ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​ម្នាក់​ត្រូវ​គេ​ដឹង​ថា ស្រវឹងស្រា​ជោកជាំ​ក៏​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ខ្លាំង រហូត​យក​ច្រវាក់​ដេញ​វាយ​ប្រពន្ធថែមទៀត តែ​ត្រូវ​ប្រពន្ធ​រត់​ចេញពី​កន្លែង​ស្នាក់​នៅទៅ​ដេក​ផ្ទះ​បង​នៅ​ជិត​នោះ តែ​អ្វី​ដែល​ភ្ញាក់ផ្អើល​នោះ គឺ​នៅ​វេលា​ព្រឹក ខណៈ​​ស្ត្រី​ជា​ប្រពន្ធ​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ប្រទះ​ឃើញ​ប្តី​យក​កន្សែងពោះគោ​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ដោយ​មិនដឹង​ថា កើត​ហេតុ​តាំងពី​ពេល​ណា​នោះ​ទេ ។

ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​នួន សុរិយា អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ​មាន ខ្មៅ អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​០១ កុម្ភៈ គេ​ឃើញ​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ស៊ីផឹក​វិញ​ទាំង​ស្រវឹង រួច​ក៏​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ដោយ​គេ​មិនដឹង​ថា មាន​រឿង​អ្វី​នោះ​ទេ ។ ដោយ​ជន​រង​គ្រោះ​រករឿង​វាយ​ប្រពន្ធ និង​វាយ​កម្ទេច​របស់របរ​រាយ​ប៉ាយ​ពេញ ​។ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ខ្លាច​ប្តី​វាយ ក៏​រត់​ទៅ​ដេក​នៅផ្ទះ​បង លុះ​ព្រឹក​ឡើង​ទើប​ភ្ញាក់ផ្អើល​ថា ជន​រង​គ្រោះ​បាន​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។