ជប៉ុន កំពុងត្រៀមអាវុធកម្ទេចមីស៊ីល ទប់ទលនឹងកូរ៉េខាងជើង

តូក្យូ៖ យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ខ្លួនកំពុងត្រៀមអាវុធកម្ទេចគ្រាប់មីស៊ីល ដើម្បីរារាំង និងទប់ទល់កូរ៉េខាងជើងនៅលើផ្ទៃសមុទ្រ និងដីគោក ខណៈដែលខ្លួនខំព្យាយាមប្រើវិស័យការទូតប្រយោជន៍ដោះស្រាយស្ថានភាពនេះដែរ តែមិនបានសម្រេច។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើងសម្ដីរដ្ឋមន្រ្តីការបរទេសជប៉ុនលោក ហ្វូមីអូ គីស៊ីដា ថ្លែងតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក យុន ប៊ីយ៉ុងសេ បន្ដទៀតថា អ្នកទាំងពីរបានព្រមព្រៀងគ្នាលើកកម្ពសកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាមេរិកផងដែរ ក្រោយមានសញ្ញាដែលថា កូរ៉េខាងជើង មានគម្រោងបាញ់សាកគ្រាប់មីស៊ីលខ្នាតធំបន្ដទៀតនោះ។

យោងតាមក្រសួងការពារជាតិជប៉ុន បានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយនាវាពិឃាត Aegis សម្រាប់កងកម្លាំងការពារប្រទេសរបស់ខ្លួនលើដែនសមុទ្រ ដែលបំពាក់ដោយមីស៊ីល និងប្រព័ន្ធស្ទាក់ចាប់ លើផ្ទៃសមុទ្រ និងនៅជុំវិញនោះ។ គួរបញ្ជាក់ថា កន្លងមកកូរ៉េខាងជើងក៏បានបង្ហើបថា ខ្លួនចង់មានសន្ធិសញ្ញាសន្ដិភាពជាមួយអាមេរិក តែបើមិនមានខ្លួននឹងបន្ដធ្វើតេស្តនុយក្លេអ៊ែរបន្ដទៀត៕