ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​​១ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​​​មន្ត្រី​ស៊ី​ម៉ាក់​​វិទ្យាស្ថាន​បច្ចេកទេសសកម្មភាព​កម្ចាត់​មីន​ខេត្ត​​​ដែល​បាន​ចូល​រួម​​ជិត​១០០​នាក់ ​។

​លោក ឈឹ​ម សា​រុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​លើក​ឡើង​ថា អ្នកបើកបរ​គ្រប់​រូប ត្រូវ​ចាំ​​ថា ១-​កុំ​ផ្ទុក​មនុស្ស ​ឬ​ទំនិញ​លើស​ចំណុះ ២-​កុំ​បើកបរ​ហួស​ល្បឿន​កំណត់ ៣​-កុំ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ៤-​កុំ​ជែង​បើក​ដោយ​ប្រថុយ​នឹង​គ្រោះថ្នាក់ ​៥​-កុំ​ប្រើ​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ ៦-​កុំ​ប្រមាថ​អាយុជីវិត​អ្នក​ដទៃ ដូចដែល​យើង​មិន​ចង់ឱ្យអ្នក​ដ​ទៃប្រមាថ​អាយុជីវិត​យើង​ដែរ​ ។

យោងតាម​គោលការណ៍​របស់​លោកឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បានជំរុញឱ្យ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​គ្រប់​ខេត្ត​ បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ផ្លូវគោកទៅ​ដល់​សហគមន៍ សាលារៀន វិទ្យាស្ថាន និង​តាម​បណ្តា​រោងចក្រ​សហគ្រាស​នានា និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​​បាន​ទូលំទូលាយ​ ។

ដោយឡែក ​​នៅ​ក្នុង​វិទ្យាស្ថាន​ស៊ី​ម៉ាក់​កម្ពុជា​ខេត្តកំពង់ឆ្នាំង ជា​លើក​ដំបូង​ហើយ​ក្នុង​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជូន​មន្ត្រី​ស៊ី​ម៉ាក់ ក្នុង​គោលបំណង​ឱ្យ​មន្ត្រីស៊ី​ម៉ាក់ ទាំង​អស់​បាន​យល់​ជ្រួតជ្រាប​​ពី​​ច្បាប់​ចរាចរណ៍​ផ្លូវគោក យល់​ពី​ការ​បើកបរ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ការ​យោគយល់​អធ្យាស្រ័យ​ក្នុង​ពេល​បើកបរ ការ​ប្រើប្រាស់​ល្បឿន​ឱ្យ​បាន​សម​ស្រប យល់​ដឹង​ពី​តម្លៃ​នៃ​ជីវិត ​និង​ការ​ស្គាល់​ពី​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ ៕​