ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖ ដោយ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ទាំង​អ្នកមាន​លុយ និង​ក្រីក្រ ​ដែ​ល​មាន​ព្រំ​ដី​នៅ​ជាប់​នឹង​​តំបន់​ជើងភ្នំ ចេះ​តែ​នាំ​គ្នា​កាប់​​ទន្ទ្រានរាន​ព្រៃ​ជីក​កកាយ​យក​ដី​ភ្នំ​លក់ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០២ ​កុម្ភៈ ​២០១៦ នេះ ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ទៅ​ជីក​កកាយ​ដី​ជើងភ្នំ ធ្វើ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​ជុំវិញ​ភ្នំ ការពារ​កុំឱ្យ​​​បន្ត​កាប់​រាន​រំលោភ​​យក​ដី​បន្ត​ទៀត ការ​ជីក​ធ្វើ​ផ្លូវ​ក្រ​វ៉ា​ត់​ជើងភ្នំ​នេះ បាន​ធ្វើ​ឡើង​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​បើ​តាម​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ​កុម្ភៈ ​​២០១៦​ នេះ ថា ក្រោយ​ទទួលបញ្ជា​ពី​លោក​កើត សុធា អភិ​បាល​ខេត្ត​ប៉ៃលិន ខាង​លោក​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ជុំវិញ​ជើងភ្នំ​ខាងលើ ដើម្បី​រៀបចំ​ធ្វើ​ផ្លូវ​ក្រ​វ៉ា​ត់​ជុំវិញ​ភ្នំ ការពារ​តំបន់​អភិរក្ស ចៀសវាង​ប្រជាពលរដ្ឋ​ទាំង​អ្នកមាន អ្នកក្រ ដែល​មាន​ដី​ជាប់​ព្រំ​នឹង​ភ្នំ បន្ត​កាប់​រាន​ព្រៃ​ជីកដី​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ថែម​ទៀត ។

លោក​បន្ត​ទៀត​ថា ជំហាន​ដំបូង​ខាង​មន្ទីរ​ជីក​កកាយ​ដី​ជុំវិញ​​ភ្នំ​ចេញ​សិន បន្ទាប់​មក​ទើប​ធ្វើ​ផ្លូវ ហើយ​បន្ត​ដាំ​ដើមឈើ​នៅ​លើ​ភ្នំ​ដែល​ត្រូវ​ប្រជាពលរដ្ឋ​កាប់​បំផ្លាញ​ឱ្យ​មាន​ឡើង​វិញ ។  ម្យ៉ាងវិញទៀត ខាង​លោក​នឹង​រៀបចំ​កោះហៅ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ភ្នំ​យក​ប្លង់​មក​បង្ហាញ ដើម្បី​ឱ្យ​ដឹង​ព្រំ​ដី​ពិតប្រាកដ​របស់​ខ្លួន ហើយ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​មិន​អនុញ្ញាត​ឱ្យ​ប្រជា​ពល​រដ្ឋ​រំលោភ​យក​ដី​តាមតែ​ចិត្ត​នោះ​ឡើយ ។

ចំណែក​លោក មាស សាវ៉ា​ត មេ​ភូមិ​ផ្សារ​ព្រំ​បាន​ចុះ​ត្រួតពិនិត្យ​និង​ច​ង្កុ​ល​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា បើ​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត មាន​គម្រោង​​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ជើងភ្នំ​ ដើ​ម្បី​ធ្វើ​ក្រ​វ៉ា​ត់​ការពារ​ព្រំ​ដី​ភ្នំ​នោះ ខាង​លោក​ពិតជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ព្រោះ​​រាល់ថ្ងៃ​មាន​ក្រុម​ឈ្មួញ និង​ម្ចាស់​ដី​ តែងតែ​ឃុបឃិត​គ្នា ជីក​កាយ​ដី​លក់​ និង​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​​ស្ទើរ​អស់​ទៅ​ហើយ ដែល​នាំ​ឱ្យ​បាត់បង់​ធនធានធម្មជាតិ ព្រមទាំង​ធ្វើ​ឱ្យ​ខូច​បង់​ភ្នំ​ជា​ច្រើន​ថែម​ទៀត​ផង ។

លោក​បញ្ជាក់​ទៀត​ថា បើ​ខាង​បរិស្ថានជីក​កកាយ​ដី​ភ្នំ​នេះ ​យក​លក់​ឱ្យឈ្មួញ ហើយ​យក​ដី​នេះ​ ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ​នោះ ខាង​​លោក​ពិតជា​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ហើយ​ក៏​រង់ចាំ​មើល​ដំណើរការ​ជីក​កកាយ​ជុំវិញ​ភ្នំ ដើម្បី​ការពារ​បរិស្ថាន​ទាំងនេះ​បន្ត​ទៀត ។