជុំវិញការផ្ទុះឡើងនៃវ៉ីរុស Zika នេះ។

មេរោគដែលទើបនឹងកើតថ្មី Zika បានផ្ទុះឡើងនៅតាមបណ្ដាប្រទេសមួយចំនួននៅទ្វីបអាម៉េរិក ជាពិសេសក្នុងប្រទេសប្រេស៊ីលតែនម្ដង ដែលទារកកើតមកមានក្បាលតូចខុសពីធម្មតាជាច្រើននាក់ និងជំងឺប្រព័ន្ធប្រសាទផ្សេងទៀត។

ក្រុមអ្នកជំនាញបានឲ្យដឹងថា វាមិនមែនត្រឹមតែកើតមកមានក្បាលតូចប៉ុណ្ណោះទេ នៅមានការប្រឈមជាច្រើនករណីទៀតដែលគួរឲ្យព្រួយបារម្ភ។ យោងតាមសេចក្ដីរាយការណ៍ចេញផ្សាយកាលពីថ្ងៃ២៩ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងផងដែរថា បណ្ដាលប្រទេសជាច្រើនក្នុងតំបន់នេះ អាចនឹងមានជំងឺឆ្លងរហូតដល់ទៅ ៤លានករណី ដែលបង្កការប៉ះពាល់ខ្លាំង ចំពោះទារកពេលសម្រាល។

គួរបញ្ជាក់ថា មេរោគនេះបណ្ដាលឲ្យទារក ពេលកើតមកគឺមានក្បាលតូចខុសប្រក្រតី មេរោគនេះបានកើនឡើងនៅប្រទេសប្រេស៊ីលពី ១៦៣ករណី ក្នុង ១ឆ្នាំគិតជាមធ្យម ហើយគេសង្ស័យថាមានអ្នកជំងឺជាង ៣.៧១៨ករណី គិតចាប់តាំងពីការផ្ទុះជំងឺនេះមក ថែមទាំងមានទារកចំនួន ៦៨នាក់បានស្លាប់ដោយសារមេរោគនេះ៕