ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

SWOT គឺជា​អ្វី ? គោលការណ៍​គ្រប់គ្រង​ការងារ​ទាំង​រដ្ឋ និង​ឯកជន គឺជា​ការ​ប៉ាន់ស្មាន និង​វិភាគ​ពី​ស្ថានភាព​របស់​អង្គភាព ដើម្បី​កំណត់​យុទ្ធសាស្ត្រ​គ្រប់គ្រង​គឺជា​រឿង​សំខាន់ និង​ចាំបាច់ ព្រោះ​ក្រៅពី​ធ្វើ​ឱ្យ​អ្នកគ្រប់គ្រង​ដឹង​ពី​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ដែល​កើតឡើង​ហើយ​នោះ ការ​វិភាគ​នេះ​ក៏​បាន​កំណត់​ការងារ​ដើម្បី​សម្រេច​តាម​គោលបំណង និង​ទិស​ដៅ​ដែល​គ្រោងទុក ស្រប​តាម​ទ្រឹស្តី​ហៅ​ថា SWOT ជា​ឧបករណ៍​ក្នុង​ការ​ប៉ាន់ស្មាន​ពី​ស្ថានភាព ។

សម្រាប់​ពាណិជ្ជករ​អន​ឡាញ​អាច​មិនសូវ​ស្គាល់​ច្បាស់​ពាក្យ​ថា SWOT ហើយ​អាច​មិនដឹង​ពី​អត្ថន័យ និង​មិនដឹង​ថា យក​ទៅ​ប្រើ​យ៉ាងដូចម្តេច​ជាមួយ​អាជីវកម្ម​អន​ឡាញ ។ ពាក្យ​ថា SWOT គឺជា​យុទ្ធសាស្ត្រ ឬ​វិធីសាស្ត្រ​ទីផ្សារ​មួយ​បែប​ដែល​មាន​អត្ថន័យ​មក​ពី​អក្សរ​កាត់​របស់​ភាសា​អង់គ្លេស​៤​តួ គឺ ៖

-S ឬ Strengths ៖ ជា​ចំណុចខ្លាំង​ទាំងឡាយ​នៅ​ក្នុង​អង្គភាព ដែល​ធ្វើ​ឱ្យ​កើត​នូវ​ភាពរឹងមាំ ដែល​ចំណុចខ្លាំង​នេះ​អាច​យក​ប្រៀប​លើ​គូប្រកួត​ប្រជែង​បាន ។ វា​ជា​គុណ​សម្បត្តិ​​ដែល​កើត​ពី​បរិយាកាស​ជុំវិញ​នៃ​ស្ថាប័ន​ដូច​ជា ចំណុចខ្លាំង​ខាង​ហិរញ្ញវត្ថុ ការ​ផលិត ប្រភព​ធនធាន និង​គុណភាព​ទំនិញ ដែល​អាជីវកម្ម​អន​ឡាញ​ត្រូវ​ប្រើ​ជា​ប្រយោជន៍​​ក្នុង​ការ​កំណត់​យុទ្ធសាស្ត្រ​ទីផ្សារ ។

-W ឬ Weaknesses ៖ ជា​ចំណុចខ្សោយ​នៅ​ក្នុង​អង្គភាព​ដែល​ធ្វើ​ឱ្យ​កើតជា​ភាព​ទន់ខ្សោយ ឬ​ជា​ការ​ចាញ់​ប្រៀប​គូប្រជែង ។ វា​ជា​បញ្ហា ឬ​ភាព​អវិជ្ជមាន​ចេញពី​ផ្ទៃក្នុង ដែល​ពាណិជ្ជករ​អន​ឡាញ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នោះ​ឱ្យ​ខាង​តែ​បាន ។

-O ឬ Opportunities ៖ មាន​ន័យ​ថា ជា​ឱកាស​សំដៅលើ​កត្តា​ផ្សេង​ៗ​នៅ​ខាងក្រៅ​ដែល​រួមចំណែក​ជា​ប្រយោជន៍ ។ ឱកាស​អាច​ជួយ​លើកកម្ពស់​ដល់​ការ​ដឹកនាំ​អាជីវកម្ម​បាន​ដូច​ជា លក្ខខណ្ឌ​សេដ្ឋកិច្ច​ដែល​បង្កើន​ទម្រង់ ។ ភាព​ខុស​គ្នា​រវាង​ចំណុចខ្លាំង និង​ឱកាស​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម គឺជា​កត្តា​ដែល​កើត​ពី​បរិយាកាស​ខាងក្នុង ចំណែក​ឱកាស​គឺជា​លទ្ធផល​ពី​បរិយាកាស​ខាងក្រៅ ។ ពាណិជ្ជករ​អន​ឡាញ​ដែល​ល្អ ត្រូវ​តែ​ស្វែងរក​ឱកាស​ជាប់​ជា​ប្រចាំ ដើម្បី​យក​មក​ប្រើ​ជា​ប្រយោជន៍​សម្រាប់​បង្កើន​ការ​លក់ ។

-T ឬ Threats ៖ ជា​ឧបសគ្គ​ផ្សេង​ៗ​នៅ​ខាងក្រៅ ដែល​រារាំង​ដល់​ការ​ប្រតិបត្តិការ​អាជីវកម្ម ។ វា​ជា​ការ​រឹត​បន្តឹង​កើត​ពី​បរិយាកាស​ខាងក្រៅ ពាណិជ្ជករ​ចាំបាច់​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ឱ្យ​សម​ស្រប និង​ព្យាយាម​លុប​បំបាត់​ឧបសគ្គ​ដែល​កើតឡើង​ឱ្យ​អស់ ។

SWOT គឺជា​យុទ្ធសាស្ត្រ​ទីផ្សារ​៤​ចំណុចរួម​មាន ៖ ចំណុចខ្លាំង គឺជា​ឱកាស​ដ៏​ល្អ​បំផុត​របស់​អាជីវកម្ម​, ចំណុចខ្សោយ ជា​ការ​ចាញ់​ប្រៀប​ខាង​អាជីវកម្ម​, ឱកាស ជា​កត្តា​រួម​ចំណែក​ដល់​ប្រយោជន៍​ក្នុង​ការ​អនុវត្ត​អាជីវកម្ម​បាន​តាម​ផែនការ​ទីផ្សារ​ដែល​កំណត់​ទុក ហើយ​ចំណុច​ចុង​ក្រោយ គឺ​ឧបសគ្គ អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​របស់​អាជីវកម្ម។

នៅ​ពេល​បានដឹង​ពី​អត្ថន័យ​របស់ SWOT គឺជា​អ្វី​ហើយ​នោះ ពាណិជ្ជករ​ក៏​អាចយ​កមក​ប្រើ​ជា​ឧបករណ៍​ក្នុង​ការ​វិភាគ​ស្ថានភាព​សម្រាប់​កំណត់​ផែនការ​ទីផ្សារ​ឱ្យ​សម​ស្រប​ជាមួយ​កត្តា​ទាំង​៤​ខាងលើ​បាន​ផង​ដែរ ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​លោក​អ្នក​ទទួល​បាន​ជោគជ័យ​យូរអង្វែង ៕